អភិបាលរាជធានីភ្នំពេញ បានអះអាងថា ពលរដ្ឋដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន៩នាក់ បានបង្ហាញខ្លួនក្រោយពេលបាត់ដំណឹងជាច្រើនថ្ងៃ ហើយអាជ្ញាធរក៏បានបញ្ជូនពួកគេទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺហើយដែរ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃចន្ទនេះ បានដាក់ឱសានវាទរយៈពេល៣ថ្ងៃ ឱ្យអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩នាក់ បង្ហាញខ្លួននិងទៅទទួលការព្យាបាលជាកំហិត បើពុំនោះទេអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់តែម្តង។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ វីអូឌី ឱ្យដឹងល្ងាចនេះថា អ្នកជំងឺកូវីដ-១៩ ចំនួន៩នាក់ដែលអាជ្ញាធរព្រមានចាត់ការតាមច្បាប់នោះបានរកឃើញទាំងអស់ហើយ ខណៈពួកគេមួយចំនួនបានទៅព្យាបាលនៅមន្ទីរពេទ្យ និងខ្លះទៀតរង់ចាំការហៅទូរសព្ទពីក្រសួងសុខាភិបាល។
លោកមានប្រសាសន៍ថា៖ «អ្នកខ្លះ [អ្នកជំងឺកូវីដ-១៩] បានទៅព្យាបាលជំងឺជាមួយគ្រួសារគាត់នៅមន្ទីរពេទ្យហើយស្រេច អ្នកខ្លះក៏គាត់ថាចាំមើលម៉េចបានលេខហ្នឹងអត់ឃើញខលរកគាត់ ឥលូវនេះបានបង្ហាញខ្លួនអស់ហើយទាំងប្រាំបួននាក់។ គាត់អត់មានទៅណាទេ គាត់ដឹងខ្លួនគាត់ អញ្ចឹងដែលគាត់នៅក្នុងផ្ទះរហូត ខ្ញុំបញ្ជូនទៅពេទ្យហើយ[ពេទ្យ]ដាក់នៅណា[បន្តទៀត] អត់ដឹងទេ»។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមេសានេះ បានលើកឡើងថា កន្លងមក អាជ្ញាធរបានជូនដំណឹងនិងអំពាវនាវឱ្យសាច់ញាតិឬអ្នកដែលស្គាល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី៩ ខែមេសា ដើម្បីធ្វើតេស្តនិងទទួលការព្យាបាល។ អាជ្ញាធរថា ក្នុងចំណោមពលរដ្ឋទាំងនោះមានពលរដ្ឋចំនួន៤៧នាក់ហើយបានសហការ ប៉ុន្តែនៅសល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩នាក់ទៀតដែលមិនទាន់បង្ហាញខ្លួននៅឡើយ។
អ្នកដែលមានវិជ្ជមានជំងឺកូវីដ-១៩ ទាំង៩នាក់ដែលអាជ្ញាធរកំពុងស្វែងរកនោះ រួមមាន កម្មករធ្វើការនៅរោងចក្រ ឌីន ហាន ចំនួន៦នាក់ អាជីវករលក់ដូរនៅផ្សារអូរឫស្សី ២នាក់ និងម្នាក់ទៀតមានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្តាល រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកវិជ្ជមានទាំងនោះ ឬអ្នកដែលស្គាល់អ្នកជំងឺ ឱ្យប្រាប់ពួកគេប្រញាប់ទៅបង្ហាញខ្លួននិងទទួលយកការព្យាបាល ក្នុងរយៈពេល៣ថ្ងៃជាកំហិត ដោយរាប់ចាប់ពីថ្ងៃនេះទៅ បើពុំនោះទេនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ក្នុងករណីសាម៉ីជនមិនបានមកបង្ហាញខ្លួន តាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះគឺជាអំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល»។
បើតាមសេចក្តីជូនដំណឹងដដែលឱ្យដឹងទៀតថា អ្នកទាំងនោះអាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ០០០ ០០០រៀល ទៅ ២០ ០០០ ០០០រៀល ហើយនិងផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ប្រសិនបើករណីនេះបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
ទោះជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា នឹងផ្ដល់ការលើកលែងទោស ប្រសិនបើពួកគេបង្ហាញខ្លួនតាមការកំណត់ឱ្យទាន់ពេលវេលា។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បាននិយាយថា ក្នុងស្ថានការណ៍បច្ចុប្បន្ននេះ គឺចាំបាច់តម្រូវឱ្យមានការសហការគ្នានិងការយោគយល់រវាងអាជ្ញាធរនិងប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរក្នុងតំបន់ត្រូវជំរុញនិងផ្សព្វផ្សាយព័ត៌មានអំពីអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ខណៈអ្នកស្រីអះអាងថា ពលរដ្ឋមួយចំនួនអាចនឹងមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយ។
អ្នកស្រីបន្តថា៖ «ក្នុងស្ថានភាពនេះ សួរថា សំខាន់ព័ត៌មានហ្នុងបានឮដល់គាត់អត់! ជួនកាលយើង អ្នកដែលគាត់ពាក់ព័ន្ធហ្នុង មិនដឹងថា គាត់អាចទទួលបានព័ត៌មានក្នុងកម្រិតណា។ យើងដឹងហើយក្នុងស្ថានភាពបច្ចុប្បន្ននេះ ព័ត៌មានជាច្រើនគឺធ្វើតាមបណ្ដាញសង្គម ថាតើពួកគាត់ហ្នឹងជាក្រុមបុគ្គលដែលគាត់ផ្សារភ្ជាប់នឹងបណ្ដាញសង្គមឬយ៉ាងណា។ ទី២ ខ្ញុំគិតថា អាជ្ញាធរនៅតាមមូលដ្ឋានហ្នឹង គួរតែព្យាយាមក្នុងការស្រាវជ្រាវនិងផ្សព្វផ្សាយព័ត៌មានហ្នឹង ដើម្បីឱ្យបានដឹងឮដល់ពួកគាត់ហ្នឹង។ អញ្ចឹងបានខ្ញុំលើកតាំងខាងដើម យើងត្រូវបែងចែកឱ្យដាច់នៃចេតនាផ្ដល់ព័ត៌មានមិនពិត ហើយនិងស្ថានភាពជាក់ស្ដែងដែលផ្ដល់ព័ត៌មានដែលយើងមិនអាចទាក់ទងហ្នឹង»។
ពាក់ព័ន្ធករណីពិន័យនិងផ្ដន្ទាទោសដោយអនុវត្តតាមច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ លោក ង៉ែត សីលា នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានប្រាប់វីអូឌីឱ្យដឹងថា កាលពីព្រឹកមិញនេះ អាជ្ញាធរខេត្តបានអនុវត្តច្បាប់ថ្មីនេះ ដោយដាក់ពិន័យលើបុរសម្នាក់ដែលរត់គេចពីការធ្វើចត្តាឡីស័កចំនួន១លានរៀល។
លោកបន្ថែមថា បុរសនោះឈ្មោះ មឿង សុភន់ មានស្រុកកំណើតនៅខេត្តកណ្ដាល មានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ បានរត់គេចពីការធ្វើចត្តាឡីស័ក មកដល់ខេត្តពោធិ៍សាត់ តែដោយសារលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ទើបមិនមានការប្រឈមដាក់ពន្ធនាគារ៕