ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺ៣នាក់ទៀតបានស្លាប់ដោយសារវីរុសកូវីដ-១៩ ខណៈរកឃើញអ្នកឆ្លងថ្មីមានចំនួន១៨១នាក់បន្ថែមទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកជំងឺទាំង៣នាក់ដែលស្លាប់ដោយសារវីរុសកូវីដ-១៩ ជាជនជាតិខ្មែរ ក្នុងនោះមានស្ត្រីពីរនាក់និងបុរសម្នាក់។
ក្រសួងបន្តថា ស្ត្រីម្នាក់មានអាយុ៧៩ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយរកឃើញវិជ្ជមានកូវីដ-១៩ និងចូលសម្រាកនៅមន្ទីរពេទ្យកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្នុងស្ថានភាពក្អកនិងហត់ខ្លាំង។
ចំណែកស្ត្រីម្នាក់ទៀតអាយុ៥៩ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែមេសាដែរ ដោយស្ត្រីរូបនេះរកឃើញវិជ្ជមានកូវីដ-១៩ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ជាមួយនឹងស្ថានភាពហត់ដង្ហក់ខ្លាំងផងដែរ។
ក្រសួងបន្តថា ស្ត្រីទាំងពីរនាក់ដែលស្លាប់បណ្ដាលមកពីវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង បណ្ដាលមកពីវីរុសកូវីដ-១៩។
ដោយឡែក បុរសម្នាក់ទៀតបានស្លាប់មុនចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១២ ខែមេសា ដោយករណីសង្ស័យ សពត្រូវបានយកសំណាកទៅធ្វើតេស្ត។ ជាលទ្ធផលបង្ហាញថា បុរសរូបនោះមានវិជ្ជមានកូវីដ-១៩។ បុរសដែលស្លាប់នេះមានអាយុ៥៧ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្រៅពីអ្នកស្លាប់៣នាក់ ក្រសួងសុខាភិបាលក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៨១នាក់បន្ថែមទៀត ក្នុងនោះ អ្នកឆ្លងចំនួន១៧៨នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងចំនួន៣នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ ឱ្យដឹងថា អ្នកជំងឺចំនួន១៧៨នាក់ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ក្នុងនោះនៅខេត្តកណ្ដាល ៣នាក់, សៀមរាប ៤នាក់, ព្រះសីហនុ ៨នាក់, ព្រៃវែង ៦នាក់, ស្វាយរៀង ១៤នាក់, និងភ្នំពេញ ១៤០នាក់ ខណៈអ្នកឆ្លង៣នាក់ទៀត នៅខេត្តក្រចេះ ម្នាក់, ព្រះវិហារ ម្នាក់ និងតាកែវ ម្នាក់។
ដោយឡែក អ្នកជំងឺ៣នាក់មកពីក្រៅប្រទេស ក្នុងនោះពីរនាក់ជាអ្នកដំណើរមកពីប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក ដែលមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា និងម្នាក់ទៀតមកដល់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។
ជាមួយនឹងការប្រកាសរកឃើញថ្មី ក្រសួងបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ចំនួន៤០នាក់បានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។
អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៤ ១៦០នាក់ និងស្លាប់៣៣នាក់ គិតថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ ក្រសួងបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ អ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងប្រទេសសរុបចំនួន៤ ៦៩៦នាក់ ព្យាបាលជាសះស្បើយ២ ២៥២នាក់ និងកំពុងសម្រាកព្យាបាល២ ៤០៦នាក់៕