បុរស​វ័យ​៣៥​ឆ្នាំ​​ម្នាក់​ទៀត​បាន​​ស្លាប់​​ដោយ​​សារ​​ជំងឺ​​កូវីដ-១៩

មន្ទីរពេទ្យខេត្តព្រៃវែង ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង )

បុរសម្នាក់រស់នៅខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត ព្រោះតែ​​វិបត្តិផ្លូវដង្ហើមស្រួចស្រាល់ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បាន​ឱ្យដឹងថា បុរសដែលស្លាប់ដោយសារជំងឺកូវីដ-១៩នោះ មានអាយុ៣៥ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បាន​ស្លាប់នៅម៉ោង៦និង២០នាទីព្រឹកថ្ងៃពុធនេះ។

ក្រសួងបន្តថា អ្នកជំងឺរូបនេះបាន​ទៅព្យាបាលនៅមន្ទីរពេទ្យ​កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ជាមួយនឹងស្ថានភាពឈឺបំពង់ក ក្តៅខ្លួន ហត់ខ្លាំង និងត្រូវបានក្រុមគ្រូពេទ្យ​យកសំណាកទៅវិភាគរកឃើញវិជ្ជមានវីរុស​កូវីដ-១៩។ ដោយសារស្ថានភាពអ្នកជំងឺកាន់តែវិវត្តធ្ងន់ធ្ងរទៅៗ ហើយ​ក្រុមគ្រូពេទ្យ​បានជួយសង្គ្រោះតាមបច្ចេកទេស រួមទាំងការប្រើប្រាស់​ម៉ាស៊ីនជំនួយ​ផ្លូវដង្ហើម​ផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន។

នៅថ្ងៃនេះ ក៏មានជនជាតិបារាំងម្នាក់អាយុ៨៦ឆ្នាំ និងបុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩នេះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកចំនួន​២ របស់ក្រសួងសុខាភិបាល។

របាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ មកដល់​ថ្ងៃម្សិលមិញ​ មាន​អ្នកជំងឺ៣៥នាក់ស្លាប់ ហើយ​​បើគិតករណីអ្នកស្លាប់៣នាក់ថ្មីទៀតនៅថ្ងៃនេះ បានធ្វើឱ្យ​តួលេខអ្នកស្លាប់​កើនដល់​៣៨នាក់ ខណៈចំនួនអ្នកឆ្លង​បានកើនដល់២ ៤៩៧នាក់។

ក្រសួងបន្តថា ចំពោះចំនួនអ្នកឆ្លងសរុបក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានកើនដល់៤ ៨៧៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន២ ២៩០នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន២ ៥៤៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ