ផ្សារ​មួយ​នៅ​ភ្នំពេញ​ និង​ផ្សារ​៨​នៅ​ខេត្ត​បាត់ដំបង​ ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន​

អាជ្ញាធរមូលដ្ឋានដាក់កម្លាំងយាមកាមដោយធ្វើការផ្អាកដំណើរការផ្សារចាស់ បណ្ដោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងកូវីដ-១៩ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា ផ្សារចាស់ដែលស្ថិតនៅក្នុងខណ្ឌដូនពេញ ត្រូវបានបិទជាបណ្តោះអាសន្នចាប់ពីល្ងាចថ្ងៃនេះទៅ ខណៈអាជ្ញាធរខេត្តបាត់ដំបងបាន​ប្រកាសពីការបិទផ្សារចំនួន៨ក្នុង​ខេត្តនេះមួយរយៈដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់​វីអូឌី​ថា ក្រោយពីការបិទផ្សារនេះ អាជ្ញាធរបានយកវត្ថុសំណាករបស់អាជីវករ និងអ្នកដើរផ្សារ​ជាង៤០០នាក់ ទៅធ្វើតេស្តនៅព្រឹកថ្ងៃទី១២ ខែមេសានេះ ក្រោយរកឃើញអាជីវករនៅផ្សារនេះចំនួន៤នាក់បានឆ្លងជំងឺកូវីដ-១៩។

លោកបន្តថា ការបើកផ្សារឡើងវិញនៅពេលណានោះ គឺអាស្រ័យលើស្ថានភាពនៃជំងឺកូវីដ-១៩។

ក្រៅពីផ្សារចាស់នៅរាជធានីភ្នំពេញ ផ្សារចំនួន៨នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ក៏ត្រូវបានប្រកាសបិទផ្នែកខាងក្នុងផ្សារឬតួផ្សារជាបណ្តោះអាសន្នរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ប៉ុន្តែសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃនេះ បានអនុញ្ញាតឱ្យអាជីវករអាចលក់ដូរបាននៅបរិវេណខាងក្រៅផ្សារ។

បើតាមរដ្ឋបាលខេត្ត ផ្សារទាំង៨នោះ រួមមាន ផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សារអប្សរា ផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ