ក្រសួងសុខាភិបាល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ចំនួន២៧៧នាក់បន្ថែមទៀត ក្នុងនោះស្លាប់ម្នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង២៧៧នាក់ រួមមាន អ្នករស់នៅរាជធានីភ្នំពេញ ២០៤នាក់ ខេត្តស្វាយរៀង ៤៣នាក់ ខេត្តកណ្ដាល ២៣នាក់ ខេត្តពោធិ៍សាត់ ៣នាក់ ខេត្តតាកែវម្នាក់ ខេត្តព្រៃវែង ២នាក់ និងខេត្តព្រះសីហនុម្នាក់។
ចំណែកសេចក្ដីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀតរបស់ក្រសួង បានឱ្យដឹងទៀតថា ស្ត្រីខ្មែរម្នាក់អាយុ៦១ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាល់ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ខណៈអ្នកជំងឺរូបនេះក៏មានជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ។
ក្រសួងដដែលថា ស្ត្រីរូបនោះរស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
ក្រៅពីរកឃើញអ្នកឆ្លងនិងអ្នកស្លាប់ ក្រសួងថា ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន៦០នាក់បានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឱ្យពួកគេចេញពីមន្ទីរពេទ្យផងដែរ។
បើតាមក្រសួងសុខាភិបាល គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់៣ ៩៨២នាក់ ក្នុងនោះ ស្លាប់ចំនួន៣០នាក់ ខណៈអ្នកឆ្លងទូទាំងប្រទេសសរុប៤ ៥១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ២ ២១២នាក់ និងកំពុងសម្រាកព្យាបាល២ ២៦៨នាក់៕









