ក្រសួង​អំពាវនាវ​ទៅ​អាជ្ញាធរ​រាជធានី​-ខេត្ត​​សម្រួល​ឱ្យ​ពលរដ្ឋ​ដែល​ជាប់​បម្រាម​ធ្វើ​ដំណើរ​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី២

កម្មការិនីម្នាក់មកទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជូនដល់កម្មករ-កម្មការិនីរោងចក្រ នៅសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រសួងសុខាភិបាលអំពាវនាវទៅអាជ្ញាធរនៅតាមរាជធានី-ខេត្តទាំងអស់ ជួយសម្រួលដល់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី១រួច​ ឱ្យពួកគេបានទៅចាក់ដូសលើកទី២ ដោយសារអ្នកខ្លះកំពុងជាប់បម្រាមគោចររបស់រដ្ឋាភិបាល។

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយ ដើម្បីរាំងខ្ទប់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយទៅខេត្តមួយ រយៈពេល១៤​ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ​ថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានផ្ញើសារជាសំឡេងប្រាប់អ្នកសារព័ត៌មាននៅក្នុងបណ្តាញតេឡេក្រាមនាថ្ងៃនេះថា មានប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់ចាក់វ៉ាក់សាំងដូសទី១រួច​ បានប្រាប់លោកស្រីថា ពួកគេមានបញ្ហាលំបាកនៅពេលដែលបម្រាមគោចររបស់រដ្ឋាភិបាលហាមមិនឱ្យពួកគេធ្វើដំណើរឆ្លងពីរាជធានីទៅខេត្ត ពីខេត្ត ទៅរាជធានី ដែលធ្វើឱ្យពួកគាត់ជួបបញ្ហាប្រឈម ខ្លាចផុតកំណត់ពេលវេលាចាក់វ៉ាក់សាំងសម្រាប់ដូសទី២។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនោះ ពន្យល់ថា វ៉ាក់សាំងប្រភេទស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ចាក់ដូសទី១ ចន្លោះពេលពី១៤ថ្ងៃ ទៅ២៨ថ្ងៃ ត្រូវទៅចាក់ដូសទី២។ ចំណែកការចាក់ដូសទី១ សម្រាប់ប្រភេទថ្នាំ កូហ្វីស្សែល (អាស្ត្រាហ្សេនីកា) គឺមានរយៈពេល៨សប្តាហ៍ ទៅ១២សប្តាហ៍ ត្រូវទៅចាក់ដូសទី២។ លោកស្រីបន្តថា បើសិនជាប្រជាពលរដ្ឋដែលទៅចាក់ដូសទី១ ហើយមិនបានទៅចាក់ដូសទី២ តាមការកំណត់របស់ក្រសួងសុខាភិបាល គឺការចាក់ដូសទី១ នឹងក្លាយទៅជាអសារបង់ទៅវិញ។

ករណីនេះ លោកស្រីអំពាវនាវទៅអភិបាល​នៃគណៈអភិបាលរាជធានី-ខេត្ត ជួយសម្រួលឱ្យប្រជាពលរដ្ឋដែលមានកាតសម្រាប់ចាក់វ៉ាក់សាំងដូសទី២ បង្ហាញទៅសមត្ថកិច្ចជាប់ព្រំប្រទល់ពីរាជធានីទៅខេត្ត ឬពីខេត្តទៅខេត្តមួយផ្សេងទៀត បានទៅចាក់វ៉ាក់សាំងដូសទី២ តាមគោលដៅរបស់ខ្លួន ដើម្បីការពារសុខភាពជូនពួកគេ និងរួមគ្នាកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។

លោកស្រីអំពាវនាវដូច្នេះថា៖ «សូមមេត្តាជួយទៅលើបញ្ហាកង្វល់របស់បងប្អូនប្រជាពលរដ្ឋរបស់យើង នៅលើការដែលគាត់មិនមានការអនុញ្ញាតឱ្យគាត់មកចាក់វ៉ាក់សាំងលើកទី២ នៅទីតាំងដែលគាត់បានចាក់លើកទី១។ ខ្ញុំសុំដាក់ជូនដល់ឯកឧត្តម លោកជំទាវ ដែលជាអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងជាប្រធាន-អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានីខេត្តនេះ សូមមេត្តាចាត់ចែងតាមការគួរ»។

អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា បើសិនជាប្រជាពលរដ្ឋដែលគាត់មានកាតបង្ហាញអាជ្ញាធរ ដើម្បីឡើងមកភ្នំពេញឬចេញពីភ្នំពេញទៅតាមបណ្តលខេត្ត ដើម្បីចាក់វ៉ាក់សាំងដូសទី២ គឺអាជ្ញាធរនឹងអនុញ្ញាតឱ្យពួកគេធ្វើដំណើរបាន ដោយមិនមានការហាមឃាត់នោះទេ។

លោកមានប្រសាសន៍ថា៖ «គាត់ធ្វើដំណើរមកចាក់​វ៉ាក់សាំងរបស់គាត់ បញ្ជាក់ថា ត្រូវដល់​​ថ្ងៃគាត់ចាក់វ៉ាក់សាំង ធម្មតា [អនុគ្រោះ] ហើយ លើកលែងតែថា កាតចាក់វ៉ាក់សាំងគាត់១០ថ្ងៃទៀត ស្រាប់តែគាត់ធ្វើដំណើរមកថ្ងៃហ្នឹង វាមិនឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃតម្រូវការចាំបាច់ វាជាករណីផ្សេង»។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ដែរថា អាជ្ញាធរតែងតែអនុវត្តតាមបម្រាមរដ្ឋាភិបាលនិងក្រសួងសាម៉ី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវចាក់វ៉ាក់សាំងដូសទី២ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត គាំទ្រនឹងការអំពាវនាវរបស់មន្ត្រីសុខាភិបាល​រូបនេះ​ ប៉ុន្តែលោក​បាន​ផ្តល់ជាអនុសាសន៍ថា ជម្រើសល្អជាងនេះ ក្រសួងសុខាភិបាលគួរតែឱ្យប្រជាពលរដ្ឋដែលត្រូវដល់ថ្ងៃចាក់វ៉ាក់សាំងដូសទី២ បានទៅចាក់នៅកន្លែងដែលគាត់កំពុងស្នាក់នៅបច្ចុប្បន្ន ដើម្បីកុំឱ្យបំពានបម្រាមគោចររបស់រដ្ឋាភិបាល ដែលហាមឃាត់មិនឱ្យពលរដ្ឋឆ្លងពីរាជធានីទៅខេត្ត ពីខេត្តទៅរាជធានីនោះ ទើបទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព។

លោកមានប្រសាសន៍ថា៖ «នៅខេត្តណា អាចសម្រួលឱ្យគាត់ចាក់នៅខេត្តហ្នឹង ទៅតាមប្រភេទវ៉ាក់សាំងដែលគាត់បានចាក់ ក៏ជារឿងល្អម្យ៉ាងដែរ! ដែលមិនបាច់ធ្វើដំណើរ ប៉ុន្តែគ្រាន់តែថា ទាក់ទងនឹងទិន្នន័យនៃការចាក់ វាអាស្រ័យទៅលើខាងក្រសួងសុខាភិបាល ព្រោះការចល័តមិនសូវល្អប៉ុន្មានទេ វាស្ថិតនៅក្នុងបម្រាមគោចរ ហើយការចល័តគាត់មិនអាចមកតែម្នាក់ឯងទេ គាត់អាចមានអ្នកជូនមកជាមួយ ការចល័តទៅមកក៏វាមិនសូវល្អដែរ»។

របាយការណ៍ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា រយៈពេល៨ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ គឺក្រុមគ្រូពេទ្យបានចាក់ជូនមន្ត្រីរាជការនិងជនគោលដៅនៅទូទាំងប្រទេស បានជិត៣២ម៉ឺននាក់។

របាយការណ៍ដដែលបង្ហាញថា រយៈពេល៨ថ្ងៃកន្លងទៅនេះ អ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ មានចំនួន៣៣៣ ៦៥៣នាក់ ក្នុងនោះ អ្នកអនុញ្ញាតឱ្យចាក់មានចំនួន៣១៨ ៤៦៧នាក់ និងអ្នកមិនអនុញ្ញាតឱ្យចាក់មានចំនួន១៥ ៨២៦នាក់។

គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងទាំង៣ប្រភេទ (ស៊ីណូហ្វាម អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់) បានចំនួនជាង៦១ម៉ឺននាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ