លោក​ សម​ រង្ស៊ី​ អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ចិន​ តែ​លោក​ ហ៊ុន​ សែន​ ថា​ជា​ចេតនា​អាក្រក់​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងចិន ដើម្បីបង្ការ​​​ជំងឺកូវីដ-១៩ នាពេលនេះ ថាជាចេតនាអាក្រក់ជំរុញពលរដ្ឋដណ្តើមគ្នា ខណៈរដ្ឋាភិបាលមិនទាន់មានលទ្ធភាពផ្គត់ផ្គង់បានគ្រប់គ្រាន់នៅឡើយ។

មេដឹកនាំអតីត​បក្សប្រឆាំង លោក សម រង្ស៊ី កាលពីម្សិលមិញ បានអំពាវនាវលើហ្វេសប៊ុករបស់លោក ឱ្យពលរដ្ឋទទួលយកវ៉ាក់សាំ​ង​ដើម្បីបង្ការជំងឺកូវីដ-១៩ ខណៈរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងចិនប្រភេទស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ជូ​ន​កងម្លាំង មន្ត្រីរាជការ និ​ង​អ្នកមានអាទិភាពមួយចំនួនទៀត។

តាមរយៈវីដេអូឃ្លីបជិត៣នាទី លោក សម រង្ស៊ី បានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានវ៉ាក់សាំងណាផ្សេងក្រៅ​ពីវ៉ាក់សាំងចិននោះទេ ដែលករណីនេះ លោក​បានអំពាវនាវដល់​ប្រ​ជាពលរដ្ឋនិងកម្មករគួរទៅទទួលយកវ៉ាក់សាំងនេះ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារគិតមក​ដល់​បច្ចុប្បន្ន មិន​​មានព័ត៌មានណាមួយ​បានផ្សព្វ​ផ្សាយ​​ពីគ្រោះថ្នាក់នៃការ​ចាក់​វ៉ាក់​សាំង​នេះដូច​ពាក្យច​ចាម​អារ៉ាម​ឡើយ។

លោកថា៖ «ប្រសិទ្ធភាពក៏អ៊ីចឹងដែរ បើទោះបីមិនបាន១០០ភាគរយ ដូចវ៉ាក់សាំងអាមេរិកាំង បើវ៉ាក់សាំងចិនមានប្រសិទ្ធភាព៧០ទៅ៨០ភាគរយ […] ក៏យើងអាចទទួលយកបានដែរ ពីព្រោះបើយើងមិនទទួលយកអាហ្នឹង គ្រោះថ្នា​​ក់​ធំណាស់ អត់ការពារយើងអីទាំងអស់ ការពារសូន្យ បើការពារសូន្យ ជំងឺមកដល់ យើងឆ្លង»។

តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារសំឡេងនៅថ្ងៃចន្ទ​នេះ បានចាត់ទុកការលើកឡើង​របស់មេដឹកនាំអតីតបក្សប្រឆាំងនេះ ថាជាសារ​បង្កប់នូវចេតនាអាក្រក់ជំរុញឱ្យពលរដ្ឋទៅដណ្តើមគ្នាចាក់វ៉ាក់សាំង ក្នុងពេលដែលរដ្ឋាភិបាលមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋទាំងអស់។

លោកថា៖ «មុននេះ ខ្លួនវា [លោក សម រង្ស៊ី] ផ្ទាល់ និងមនុស្សរបស់វា វាបែរជាចាត់ទុកថាវ៉ាក់សាំងចិន គឺសម្រាប់យកមកសម្លាប់ប្រជាជន។ ថ្ងៃនេះ វាសរ​សើ​រវ៉ាក់សាំងចិន មិនមែនជាបំណងល្អរបស់វា​ទេ គោលដៅគឺការដណ្តើមវ៉ាក់សាំងរបស់ប្រជាជន ក្នុងពេលដែលយើ​ងមិនមានវ៉ាក់សាំងគ្រប់គ្រាន់»។

លោក​បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពនឹងនរ និងកុំសម្រុកទៅ​កាន់ទីតាំងចាក់វ៉ាក់សាំងទាំងគ្មានការជូនដំណឹងពីអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ដោយលោកថា រដ្ឋាភិបាលនឹងចាក់ជូនតាមលំដាប់អាទិភាពជាបន្តបន្ទាប់តាមលទ្ធភាពនិងចំនួនវ៉ាក់សាំងដែលបានមកដល់។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ចាត់ទុកការចោទប្រកាន់គ្នានេះជាល្បែងនយោបាយ​ចាស់ ដើម្បីយកប្រៀប​ខាងនយោបាយ បើទោះបីកម្ពុជាដើរចូលកាន់តែជ្រៅក្នុងវិបត្តិកូវីដ-១៩ក៏ដោយ។

តែយ៉ាងណា លោក​ជំរុញដល់រដ្ឋាភិបាលបង្កើនការអប់រំដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យ​ពួកគាត់បានយល់​ដឹងពីច្បាប់និងផលប្រយោជន៍នៃការចាក់វ៉ាក់សាំង ជាជាងការចេញវិធានការច្បាប​់តឹងរ៉ឹង និងការដាក់ទោសទណ្ឌទៅលើពលរដ្ឋ។

លោកថា៖ «ការដែលយើងដាក់វិធានការដោយខ្វះការអប់រំបែបនេះ វាស្មើនឹងធ្វើឱ្យទំនុកចិត្តរវាងពលរដ្ឋនិងរដ្ឋាភិបាលកាន់តែមា​ន​គម្លាតឆ្ងាយពីគ្នា»។

អ្នកស្រី អឿង សារី អាយុ៣៧ឆ្នាំ រស់នៅខេត្តកណ្តាល មានមុខរបរជាអ្នកដាំបន្លែ បាននិយាយថា គាត់នៅពុំទាន់បានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩​នៅឡើយ ព្រោះបារម្ភពីកត្តាសុខភាព។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំ ខ្ញុំអត់ទៅដណ្តើមអីទេ! ខ្ញុំនៅរារែក​ ទោះជាមានវ៉ាក់សាំងច្រើនក៏ដោយ នៅធម្មតា មិនទៅខ្វល់អីពីការជំ​រុ​ញ​ មិនជំរុញអីទេ ហើយខ្ញុំមិនសូវស្តាប់មេបក្សៗអីទេ សំខាន់មើលតែជីវភាពខ្លួនឯង»។

អ្នករត់ម៉ូតូកង់បីម្នាក់​នៅរាជធានីភ្នំពេញ លោក ​សុភ័ក្រ អាយុ៤១ឆ្នាំ ប្រាប់ថា នឹង​ទៅទ​ទួលវ៉ាក់សាំងបង្ការជំងឺឆ្លងនេះ នៅពេលដែលគាត់ទទួលបានការជូនដំណឹងពីអាជ្ញាធរ។

លោកថា៖ «ខ្ញុំ បើសិនជាគេប្រាប់ឱ្យទៅចាក់ ខ្ញុំទៅចាក់។ ប៉ុន្តែអាជ្ញាធរឃុំ-សង្កាត់ គេអត់ទាន់ប្រាប់ខ្ញុំថាទៅចាក់ថ្ងៃណាៗ ព្រោះអីចង់​ការពារដែរ ខ្លាចដែរ»។

យុទ្ធនាការចាក់វ៉ាក់សាំងជុំទី២ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១ ខែ​មីនា ឆ្នាំ២០២១ ដែលការ​ចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ជុំទី២នេះ ធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ផ្តោតលើអ្នកមាន​អាទិភាពជាង៧៤​ម៉ឺន​នាក់ (៧៤៥ ០០០នាក់​) ក្នុង​​នោះមាន​ក្រុម​គ្រូពេទ្យ បុគ្គ​លិក មន្ត្រីសុខាភិបាល​ជួរមុខ​ កង​កម្លាំងប្រដាប់អាវុធ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួ​សាររបស់ពួកគេ ជាដើម។

ទោះយ៉ា​ងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ នឹងប​ន្ត​​ចាក់ជូនពលរដ្ឋ មន្ត្រី​រាជការ និងកងម្លាំង ឱ្យ​បានប្រមាណ១០លាននាក់ ក្នុងចំណោមពលរដ្ឋជិត​​១៦លាន​នាក់​ ដោ​យអាចនឹង​​ប្រើពេលរហូតដល់១២ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ