VICE​ សោក​ស្តាយ​ចំពោះ​ការ​ផ្សាយ​រូបថត​ជន​រង​គ្រោះ​គុក​​ទួល​ស្លែង​ខុស​ពី​ការ​ពិត​

ការបើកពិព័រណ៌នៅសារមន្ទីរទួលស្លែង ដើម្បីអបអរខួប ៤០ឆ្នាំ នៃការបើកដំណើររបស់ខ្លួន ឆ្នាំ២០១៩។

សារព័ត៌មាន VICE បានបង្ហាញការសោកស្តាយចំពោះការចុះផ្សាយខុសពីការពិតនូវរូបថតជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងមន្ទីរ​ស‑២១ ឬគុកទួលស្លែង ប៉ុន្តែសារព័ត៌មានមួយនេះមិនបាននិយាយសុំទោសចំពោះកំហុសរបស់ខ្លួនឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលចេញនៅថ្ងៃទី១២ ខែមេសានេះ សារព័ត៌មានVICE បានរំឭកថា ​កាលពីថ្ងៃសុក្រសប្តាហ៍មុន ខ្លួនបានចុះផ្សាយ​បទសម្ភាសន៍មួយជាមួយវិចិត្រករជនជាតិអៀកឡង់ លោក Matt Loughrey ទាក់ទងនឹងការកែច្នៃនិងកែពណ៌លើរូបថតជនរងគ្រោះនៃមន្ទីរ​ស‑២១មួយចំនួន ដោយក្នុងអត្ថបទនោះមានភ្ជាប់នូវរូបថតជនរងគ្រោះដែលកែហើយមួយចំនួនផងដែរ។ VICE ទទួលស្គាល់ថា ការកែពណ៌របស់សិល្បកររូបនេះពិតជាធ្វើឱ្យមានការយល់ច្រឡំពីភាពពិតជាក់ស្តែងមែន។

VICE គ្រាន់តែបង្ហាញការសោកស្តាយចំពោះកំហុស ប៉ុន្តែពុំបានប្រើពាក្យសុំអភ័យទោសណាមួយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនឡើយ។

សារព័ត៌មានVICE បានសរសេរថា៖ «អត្ថបទ [នៃបទសម្ភាសន៍] មិនបានបំពេញតាមស្តង់ដារនៃគោលការណ៍​ព័ត៌មានរបស់ VICE ឡើយ ហើយវាក៏ត្រូវបានដកចេញរួចហើយដែរ។ យើងខ្ញុំមានការសោកស្តាយចំពោះកំហុសនេះ ហើយយើងនឹងធ្វើការស៊ើបអង្កេតចំពោះកំហុសនៃដំណើរការកែព័ត៌មានមួយនេះ»។

កាលពីថ្ងៃទី១១ ខែមេសា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានផ្ញើលិខិតជូនដំណឹងមួយទៅកាន់សារព័ត៌មាន VICE ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយថា រូបថតរបស់​វិចិត្រ​ករជនជាតិអៀកឡង់ លោក Matt Loughrey ដែលកែ​ច្នៃ (Edit) រូបថត​ជនរងគ្រោះនៅគុកទួលស្លែង ដោយបានកែប្រែខុសពីរូបភាពដើមទៅជាពណ៌ធម្មជាតិ និងខុសពីស្ថានភាពជាក់ស្តែងក្នុងអំឡុងពេលជនរងគ្រោះរងការគំរាមកំហែងក្នុងរបបខ្មែរក្រហម។

រូបថតជនរងគ្រោះខ្លះមិនត្រឹមតែថែមពណ៌ធម្មជាតិទេ ប៉ុន្តែលោក Matt Loughrey ថែមទាំងច្នៃឱ្យពួកគាត់ញញឹមទៀតផង។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោក ឡុង បុណ្ណាស៊ីរីវត្ថ បានថ្លែងនៅថ្ងៃចន្ទនេះថា ក្រសួងវប្បធម៌ និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មិនអាចទទួលយកបានឡើយចំពោះទង្វើរបស់លោក Matt Loughrey ដែលបានបំពាន​សិទ្ធិនៃការប្រើប្រាស់រូបថតប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ។

លោក​​បានចាត់ទុកករណីនេះថា​ជាការប្រមាថធ្ងន់ធ្ងរ និងមិនអាចទទួលយកបានទេ ​​ចំពោះការសុំទោសដោយត្រឹម​ពាក្យ «សោកស្តាយ» ពីសំណាក់លោក Matt Loughrey និងម្ចាស់គេហទំព័រ The Vice តាមរយៈសារអេឡិចត្រូនិចអ៊ីម៉ែលនោះ។

លោកបានគូសបញ្ជាក់ថា៖ «ខ្លឹមសារនោះ គាត់សរសេរមករាងស្រាល យើងអត់ទទួល! ប៉ុន្តែយើងឱ្យគាត់ដាក់បន្ថែមជាងហ្នឹង ឱ្យសំដៅជនរងគ្រោះ ដល់គ្រួសារជនរងគ្រោះទៀត ដែលគាត់យកទៅហ្នឹង! មិនមែនអត់ដឹងថា ផ្លូវច្បាប់ គាត់អត់បានសុំ គាត់ថាខុសហើយអី តែប៉ុណ្ណឹង! វាអត់អ៊ីចឹងទេ! ព្រោះអាហ្នឹងជារឿងប្រមាថ»។

ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លោក ហង់ និស្ស័យ មានប្រសាសន៍ថា ការប្រើប្រាស់រូបថតកែច្នៃទាំងនោះបានធ្វើឱ្យ​​​ប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ បើទោះបីជាពួកគាត់បានបាត់បង់ជីវិតហើយក៏ដោយ។ ម្យ៉ាងទៀត លោកថា ការប្រើប្រាស់រូបថតរបស់លោក Matt Loughrey គឺធ្វើឡើងដោយមិនមានការអនុញ្ញាតពីសារមន្ទីរ ឬពីក្រសួងនោះឡើយ។

លោកមានប្រសាសន៍ដូច្នេះថា៖ «រូបមួយចំនួន គាត់មិនត្រឹមតែកែពណ៌ទេ គាត់យកទៅដាក់​ទាំងស្នាមញញឹម ហើយទាំងអស់ហ្នឹងហើយ ដែលវាបានប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទីមួយ! ទីពីរ វាប៉ះពាល់ទៅលើភាពពិតនៃប្រវត្តិសាស្ត្ររបស់រូបថត ដូចយើង​ដឹងហើយ រូបថតនៅក្នុងអតីត[មន្ទីរ]ស.២១ហ្នឹង គឺថតក្រោមស្ថានភាពនៃការគំរាមកំហែង ធ្វើទារុណកម្ម មិនមែនថតជាការសប្បាយកម្សាន្តអីនោះទេ។ អ៊ីចឹងអាហ្នឹងហើយវាប៉ះពាល់ដល់តម្លៃជាប្រវត្តិសាស្ត្ររបស់រូបថត»។

បើតាមលោក ហង់ និស្ស័យ បច្ចុប្បន្ន សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានរក្សាទុករូបថតរបស់ជនរងគ្រោះនៃរបបខ្មែរក្រហមប្រមាណជាង ៧ ០០០សន្លឹក ដែលជារូបថតសខ្មៅ និងជារូបថតត្រឹមពាក់កណ្តាលខ្លួន។ លោក​បន្តថា រូបទាំងនោះជារូបថតដែល​ថតឡើងនៅពេលជនរងគ្រោះត្រូវបានគេនាំយកទៅធ្វើទារុណកម្មដើម្បីសួរចម្លើយ។

ម្ចាស់គណី Twitter ឈ្មោះ Lydia ដែលអះអាងថា ជាក្មួយស្រីបង្កើតរបស់ជនរងគ្រោះម្នាក់ដែលត្រូវបានលោក Matt Loughrey កែរូបដើមដែរនោះ បានសរសេរថា ​អ៊ុំប្រុសរបស់នាងឈ្មោះ លាង ប៉ុន្តែត្រូវបានវិចិត្រករជនជាតិអៀកឡង់រូបនោះថាមានឈ្មោះ បូរ៉ា ទៅវិញ។ នាងបន្តថា ក្នុងអត្ថបទនោះ VICE ​ដាក់ថា អ៊ុំប្រុសរបស់នាងជាកសិករ តាមពិតគាត់ជាគ្រូបឋមសិក្សាទៅវិញទេ។ ករណីនេះ នាងយល់ថា ​ប្រហែល​ជាអ៊ុំប្រុសរបស់គាត់កុហកនៅពេលដែលពួកខ្មែរក្រហមចាប់ខ្លួន ឬមកពីលោក Matt Loughrey​ ច្រឡំប្រវត្តិរបស់អ៊ុំប្រុសគាត់ជាមួយអ្នកដទៃ។ Lydia​ ថានាងនិងគ្រួសារបានឃើញរូបថតរបស់អ៊ុំប្រុសនាងនៅពេលដែល​ទៅទស្សនានៅគុកទួលស្លែងនាខែមករា ឆ្នាំ២០២០។

រឿងមួយទៀត ដែល Lydia​ យល់ថា​ជាការប្រឌិត គឺថា លោក Matt Loughrey​ ថាបានទាក់ទងកូនប្រុសរបស់អ៊ុំនាង ប៉ុន្តែនាងថា ជីដូនមួយរបស់នាងក៏បានបាត់បង់ជីវិតទៅតាមអ៊ុំរបស់នាងដែរនាសម័យនោះ។ នាងបានបន្ថែមថា​ ទាំងសារព័ត៌មាន Vice និងលោក Matt Loughrey​ មិនដែលបានទាក់ទងគ្រួសារនាងម្តងណាឡើយ មុនពេលចេញផ្សាយរូបភាព និងអត្ថបទនោះ។

តាម Lydia រហូតមកដល់ល្ងាចថ្ងៃទី១២ ខែមេសានេះ ទាំងសារព័ត៌មានVICE និងលោក Matt Loughrey​ មិនទាន់ទាក់ទងធ្វើការសុំទោសគ្រួសារនាងនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ