ស៊ើប​​អង្កេត​៖ ជំនួញ​កូន​ក្រមុំ​ទៅ​ចិន​នៅ​តែ​មាន​ ខណៈ​សមត្ថ​កិច្ច​ថា​ក្រុម​ឧក្រិដ្ឋ​ជន​មាន​បណ្តាញ​ច្រើន​

ដាណា កំពុងបែរខ្នងបីកូនក្នុងដៃ រៀបរាប់ប្រាប់អ្នកយកព័ត៌មាន VOD ពី រឿងរ៉ាវដែលកើតឡើងលើនាងក្នុងពេលដែលនាងបានប្ដីនៅប្រទេសចិន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ (ហេង វិចិត្រ)

តើថ្ងៃណាទើបចេញផុតនិងមានសេរីភាពដូចគេ?  

នេះ​ជា​សំណេរ​របស់​ស្ត្រី​ខ្មែរ​ម្នាក់ដែល​រស់​នៅ​ក្នុង​ខេត្ត​ក្រចេះ ត្រូវ​បាន​​ចាញ់​បោក​មេ​ខ្យល់​យក​​ទៅ​លក់​នៅ​ប្រទេស​ចិន​​ដែល​បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០។ នាង​ត្រូវ​បាន​មេ​ខ្យល់​បោក​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ទៅ​ឱ្យ​គ្រួសារ​ចិន​មួយ​នៅ​ក្នុង​ខេត្ត​ហឺណាន​។

នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នាង​បាន​សរសេរ​បង្ហោះ​ថា៖ «ខ្ញុំជាប់នៅ​ប្រទេសចិន​ ចាញ់បោក​មេខ្យល់ គ្មានសេរីភាព​ទេ ហើយ​គេបង្ខំ​ឱ្យ​ខ្ញុំយកប្ដីនៅទីនេះ ​គេថាបើខ្ញុំមិនយកប្ដីគេទេ​ គេនឹងយកខ្ញុំទៅលក់ក្នុងហាងស្រីខូច​។ ហើយទូរសព្ទគ្មាន​ស៊ីមប្រើទេ​ ហើយ​ទូរសព្ទ​ក៏ត្រូវកាត់ផ្ដាច់ខ្សែសំឡេងទៀត ​និយាយអត់កើតទេ ​បានតែសសេរ​សូមឱ្យ​ពុកម៉ែបងប្អូន​ជួយស៊ែរ​[ចែករំលែក]ឱ្យ​បាន​ដល់​ខាងបងៗ​សិទ្ធិមនុស្ស និងសម្ដេច ហ៊ុន សែន សូមមេត្តាជួយយកខ្ញុំចេញឱ្យមានសេរីភាពផង។ គេមិនឱ្យខ្ញុំចេញក្រៅផ្ទះ ឬក៏និយាយជាមួយគ្រួសាទេ ខ្ញុំគ្មានសេរីភាពទេ»។

កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២០ ក្មេង​ស្រីខ្មែរ​​ម្នាក់​ទៀត​ដែល​ទើប​តែ​មាន​អាយុ​១៤​ឆ្នាំ​ ត្រូវ​បានចាញ់​បោក​មេខ្យល់​យក​ទៅ​លក់​នៅ​ប្រទេស​ចិន បានរត់​ទៅរកជំនួយពី​ប៉ូលិស​ចិនដែរ។ នាង​បាន​ប្រាប់ ​VOD នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០២១ ថា​ពេល​នេះ​នាង​កំពុង​មាន​ផ្ទៃ​ពោះ​ចំនួន​៤ខែហើយ ដោយ​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​នីតិវិធី​នាំ​នាង​មក​ខ្មែរ​វិញ​ ដោយ​សារ​នាង​មិន​អាច​ទ្រាំទៅ​នឹង​អាកាសធាតុ​នៅ​ និង​ស្ថានភាព​កណ្ដោច​កណ្ដែង​នៅ​ប្រទេស​ចិន​បាន​នោះ​ទេ។

នាង​បាន​និយាយ​ប្រាប់​ VOD តាម​សារអេឡិច​ត្រូនិច​ Messenger ថា៖ «ធ្វើ​យ៉ាង​ម៉េច​ជួយ​ខ្ញុំ​ឱ្យ​បាន​ដល់​ស្ថាន​ទូត​ខ្មែរ​​ក៏បាន​ដែរ​បង! ខ្ញុំ​ចាញ់​រងារ​នៅ​ស្រុក​គេ​មែន​ទែន ខ្ញុំ​ពោះ​កាន់​តែ​ធំ ហូប​ម្ហូប​គេ​នៅ​នេះ​ក៏​អត់​កើត ដៃ​ជើង​ខ្ញុំ​ឡើង​ហើម​អស់​ហើយ»។

បើ​ទោះ​បី​អ្នក​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​បាន​មក​ដល់​កម្ពុជា​វិញ​កាល​ពី​ចុង​ខែ​មករា​ក្ដី តែ​រឿង​រ៉ាវ​នៃ​ការ​ជួញ​ដូរ​កូន​ក្រមុំ​នៅ​មិន​ទាន់​បញ្ចប់​នោះ​ទេ​។

មន្រ្តីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃការអង្គការ Central លោក​ ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា៖ «វា​ពាក់​ព័ន្ធ​នឹង​រឿង​ប្រសិទ្ធភាព។ ចំពោះ​យន្ត​ការគឺ​យើង​អាច​ប្រើប្រាស់​ បាន​យើងមាន​យន្ត​ការ​ គណៈកម្មការ​ប្រឆាំង​ការ​ជួញ​ដូរ​ យើង​មាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​ និងការពារ​អនីតិ​ជន​នៃ​ក្រសួង​មហាផ្ទៃ​ យើង​មាន​ស្ថានទូត​​ ស្ថាន​កុងស៊ុល យើង​មាន​ក្រសួង​ការ​បរទេស​ យើង​មាន​អី​ជា​ដើម​អ៊ី​ចឹង​។ ប៉ុន្ដែ​ប្រសិទ្ធភាព​វា​នៅ​តែ​ជា​សំណួរ​នៅ​ឡើយ​ ថា​តើ​យ៉ាង​ម៉េចបាន​មិន​អស់​ វា​នៅ​តែ​មាន​ហូរ​ហែបែប​នេះ?»

នៅ​មិន​ទាន់​មានឯកសារ​បញ្ជាក់ជាក់​លាក់​ណា​មួយ​​ពី​ការ​ជួញ​ដូរ​មនុស្សទៅ​ធ្វើ​កូន​ក្រមុំ​នៅ​ចិន​ដំបូង​កើត​នៅពេល​ណា​នោះ​ទេ។

លោក​ ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ជួប​ករណីដំបូង​នៅចុង​ឆ្នាំ​​២០១៤ ចូល​២០១៥​​។ ករណី​ដែល​ក្មេង​ស្រី​ខ្មែរ​ម្នាក់​ដែល​ចាញ់​បោក​គេ​ទៅ​ចិន​តាម​រយៈ​មេ​ខ្យល់​ ទៅ​ខ្វាង​ចូវ​! ហើយ​រឿង​ហ្នឹង​គឺ​ជា​រឿង​ដែល​ធ្ងន់ធ្ងរ​ខ្លាំង​មែន​ទែន​ កាល​ណោះ​គាត់​យក​ទៅ​ប្រមាណ​២០នាក់​ជាង។ […] ដែល​ទៅ​ពី​នេះ​ទៅ​ គេ​ថា​ទៅ​រក​ការងារ​ធ្វើ​ទេ តែ​ពេល​ទៅ​ដល់​ស្រុក​ចិន​ គេ​ឱ្យ​គាត់​អង្គុយ​តម្រៀប​ជួរ​ក្នុង​ទូរ​កញ្ចក់​អញ្ចឹង​ណា​! ហើយ​មួយ​សន្ទុះ​ក្រោយ​មក ​មាន​បុរស​ហ្នឹង​មក​តថ្លៃ​អញ្ចឹងទៅ អ៊ីចឹង​វា​បាន​បង្ហាញ​នូវបណ្ដាញ​នៃ​មេ​ខ្យល់​ខាង​នេះ​ទៅ​ខាង​នោះ​ផង​ មេ​ខ្យល់​ខាង​នេះ​រក​ស្រី ហើយ​មេ​ខ្យល់​ខាង​នោះ​រក​ប្រុស​ខ្វះ​ស្រីឬ​ប្រពន្ធ​នោះ ​ឱ្យ​រង់ចាំ​នៅ​ហ្នឹង​​» ។

លោក​បន្ត​ថា​ ចាប់​ពី​ឆ្នាំ​នោះ​ហើយ​ដែល​ករណី​មេខ្យល់​បោក​ក្មេង​ស្រី​យក​ទៅ​ធ្វើ​ជា​កូន​ក្រមុំ​នៅ​ប្រទេសចិន ​ចាប់​ផ្ដើម​មាន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ។

​អនុប្រធាន​អចិន្ត្រៃយ៍គណៈកម្មការ​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស លោក​ស្រី ជូ ប៊ុន​អេង មាន​ប្រសាសន៍​ថាក្នុង​ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​បាន​ចាញ់បោកគេ​ទៅ​លក់ធ្វើ​កូន​ក្រមុំ​នៅ​ចិន​មានប្រមាណ១១៨នាក់ ដែល​ចំនួន​នេះ​មាន​ការកើន​ឡើង​​៧នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ ដែល​មាន១១១នាក់។

គោលនយោបាយកូនមួយរបស់ចិនអាចជាមូលហេតុដែលបុរសចិនត្រូវរកកូនក្រមុំពីក្រៅប្រទេស

នៅ​ឆ្នាំ១៩៧៩​ បក្ស​កុម្មុយនីស្ត​ចិន​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ«​គ្រួសារ​មួយ​កូន​មួយ» ដើម្បី​គ្រប់​គ្រង​ចំនួន​ដ៏​ច្រើន​គំហុក​នៃ​ពលរដ្ឋ​ដែល​មាន​ស្រាប់​ជិត១ពាន់លាន​នាក់ទៅ​ហើយនោះ​។ គោល​នយោបាយ​នេះ​តម្រូវឱ្យ​ប្តី​ប្រពន្ធ​ចិន​មាន​កូន​តែ​ម្នាក់​ប៉ុណ្ណោះ​ អ្នក​ដែល​មាន​កូន​លើស​ពី​មួយ​ត្រូវ​ចាត់​ទុក​ថា​បាន​បំពាន​ច្បាប់​។ គ្រួសារ​ណាដែល​ហ៊ាន​បំពាន​នូវគោល​នយោបាយ ​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ បង្ខំ​ឱ្យ​រំលូតកូន និង​ក្រៀវ ជា​ដើម។ ​

អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេក សុផល មាន​ប្រសាសន៍​ថា៖ «មុន​នឹង​ឆ្នាំ​១៩៧៩ ​ប្រជាជន​ចិន​មាន​ប្រមាណ​៨០០ទៅ​៩០០លាន​នាក់​។ ប៉ុន្ដែ​នៅ​វ័យ​ក្មេង​ជា​មនុស្ស​ដែល​ក្នុង​វ័យ​មួយ​ដែល​មាន​ថាម​ពល​មាន​ការ​ចូល​រួម​ចំណែក​កសាង​ប្រទេសជាតិ​ តែ​ពេល​ហ្នឹង​ប្រជាជន​ច្រើន ហើយ​ចិន​នៅ​ក្រ វា​មាន​ការ​ខ្វះ​ខាតស្បៀង​អាហារ​ ខ្វះ​ខាត​ការឧបត្ថម្ភរបស់​រដ្ឋ​ច្រើន​។ អ៊ីចឹង​តម្រូវ​ឱ្យ​មាន​គោល​នយោបាយ​មួយ​ បន្ថយ​កំណើន​ប្រជាជន​។ អ៊ីចឹង​ពេល​ហ្នឹងឆ្នាំ​១៩៧៩​ តេង ស៊ីវពីង ដាក់​គោល​នយោបាយ​កូន​មួយ​ឡើង​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ថយ​មែន​ តែ​ចិន​គាត់​កាន់​លទ្ធិ​ ខុង​ជឺ ​ដែល​និយម​កូន​ប្រុស​ជាង​កូន​ស្រី។ អ៊ីចឹង​ពលរដ្ឋ​គាត់​ជ្រើសរើស​ការ​បង្កើត​កូន​ប្រុស​»។

គោល​នយោបាយ​កូន​មួយ​របស់​ចិន​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ពោល​គឺ​មាន​រយៈពេល​៣៧ឆ្នាំ។ យោង​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភព​លោក ​ឱ្យ​ដឹង​ថា នៅពេល​នោះ ប្រជាជន​ចិន​មាន​ជាង​១ ៣៧៩លាន​នាក់ ក្នុង​នោះ​បុរស​មាន៧០៧ ៨៨៤ ០៩៧នាក់ និង​ស្ត្រី​មាន​៦៧០ ៧៨០ ៩០៣នាក់ តិចជាង​បុរស​ជាង​១រយលាន​នាក់។

គោល​នយោបាយ​កូនមួយ បូក​រួម​នឹង​ការ​និយម​របស់​ប្រជាជន​ចិន​ទៅ​លើ​បុរស​នេះ ​វា​បាន​បង្កើតអ​តុល្យភាពរវាង​ភេទ​នៅ​ចិន ដែល​ធ្វើឱ្យ​បុរស​នៅពេល​ដែល​ដល់វ័យ​បង្កើត​គ្រួសារ ​ត្រូវ​ប្រជែង​គ្នា​ដើម្បី​រក​ប្រពន្ធ ស្របពេល​ដែល​សេដ្ឋកិច្ច​ប្រទេសចិន​កើន​ឡើង​ផង​នោះ​ លក្ខខណ្ឌ​ក្នុង​ការ​បាន​ប្រពន្ធ​នៅ​ប្រទេស​ចិន​មិន​ងាយ​ស្រួល​នោះ​ទេ។  

លោក​ សេក សុផល មាន​ប្រសាសន៍​ថា៖ «នៅ​ប្រទេស​ចិន​ហ្នឹង​តែ​ម្ដង​ មុន​នឹង​បុរស​អាច​រៀប​ការ​បាន​ គាត់​ត្រូវ​មាន​ផ្ទះ​មាន​ឡាន ដែល​ជា​លក្ខខណ្ឌតម្រូវ​ ដែល​គេ​ថា ​មុន​នឹង​អាច​កសាង​គ្រួសារ​មួយ​បាន ​ត្រូវ​មាន​ផ្ទះ មាន​ឡាន​ ដែល​អាច​ធ្វើ​ឱ្យ​គ្រួសារ​មាន​ស្ថិរភាព​រស់​នៅ​បាន​ អា​ច​មាន​គ្រួសារ​មួយ​មាន​ផ្ទះ​មាន​អី​ត្រឹម​ត្រូវ​អ៊ីចឹង​ទៅ​។ នេះ​មិន​មែន​ជា​លក្ខខណ្ឌដែលជា​លក្ខខណ្ឌផ្លូវ​ការ​មែន​ តែ​វា​ជា​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​សង្គម​ ហើយ​គាត់​ត្រូវ​ស្វះស្វែង​ក្រាញ​ននៀលសន្សំ​លុយ ​ដើម្បី​ទិញ​ឡាន​ និង​ផ្ទះ​ ដើម្បី​មាន​លទ្ធភាព​ទៅ​រក​ប្រពន្ធ​បាន។​ មួយ​ទៀត​ បើសិន​ជាករណី​កូន​ប្រុស​មាន​ដែរ​ តែ​គាត់​សតិ​អត់​គ្រប់​ ក៏​គាត់​មាន​ការ​លំបាក​ក្នុង​ការ​ដណ្ដឹង​ប្រពន្ធ​ដែល​ជា​ជន​ជាតិ​របស់​គាត់​ដែរ​។ អ៊ីចឹង​ការ​ដែល​ដណ្ដឹង​ប្រពន្ធ​មក​ពី​ក្រៅ​ប្រទេស​ ប្រហែល​ជា​អាច​កាត់​បន្ថយ​រឿង​ហ្នឹង​បាន​ អាច​ដោយ​សារ​អ្នក​មក​ពី​ក្រៅ​ គាត់​អត់​ដឹង​អី​អ៊ីចឹង​ទៅ ព្រោះ​គោល​បំណង​របស់​គេ ​គឺ​ជា​ការ​ស្នង​ត្រកូល​តែ​ប៉ុណ្ណោះ»។​

កូនក្រមុំនៅតំបន់ជនបទជាគោលដៅរបស់ក្រុមឧក្រិដ្ឋជន

ក្នុង​ភូមិមួយនាខេត្ត​ក្រចេះ ដាណា ជាឈ្មោះដែលអ្នកសារព័ត៌មានដាក់ឱ្យ បច្ចុប្បន្ន​ អាយុ​២៧​ឆ្នាំ​ មាន​កូន​ម្នាក់​ដែល​ទើប​នឹង​មាន​អាយុ​មិន​ទាន់​បាន​១ខួបនោះ​ទេ។ កូន​នេះ​ជា​​ដំណក់​ឈាម​របស់​ប្ដី​ជន​ជាតិ​ចិន​របស់​គាត់ ​នៅពេល​ដែល​គាត់​ត្រូវ​បាន​គេ​បោក​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៥។

ក្នុង​ឆ្នាំ​២០១៥​ ក្នុង​ពេលដែល​គាត់​ទៅ​រៀន​ផ្នែក​ជាងអ៊ុត​សក់ និង​ធ្វើ​សក់​នៅ​ក្នុង​ខេត្ត​រតនគិរី​ ម្ដាយ​ចុង​របស់​គាត់​បាន​មក​ទាក់ទង​គាត់​ ដើម្បី​ឱ្យ​ទៅ​យកប្ដី​នៅ​ប្រទេស​ចិន​ ដោយ​ថា រៀប​ការ​ជា​មួយ​ប្តី​​នៅ​ប្រទេស​ចិនអាច​ជួយ​ដល់​ក្រុម​គ្រួសារ​បាន។ នៅពេល​ដែល​ទៅ​ដល់​ប្រទេសចិន ​គាត់ត្រូវ​បាន​មេ​ខ្យល់លក់​ទៅ​ឱ្យ​​ប្ដី​ទី​១​របស់​ខ្លួន នៅ​ក្នុង​ខេត្ត​អាង​ហួយ ក្នុង​តម្លៃ​២ ៥០០​ដុល្លារ។ លុះ​ដល់​ឆ្នាំ​២០១៨​ ដោយ​សារ​មិន​អាច​ទ្រាំ​នឹង​អំពើ​ហិង្សា​ និង​មិន​អាច​រស់​នៅ​បាន ​នាងក៏​រត់​ទៅ​រក​មេខ្យល់​ឱ្យ​ជួយ​ចេញ​ពី​ប្ដី​នេះ តែ​ត្រូវ​បាន​បញ្ជូន​ទៅ​លក់​​ឱ្យ​ប្ដី​ទី២​បន្ត​ទៀត។

នៅផ្ទះ​របស់​គេ​មិន​ដូច​ផ្ទះ​របស់​ខ្លួន​ឡើយ រាល់​ថ្ងៃ​ ដាណា ​ត្រូវ​ក្រោក​រៀប​ចំ​ផ្ទះ​សម្បែង និង​ត្រូវ​ដាំ​បន្លែ​នៅ​ចម្ការ ខណៈ​ប្ដី​ក្រោយ​មិន​បាន​ផ្គត់​ផ្គង់​លុយ​កាក់​ដល់​នាង​នោះ​ទេ។ ក្នុង​ឆ្នាំ​២០១៩ នាង​បាន​រត់​ទៅ​ប៉ុស្តិ៍ប៉ូលិស​នៃ​ខេត្ត​អាង​ហួយ​ ដើម្បី​សុំ​ឱ្យ​ប៉ូលិស​ជួយ​បញ្ជូន​មក​កម្ពុជា​វិញ​ ក្រោយ​រស់​នៅ​ជា​មួយ​ប្ដីក្រោយទ្រាំនឹងការ​លំបាក​លែង​បាន។

នាង​បាន​មក​ដល់​កម្ពុជា​វិញ​នៅ​ខែ​តុលា ឆ្នាំ​២០១៩។

ដាណា កំពុងកាន់កូនក្នុងដៃ រៀបរាប់ប្រាប់អ្នកយកព័ត៌មាន VOD ពី រឿងរ៉ាវដែលកើតឡើងលើនាងក្នុងពេលដែលនាងបានប្ដីនៅប្រទេសចិន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ (ហេង វិចិត្រ)

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖ «វា​ជា​សុបិនអាក្រក់ ខក​ខ្លួន​នៃ​ជីវិត​របស់​ខ្ញុំ»​។

ករណីស្រដៀងគ្នានេះ បានកើតឡើងលើក្មេងស្រីដែលទើប​តែ​មាន​អាយុ​១៤​ឆ្នាំម្នាក់ទៀត។ នាងត្រូវ​បាន​គេ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ​ធ្វើ​ជា​ប្រពន្ធ​បុរសជនជាតិចិនម្នាក់កាលពីចុងឆ្នាំ២០២០ ខណៈដែលការរឹតបន្តឹងព្រំដែនកំពុងកើតមានឡើង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ ​ដោយមិនអាចស៊ូទ្រាំនឹងការធ្វើបាបពីប្តីបាន នាងក៏បានសម្រេចចិត្តទៅស្វែងរកជំនួសពីប៉ូលីសចិននៃខេត្តហឺណាន ដែលនៅពេលនោះ​នាង​កំពុង​ពរ​ពោះ​​កូន​អាយុ​៤​ខែ​។​

នាង​បាន​ឱ្យ​ VOD ដឹងតាម​សារ​អេឡិច​ត្រូនិច​ Messenger មុនពេលដែលត្រូវបញ្ជូនមកកម្ពុជាថា អ្នក​ដែល​បញ្ចុះ​បញ្ចូល​នាង​ឱ្យមក​ប្រទេស​ចិន​ គឺ​ជា​ប្រពន្ធ​របស់​បង​ធម៌​នាង​ដែល​បាន​ស្គាល់​គ្នា​ក្នុង​ពេល​ដែល​នាង​រៀន​ថ្នាក់​ទី​៥ នៃសាលា​បឋមសិក្សា​មួយ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។

នាង​បាន​និយាយ​ថា៖ «ដំបូង​ ខ្ញុំ​នៅ​ប៉ោយ​ប៉ែត ហើយ​ខ្ញុំ​មក​ចិន​បាន​ក៏​ដោយ​សារ​បង​ស្រី​ខ្ញុំ [ដែលជា] ប្រពន្ធ​បង​ធម៌​ខ្ញុំ​ គាត់​ពង្វក់ គាត់​លួង​លោម​ថា ម៉ាក់​អ្ហែងកំពុង​ពិបាក ​អ៊ីចឹង​អ្ហែង​ទៅ​ធ្វើ​ការ​នៅ​ចិន​ទៅ។ មួយ​ខែ​បាន​១ពាន់​ដែរ​ គាត់​ថា ​អ៊ីចឹង​៣ទៅ៤​ដង​ ដល់​ពេល​ខ្ញុំ​ទ្រាំ​លែង​បាន ​ខ្ញុំ​ក៏​ទៅ​ជា​មួយ​គាត់​ទៅ»។

ស្រីវីន​ បន្ថែម​ទៀត​ថា៖ «ពេល​ទៅ​ដល់​ចិន​ គេ​ដាក់​ប្ដី​ឱ្យ​ខ្ញុំ​ ដល់​ខ្ញុំ​អត់​យក​ មេ​ខ្យល់​វាយខ្ញុំ​ទៀត។ ដល់​ពេល​បាន​ប្ដី​ៗ​វាយ​ធ្វើ​បាប​»។

ក្នុងភូមិមួយផ្សេងទៀតដែលមាន​ចម្ងាយ​១៣៤​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្រចេះ អ្នក​ស្រី ឃី អាយុ​ជាង​៥០​ឆ្នាំ កំពុង​រង់​ចាំ​កូន​របស់​គាត់​ត្រលប់​ពី​ប្រទេស​ចិន​វិញ។ កូនស្រី​អ្នក​ស្រី​ត្រូវ​បាន​មេ​ខ្យល់​បោក​យក​ទៅ​លក់​នៅប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៩ នៅពេល​​ដែល​កូន​អ្នក​ស្រី​ទៅ​ធ្វើ​ការ​ក្នុង​ខេត្ត​រតនគិរី។

អ្នកស្រី ឃី ខំប្រឹងទប់ទឹកភ្នែកនៅពេលដែលរំឭកពី ការចាកចេញរបស់កូនទៅប្រទេសចិន ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ (ហេង វិចិត្រ)

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖ «អាសូរ​កូន អាណិត​កូនដែរ! វា​ទៅ​ដល់​ភ្នំពេញ​បាន​វា​តេ​មក​ប្រាប់​ថា​វា​ទៅ យើង​ឃាត់​ថា​កុំ​ឱ្យ​ទៅ​ តែ​វា​ថា​វា​ជ្រុល​ទៅ​ហើយ​។ វា​ថា​វា​ទៅ​ហ្នឹង​គ្រាន់​នឹង​អាច​ផ្ញើ​លុយ​ឱ្យ​ម៉ាក់​ឯង​បាន​ធ្វើ​ផ្ទះ​ធ្វើ​សម្បែង​នៅ​ វា​ថា​អ៊ីចឹង​»។

អ្នក​ស្រី​ប្រាប់​ថា ​មេ​ខ្យល់​ពី​ដំបូង​ប្រាប់​ថា ​យក​កូន​គាត់​ទៅ​ដើម្បី​រក​ការងារ​ធ្វើ​ប៉ុណ្ណោះ តែ​នៅពេល​ទៅ​ដល់​បែ​រជា​មេខ្យល់​នៅ​ប្រទេសចិន​ចាប់​ឱ្យ​យក​ប្ដី​នៅ​ទី​នោះ។

អ្នក​ស្រី​បន្ថែម​ថា៖ «ពេល​វា​ទៅ​ហ្នឹង​ មីង​នឹក​វា​ខ្លាំង​មែន​ទែន! នឹក​វា​ពេល​ណា​ មីង​ទន្ទ្រាំជើង​ទន្ទ្រាំដៃខ្លាំង​មែន​ទែន នឹក​តែ​កូន​ហ្នឹង​រហូត​ហ្នឹង​។ ដល់​ពេល​វា​ពិបាក​ វា​ឆាត​មក​យើង​​ហ្នឹង​ អី​មក​យើងៗ ​រឹត​តែ​ណាស់​ទៀត​ហើយ បាយក៏​មិន​នឹក​ទឹក​ក៏​មិន​នឹក​ទៀត​ហើយ​។ ដល់​ពេល​ជ្រួល​ច្របល់ ​គេ​បង្ខំ​ឱ្យ​កូន​ទៅ​យក​ប្ដី​ទៀត ​រឹត​តែ​ពិបាកទៀត។ បើ​យើង​ប្រកែក​មិន​យក ​វា​ថា​ តើ​វា​អាច​យក​យើង​ទៅ​ដាក់​នៅ​ឯណា? បើ​មិន​យក ​គេ​ទុក​ចោល​យើង ហើយ​យើង​មាន​បាយ​ទឹក​ឯណា? យើង​អត់​មាន​លុយ​មួយ​កាក់​មួយ​សេន​ក្នុង​ខ្លួន​ផង អ៊ីចឹង​បាន​ខ្ញុំ​ថា ​កូន​ឯង​យក​ទៅ​ ធ្វើ​យ៉ាង​ម៉េច​ឱ្យ​បាន​រស់​មួយ​រយៈ​ហ្នឹង​ទៅ ម៉ែ​ជួយ​អត់​ទាន់​ទេ​! ម៉ែ​អត់​មាន​លុយ​»។

របាយការណ៍​ស្ដីពី​ការ​ជួញ​ដូរ​មនុស្សឆ្នាំ​២០២០​ របស់​ក្រសួង​ការ​បរទេស​អាមេរិក បាន​ឱ្យ​ដឹង​ថា៖ «នារីនៅតាមជនបទ​ក្នុងចំនួន​ច្រើន ត្រូវបានគេទាក់ទងក្រោមលេសកុហកឱ្យរៀបការជាមួយបុរសចិន។ ពួកគេច្រើនតែជាប់បំណុលរាប់ពាន់ដុល្លារទៅមេខ្យល់ដែល​ជួយរត់ការក្នុងការបានរៀបការនេះ។ បុរសចិនបង្ខំឱ្យពួកគេខ្លះធ្វើការនៅក្នុងរោងចក្រ ឬបង្ខំឱ្យធ្វើជាស្រីពេស្យា ដើម្បី​ដោះ​បំណុល​នេះ។ ស្រ្តីខ្មែរដែលសុខចិត្តពរពោះឱ្យគ្រួសារចិន ងាយរងនឹងការចាប់ឃុំឱ្យនៅមួយកន្លែង និងបម្រើនៅក្នុងផ្ទះដូចជាទាសករ»។

តាម​ការ​សម្ភាសន៍​ជា​មួយ​ជន​រងគ្រោះ​ចំនួន​៣នាក់​ដែល​រស់​នៅ​តំបន់​ផ្សេង​គ្នា​ ដែល​បាន​ចាញ់បោកគេ​យក​ទៅលក់ឱ្យធ្វើជាប្រពន្ធបុរសជនជាតិចិន បាន​ឱ្យ​ដឹង​ថា​ មេខ្យល់​តែងបញ្ចុះ​បញ្ចូល និង​​ប្រមូល​ស្ត្រី​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាលដែលស្ថាន​ភាព​គ្រួសារ​មាន​ការ​លំបាកឱ្យ​ជឿតាម​ខ្លួន​។ ក្រោយ​ពី​យល់​ព្រម​តាម​ការ​បញ្ចុះ​បញ្ចូល​របស់​មេខ្យល់​ហើយ ពួកគេ​ត្រូវ​បញ្ជូន​មក​ភ្នំពេញ ដែល​​ជា​ទីតាំង​ប្រមូល​ផ្ដុំ​ស្ដ្រី​ដែល​មេខ្យល់​ប្រមូល​បាន​ពី​បណ្ដា​ខេត្ត​នានា​ មុន​នឹង​បញ្ជូន​ទៅ​ព្រំ​ដែន​វៀតណាម។

ពួកគេ​ក៏បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មេ​ខ្យល់​នៅ​កម្ពុជា​មាន​ភារកិច្ច​ត្រឹម​ព្រំ​ដែន​វៀតណាម​ប៉ុណ្ណោះ ខណៈ​តពី​ព្រំ​ដែន​វៀតណាម​ទៅ​ជា​ភារកិច្ច​របស់​មេ​ខ្យល់​ដែល​មក​ពី​ចិន​យក​ទៅ​ ដោយ​ជិះ​យន្ត​ហោះ​ពី​ទីក្រុង​ហូជីមិញ ​ទៅ​ចុះ​នៅ​ទី​ក្រុង​ហាណូយ។ តពី​ក្រុង​ហាណូយ ពួកគេ​ត្រូវ​បន្ត​ដំណើរ​ជិះ​ម៉ូតូ ឬ​ឡាន និង​ថ្មើរ​ជើង​ឆ្លង​ព្រំ​ដែន​វៀតណាម​ទៅ​ប្រទេស​ចិន ដោយ​ត្រូវ​ដេកតាម​ភ្នំ ក្នុង​ព្រៃ​ជា​ច្រើ​ន​សប្ដាហ៍ មុន​ទៅ​ដល់​គោល​ដៅ​ដែល​មេ​ខ្យល់​យក​ទៅ​ប្រគល់ឱ្យ​មេ​ខ្យល់​ចុង​ក្រោយ​នៅ​ទី​នោះ។

មេខ្លោងនៃ​ការ​ជួញ​ដូរ​កូន​ក្រមុំជា​នរណា?

​ជន​រងគ្រោះដែល វីអូឌី បានសម្ភាស​ប្រាប់ថា ​មេខ្យល់​នៅ​ប្រទេស​ចិន​ដែល​ជា​ស្ត្រី​ជន​ជាតិ​ខ្មែរ គឺ​ជា​មេខ្លោង​ធំ​បំផុត​នៃ​ការ​នាំ​ស្រ្តីខ្មែរទៅ​លក់​ធ្វើ​ជា​កូន​ក្រមុំ​នៅ​ប្រទេស​ចិននេះ ខណៈ​មន្រ្តីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃការអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា យល់ថា ​គឺ​ជា​បណ្ដាញ​លក់​មនុស្ស​ដែល​មានខ្សែ​​រយៈ​ច្បាស់​លាស់និង​ធំ​ថែម​ទៀត។

លោក​បាន​ប្រៀបធៀបរបៀប​ធ្វើ​ការ​របស់​ក្រុម​ជួញ​ដូរ​មនុស្ស​ទៅ​លក់​នៅ​ចិន​នេះ ​គឺ​ធ្វើ​ដូច​ជា​ក្រុម​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ ឬ​ម៉ាហ្វៀ​​ ដែល​បាន​ន័យ​ថា ​មេដែល​មិន​ដឹង​ថា​ជា​នរណា តែ​មាន​ឥទ្ធិពល​ជា​អ្នក​បញ្ឆោ​ត​មក​ក្រោម ហើយ​អ្នក​ក្រោម​បញ្ឆោ​តមក​អ្នក​ដើរ​រក​ក្មេង​ស្រី​ទៅ​លក់។

​លោក​រក​បាន​ករណី​សិក្សា​មួយ​ដែលអាច​ពិចារណា​បាន​ថា ​មូល​ហេតុ​អ្វី​បាន​ជា​ក្មេង​ស្រី​មាន​អាយុ​ត្រឹម​១៤ទៅ​១៥​ឆ្នាំ​ អាច​មាន​លិខិត​ឆ្លង​ដែន​គ្រប់​អាយុ​ទៅ​រៀប​ការ​នៅ​ចិន​បាន​?

លោក​ថា៖ «មេខ្យល់​ នៅពេល​ដែល​ចរចាបាន​កូន​ស្រី​មួយ​នៃ​គ្រួសារ​ណា​បាន​ទៅ​។ ប្រញាប់​រៀប​ចំ​ឯកសារ​ទៅ​តែ​ម្ដង គឺ​តែ​មួយ​ថ្ងៃ​បាន​ហើយ​ ទាំង​ប៉ាស្ព័រ ទាំង​អត្ដ​សញ្ញាណ​បណ្ណ។ បើ​យើង​គិត​អំពី​នីតិ​វិធី​នៃ​ការ​ធ្វើ​ ទោះ​បី​ក្លែង​បន្លំ​ឯកសារ​មិន​ផ្លូវ​ការ​យ៉ាង​ម៉េច​ក៏​ធ្វើ​មិន​ទាន់​ដែរ! តែ​ហាក់​បី​ដូច​ជា​មាន​ការ​ត្រៀម​ទុក។ ឱ្យ​តែ​រក​បាន​ប៉ុន្មាន​នាក់​មក​ អនីតិជន​ប៉ុន្មាន​នាក់ ​គេ​នឹង​សារ៉េ​ឱ្យ​ហើយ វា​អាច​អ៊ីចឹង​​ បាន​វា​លឿន​។ ហើយ​ជា​ទូ​ទៅ ​ដែល​យើង​សួរ​ហ្នឹង​ គឺ​តែ​មួយ​ថ្ងៃ​ទេ ​គឺ​បាន​ប៉ាស្ព័រហើយ​និង​អត្ត​សញ្ញាណ​បណ្ណ​ អាយុ​១៥​ឆ្នាំ ឡើង​ដល់​អាយុ​១​៨​ឆ្នាំ​។ អ៊ីចឹង​សួរ​ថា ​ដំណើរ​ការ​នៃ​ការ​ចេញ​ឯកសារ​អី​នេះ​! តើ​អ្នក​ណា​ជា​អ្នក​ចេញ​ឱ្យ​?»

មន្រ្តីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃការអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍បន្តថា ការ​អូស​បន្លាយ​ឱ្យ​បញ្ហា​នេះ​នៅ​តែ​កើត​មាន ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ជាតិ ក៏​ដូច​ជា​ពលរដ្ឋ​ដែល​ជា​ជន​រងគ្រោះ​នៅតែ​បន្តកើត​មាន​បន្ត​ទៀត ហើយ​ក៏​ប៉ះពាល់​ដល់​ធនធាន​មនុស្ស និង​ការ​អភិវឌ្ឍ​ជាតិ​កម្ពុជា​ផង​ដែរ។

លោក​ថា៖ «ស្ត្រី​ខ្មែរ​យើង​ដែល​ត្រូវ​បាន​​គេ​ធ្វើ​បាប​អ៊ីចឹង​! ពេលត្រលប់​មក​វិញ សតិ​ស្មារតី​របស់​គាត់​លែង​ក្លាយ​ជា​មនុស្ស​ធម្មតា​ ហើយ​មនុស្ស​ហ្នឹង​ក្លាយ​ជា​បន្ទុក​របស់​ក្រុម​គ្រួសារ​រហូត​ តើ​គាត់​មាន​ពេល​វេលា​ឯណា​ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ​ ហើយគាត់​មាន​ពេល​វេលា​ឯណា​ដើម្បី​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង។ អាហ្នឹង​យើង​មិន​បាច់​និយាយ​អំពី​កេតនសព្ទ​របស់​ប្រទេស​ក្នុង​ឆាក​អន្តរជាតិនិង​តំបន់​ទេ!»

លោក​ឱ្យ​ជា​យោបល់​ថា រដ្ឋាភិបាលគួរ​​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ​បន្ថែម​ជាជាង​ចាប់បាន​មេខ្យល់​ក្នុង​ការ​ជួញ​ដូរ បង្កើន​ការ​ផ្សព្វផ្សាយឱ្យ​ពលរដ្ឋ​បាន​យល់​ដឹង ឬ​អាច​បិទ​មិន​ឱ្យ​បញ្ជូន​មនុស្ស​ទៅ​ចិន​តែ​ម្ដង។ លោក​បន្ថែម​ថា​ ស្រប​គ្នា​នោះ​ មន្ត្រី​តាម​ព្រំ​ដែន​គួរ​បង្កើន​ការ​ត្រួត​ពិនិត្យ​នៅពេល​មាន​មនុស្ស​ឆ្លង​ដែន​ ខណៈ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ចិន ​ក៏​ត្រូវ​បង្កើន​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ទាក់ទង​ និង​ឆ្លើយ​តប​ឱ្យ​មាន​ប្រសិទ្ធភាព​និង​ឆាប់​រហ័ស​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត​ ត្រូវ​​លុប​បំបាត់​អំពើ​ពុក​រលួយ​ឱ្យ​ខាន​តែ​បាន​ ព្រោះ​វា​ជា​ឫស​គល់​នៃ​បញ្ហា​ដែល​បង្ក​ឱ្យ​មាន​រឿង​នេះ​កើត​ឡើង​។

លោក​មាន​ប្រសាសន៍​ថា៖ «បើតាម​របាយ​ការណ៍​របស់​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០២០​ ឃើញ​ដូច​ជា​១៧​អនុសាសន៍ ក្នុង​នោះ​ក៏​មាន​និយាយ​អំពី​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ផង​ដែរ។ អ៊ីចឹង​កាលណា​​មាន​អំពើ​ពុករលួយ​នៅ​ក្នុង​បណ្ដាញ​ទាំង​អស់​ហ្នឹង​ហើយ វា​មិនខុស​អី​អំពី​ ឧទាហរណ៍ ខ្ញុំ​ដើរ​តួនាទី​ជា​អ្នក​ចាប់​ចោរ តែ​ខ្ញុំ​បាន​លុយ​ពី​ចោរប្រចាំ​ខែ រឿង​អី​ខ្ញុំ​ទៅ​ចាប់​ចោរ​ព្រោះ​ចាប់​ចោរ​ ​ខ្ញុំ​នឹង​បាត់​ប្រយោជន៍របស់​ខ្ញុំ​។ អ៊ីចឹងរឿង​អំពើ​ពុក​រលួយ​នេះ ​គឺ​ជាឫស​គល់​រាំង​ស្ទះ​ដំណើរ​ការ​នៃ​ការ​​​លុប​បំបាត់​ក្នុងការ​ជួញដូរ​មនុស្ស​»។

របាយការណ៍​ស្ដីពី​ការ​ជួញ​ដូរ​មនុស្សឆ្នាំ​២០២០​ របស់​ក្រសួង​ការ​បរទេស​អាមេរិក បាន​ចាត់​ថ្នាក់កម្ពុជា​ឱ្យ​​ជាប់​ចំណាត់​ថ្នាក់​លេខ​២​តាមដាន​ ដោយ​សារ​តែ​សហរដ្ឋ​អាមេរិក​មើល​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​គោរព​បាន​ពេញ​លេញ​តាម​បទដ្ឋាន​អប្បបរមា​ក្នុង​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​ទេ។ ក្នុង​របាយការណ៍​នោះ​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​ការ​បង្កើន​ការ​ខិត​ខំ​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស​នោះ​ទេ​បើ​ធៀប​នឹង​របាយការណ៍​មុន។​ លើស​ពី​នេះ​អំពើ​ពុក​រលួយ​បាន​រាំង​ស្ទះ​ដល់​ការងារ​របស់​សមត្ថកិច្ច​ ដំណើរ​ការ​កាត់​ក្ដី​ជន​ល្មើស​ និង​ការ​ផ្ដល់​សេវា​ដល់​ជន​រងគ្រោះ។ ​ការ​ខកខាន​​របស់​រដ្ឋា​ភិបាល ក្នុងការ​បង្កើត​និង​អនុវត្ត​ប្រព័ន្ធ​តាមដាន​ផ្នែកយុត្តិធម៌ឱ្យបាន​គ្រប់​គ្រាន់​ ​ធ្វើឱ្យ​ជន​សង្ស័យ​​​ជាច្រើនគេចខ្លួនមុនសវនាការ ដែលជា​ការនាំ​ឱ្យមាន​ការកាត់​ទោស​កំបាំង​មុខ​ជា​ច្រើន។

​អនុប្រធាន​អចិន្ត្រៃយ៍គណៈកម្មការ​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស លោក​ស្រី ជូ ប៊ុន​អេង មាន​ប្រសាសន៍​ថា ករណី​នៃ​ការជួញ​ដូរ​កូន​ក្រមុំ​នេះ​មាន​ដល់​រាប់​រយ​ករណី ​បើ​គិត​មក​ដល់​ពេល​នេះ។ លោក​ស្រី​បញ្ជាក់​ថា ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​បញ្ហា​នេះ​នៅ​មិន​អាច​បញ្ចប់​បាន​នោះ ​គឺ​ដោយ​សារ​បណ្ដាញ​នៃ​ការ​ជួញ​ដូរ​មនុស្ស​កាន់​តែ​ធំនិង​មាន​បណ្ដាញ​ច្រើន លើស​ពី​នោះ​ទៀត ពួកគេ​មាន​វិធី​សាស្ត្រ​ច្រើន​ក្នុង​ការ​ទាក់ទាញនិង​បំភាន់​ភ្នែក​សមត្ថកិច្ច​។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ពួកនេះ​គឺ​វា​រិះ​រក​មធ្យោបាយ​ទៅ​មុន​រហូត​ រក​គ្រប់វិធី​ អាហ្នឹង​ដែល​យើង​ពិបាក​។ ហើយ​ឥលូវនេះ​ អ្វី​ដែល​សំខាន់​គឺ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​ទូរសព្ទក៏​យើង​មិន​អាច​ឃើញ​មនុស្ស​ ក៏​យើង​ទម្រាំនឹង​រក​តាម​ដាន​ឃើញ​ហ្នឹង​ រឿង​ហ្នឹង​វា​ហួស​។ ឥលូវ​នេះ​ យើង​ដឹង​បាន​តាម​ដែល​ជន​រងគ្រោះ​ហ្នឹង​គាត់​រងគ្រោះ ​ហើយ​បាន​អំពាវ​នាវ​ឱ្យ​យើង​ជួយ។​ ហើយ​ឥលូវនេះ ​ក៏​វា​មាន​រឿង​បន្លំ​ទៅ​ទៀត​ មាន​ការ​ផ្សព្វផ្សាយ​ថា ​រងគ្រោះ​អី​អ៊ីចឹង​ទៅ​ ហើយ​ស្ថាន​ទូត​ឬ​ភ្នាក់​ងារ​យើង​ខំ​តាម​រក​ទៅ​ ទី​បំផុត​គឺ​អត់​មាន​ទេ។ អ៊ីចឹង​បណ្ដាញ​ហ្នឹង​វា​បំពុល ​ធ្វើ​ឱ្យ​សមត្ថកិច្ច​គាត់​រវល់​ខ្លាំង​ណាស់!»

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​​ដែល​ថាមាន​ការ​រក​ឃើញ​ថា ​ក្មេង​ស្រី​ខ្មែរ​អាយុ​ទើប​១៤ទៅ​១៥​ឆ្នាំ ​មាន​លិខិត​ឆ្លង​ដែន​គ្រប់​អាយុ​ទៅ​រៀប​ការ​នៅ​ចិន​បាន​នោះ​ លោក​ស្រី ​ជូ ប៊ុនអេង បាន​បញ្ជាក់​ថា ពុំ​មែន​ជា​ឯកសារ​ស្រប​ច្បាប់​នោះ​ទេ វា​ជា​ការ​ក្លែង​បន្លំ​របស់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស​​ ដែល​មាន​ក្រុម​ការ​ងារ​រៀប​ចំ​ជា​ស្រេច​នូវ​ឯកសារ​ក្លែង​បន្លំទាំង​នោះ​។ លោក​ស្រី​បញ្ជាក់​ថា ពេល​ខ្លះ ​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​គេ​នាំ​ទៅ​លក់​នៅ​ចិន ​ត្រូវ​កាន់វីសា​ចេញ​ពី​ប្រទេស​វៀតណាម ឬ​ប្រទេស​ភូមា ដែល​អាច​បញ្ជាក់​បាន​ថា​ បណ្ដាញ​នៃការ​ជួញ​ដូរ​នេះ​មាន​ស្ទើ​រគ្រប់​ប្រទេស ហើយ​ថែម​ទាំង​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ថែម​ទៀត​។

លោក​ស្រី​លើក​ឡើងថា៖ «អត់​មាន​រឿង​ចេញ​លិខិត​ឆ្លង​ដែន​ឱ្យ​គាត់​ទេ។ រឿង​ដែល​សំខាន់​គឺ​ជា​ការ​ក្លែង​បន្លំ​ ដោយ​សារ​ពេល​ទៅ​ហ្នឹង​គាត់​បាន​ប្រាប់​ហើយ​ថា គាត់​ទៅ​ហ្នឹង​មិន​មែន​ចូល​តាម​ច្រក​ផង​ហ្នឹង​។ មាន​បណ្ដាញ​ចាំ​ទទួល​បន្ត​ដៃ ព្រោះ​ព្រំ​ដែន​អន្តរជាតិ​យើង​ហ្នឹង​វា​ងាយ​ស្រួល​ណាស់! ព្រំ​ដែន​អន្តរជាតិ​របស់​យើង​តែ​ប៉ុន្មាន​ម៉ែត្រ​៤​ជ្រុង​ហ្នឹង​។ ចុះ​ហួសពី​ហ្នឹង​គាត់​ចេញ​[រឿងអី]មិន​រួច​»។

លោក​ស្រី​បាន​ចាត់ទុក​បណ្ដាញ​នៃ​ការ​ជួញ​ដូរ​មនុស្ស​នេះ ​ដូច​ទៅ​នឹង​បណ្ដាញ​នៃ​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​ដូច្នោះ​ដែរ ដូច្នេះ​ហើយ​ការ​លុបបំបាត់​បណ្ដាញ​នេះ ​គឺ​ត្រូវ​ការ​ការ​សហការ​ពី​ប្រទេស​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ផង​ដែរ។

ពេលណាទើបការជួញដូរកូនក្រមុំទៅចិនត្រូវបញ្ចប់

ប្រទេស​ចិន​ទើប​តែ​អនុញ្ញាតឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បង្កើត​កូន​លើស​ពី​មួយ​កាល​ពី​ឆ្នាំ​២០១៦ បន្ទាប់​ពី​បញ្ចប់​គោល​នយោបាយកូន​១​ ដែល​មាន​រយៈ​ពេល​៣៧​ឆ្នាំ​របស់​ខ្លួន​។ ទោះ​ជា​យ៉ាង​ណា ​បញ្ហា​អតុល្យភាព​ភេទ​នៅ​ក្នុង​ប្រទេស​ចិន​នៅ​តែ​កើត​មាន​ដដែល​រហូត​មក​ដល់​ពេល​នេះ ដែល​វា​ត្រូវ​ការ​ពេល​យូរ​ថែម​ទៀត​ដើម្បី​ដោះស្រាយ​។

ក្នុង​អត្ថបទ​មួយ​របស់​គេ​ហទំព័រ Global Times ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២០ នាយក​មជ្ឈមណ្ឌល​សិក្សា​ប្រជា​សាស្ត្រ និង​គោល​នយោបាយ​អភិវឌ្ឍន៍​នៃ​សាកល​វិទ្យាល័យ​ហ្វូដាន របស់​ប្រទេស​ចិន​ លោក ប៉េង ស៊ីហ្សេ (Peng Xizhe) បាន​លើក​ឡើងថា ​ប្រទេស​ចិន​ត្រូវ​ការ​ពេល​ពី​៥០ទៅ​៦០​ឆ្នាំ​ទៀត ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​អតុល្យភាព​ភេទ​ក្នុង​ប្រទេ​សខ្លួន​។

ដូច្នេះ តើ​មាន​កូន​ក្រមុំ​ប៉ុន្មាន​នាក់​ទៀត​ដែល​ត្រូវ​ជួញ​ដូរ​ទៅ​ចិន​ក្នុង​អំឡុង​ពេល​៥០ទៅ​៦០​ឆ្នាំនេះ ហើយ​តើ​រដ្ឋាភិបាលនៃ​ប្រទេស​ពាក់ព័ន្ធ​គួរ​ឆ្លើយ​តប​បែប​ណា?​

ក្នុង​នាម​ជា​ជន​រងគ្រោះ​ម្នាក់​ដែល​ចាញ់​បោក​ទៅ​ប្រទេស​ចិន​ ដាណា ​បាន​ផ្ដាំ​ថា៖ «ខ្ញុំ​ចង់​ផ្ដាំ​ដល់​អ្នក​ជំនាន់​ក្រោយ​ បើ​ដឹង​ហើយ​សុំ​កុំ​ប្រាថ្នា​ទៅ​ប្រទេស​គេ​អី។ ខ្ញុំ​ជួប​ច្រើននាក់​ហើយ​នៅ​ចិន ត្រូវ​បាន​គេ​វាយ​ដំ​ ខ្ញុំ​ឃើញ​ ខ្ញុំ​ស្រក់​ទឹក​ភ្នែក! អញ្ចឹង​ហើយ​សូម​កុំ​ចង់​ទៅ​អី»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ