បុរសម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់ជិត៤០នាក់។
ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃនេះថា បុរសដែលស្លាប់នោះមានអាយុ៥៨ឆ្នាំ រស់នៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រសួងបន្តថា បុរសរូបនោះបានចូលមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨កន្លះព្រឹក ដោយមានអាការហត់ដង្ហក់ពិបាកដកដង្ហើម។
ក្រសួងបន្តទៀតថា នៅពេលទៅដល់មន្ទីរពេទ្យ ដោយឃើញរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩ គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់បានដាក់បុរសរូបនោះនៅក្នុងបន្ទប់ដោយឡែក ហើយបានរៀបចំស្លៀកសម្លៀកបំពាក់ការពារវីរុសកូវីដ-១៩ ដើម្បីចូលទៅសង្គ្រោះ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរ បុរសនោះក៏បានស្លាប់នៅម៉ោង៩និង២០នាទីព្រឹក។
ដោយមានសញ្ញាសង្ស័យជំងឺកូវីដ-១៩ ក្រសួងថា ក្រុមគ្រូពេទ្យបានយកសំណាកបុរសរូបនោះទៅពិនិត្យនៅថ្ងៃដដែលនោះ ហើយលទ្ធផលបញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩។
នៅថ្ងៃនេះដែរ ក៏មានជនជាតិបារាំងម្នាក់ អាយុ៨៦ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ មុនពេលទៅដល់មន្ទីរពេទ្យជោរៃ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
របាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ មកដល់ថ្ងៃម្សិលមិញ មានអ្នកជំងឺ៣៥នាក់ស្លាប់ ហើយបើគិតករណីអ្នកស្លាប់២នាក់ថ្មីទៀតបានធ្វើឱ្យតួលេខកើន៣៧នាក់ ខណៈចំនួនអ្នកឆ្លងបានកើនដល់២ ៤៩៧នាក់។
ក្រសួងបន្តថា ចំពោះចំនួនអ្នកឆ្លងសរុបក្នុងរយៈពេលជាង១ឆ្នាំមកនេះបានកើនដល់៤ ៨៧៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន២ ២៩០នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន២ ៥៤៤នាក់៕