រដ្ឋា​ភិបាល​​សម្រេច​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​​រាជ​​ធានី​ភ្នំពេញ​ និង​​ក្រុង​​តាខ្មៅ​ រយៈ​​​ពេល​​១៤​​ថ្ងៃ​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលបានប្រកាសជាផ្លូវការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសានេះ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

សេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានលើកឡើងថា ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលនេះ ធ្វើឡើងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលបន្តថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការនេះ បុគ្គលគ្រប់រូប​ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅដ្ឋានឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនប្រសិន​បើគ្មានការចាំបាច់។

ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋានឬទីសំណាក់ អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់មួយចំនួនដូចជា ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម​មួយចំនួន ដោយមានភ្ជាប់ឯកសារបញ្ជាក់ពីការងារ មុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ ឬអាជ្ញាធរដែនដីដែលនៅទីតាំងជិតបំផុត, ការធ្វើដំណើរទៅកន្លែងលក់ម្ហូបអាហារឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យ​បើកដំណើរការដោយអាជ្ញាធរ ប៉ុន្តែការធ្វើដំណើរនោះអាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន២នាក់ក្នុងមួយលំនៅឋាន និងមិន​ឱ្យលើសពី៣ដងក្នុងមួយសប្តាហ៍ ក្នុងភូមិសាស្ត្រក្រុងឬខណ្ឌដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួននូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណសម្គាល់ខ្លួន។

សេចក្តីសម្រេចបន្តទៀតថា ការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់ ក៏ត្រូវបានអនុញ្ញាតពីអាជ្ញាធរ ប៉ុន្តែមិនឱ្យលើសពី៤នាក់សម្រាប់ករណីនីមួយៗ និងត្រូវអនុវត្តដាច់ខាតនូវវិធានការសុវត្ថិភាព។

ចំណែកការធ្វើដំណើរទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាល​ធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩, ការធ្វើដំណើរដើម្បីចូលរួមសកម្មភាពដែលបម្រើផល​ប្រយោជន៍សាធារណៈ, ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលដែលមិនលើសពី២នាក់, ការធ្វើដំណើររបស់មន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ រួមនឹងអ្នកសារព័ត៌មាន​ ក៏ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរ ប៉ុន្តែត្រូវភ្ជាប់នូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិងការងារ។

ការធ្វើដំណើរចេញ-ចូលតំបន់បិទខ្ទប់តាមផ្លូវអាកាស និងការធ្វើដំណើរដោយមូលហេតុចាំបាច់​ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុន​ពីអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់ និងគោរពតាមបទប្បញត្តិនិងវិធានការសុខាភិបាល។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលបាន​បញ្ជាក់ទៀតថា វិធានការបិទខ្ទប់នេះត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ លើកលែងតែសកម្មភាពការងាររបស់ស្ថាប័នសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិត​ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ រួមទាំងទីសត្តឃាត។

ចំពោះសកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការងារឬអាជីវកម្ម​ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ ការផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជា ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារឬទីតាំងលក់ដូរគ្រឿងឧបភោគបរិភោគ ផ្សារម៉ាត ភោជ​នីយដ្ឋាន-អាហារដ្ឋានដែលលក់អាហារវេចខ្ចប់ ស្ថានីយប្រេងឥន្ធនៈ-ហ្គាស ឬទីតាំងផ្គត់ផ្គង់ទំនិញ​ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀត ក៏ត្រូវបានអនុញ្ញាតឱ្យ​ដំណើរការ ប៉ុន្តែត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ក្រៅពីនោះ រដ្ឋាភិបាលក៏អនុញ្ញាតចំពោះសកម្មភាពការងារឬអាជីវកម្ម​មួយចំនួនទៀតដូចជា ការផ្គត់ផ្គង់សេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាលនិងឱសថស្ថាន សេវាប្រៃសណីយ៍-ទូរគមនាគមន៍ សេវាធនាគារ​និងហិរញ្ញវត្ថុ សេវាសណ្ឋាគារនិងផ្ទះសំណាក់ សេវាដឹកជញ្ជូនទំនិញចាំបាច់ សេវាកម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ដើម្បីបម្រើវិស័យសង្គម-សេដ្ឋកិច្ចនៃប្រទេស និងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរ។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលបានបន្តទៀតថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ត្រូវហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សច្រើន ប៉ុន្តែអាចលើកលែងសម្រាប់ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ការរៀបចំពិធីបុណ្យសព ការប្រមូលផ្តុំរបស់បុគ្គលិកសុខាភិបាល ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល​គ្រប់​លំដាប់​ថ្នាក់​ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ​សាធារណៈ។

រាល់ការធ្វើដំណើរដែលត្រូវបាន​អនុញ្ញាតនេះ មិនត្រូវធ្វើឡើងនៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥​ភ្លឺ លើកលែងតែការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់​ មូលហេតុចាំបាច់និងបន្ទាន់​ក្នុងគ្រួសារ​ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ ការធ្វើដំណើរទៅនិងមកពីកន្លែងការងារក្នុងសហគ្រាស គ្រឹះស្ថាន ឬទីតាំងអាជីវកម្មដែលត្រូវបានលើកលែងឱ្យបើកដំណើរការ និងករណីចាំបាច់ដទៃទៀតដែលមានការអនុញ្ញាត​ពីអាជ្ញាធរ។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលក៏បាន​សម្រេច​បង្កើតគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់នេះផងដែរ ដោយមានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​ប្រធាន និងមានអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិក សរុបចំនួន១៩នាក់។

គណៈកម្មការជាតិនេះមានភារកិច្ចដាក់ចេញនូវវិធានការលម្អិតនានា សំដៅធានាដល់​ប្រសិទ្ធភាពនៃការអនុវត្តវិធានការបិទខ្ទប់ និងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងដែនដីដែលត្រូវបានបិទខ្ទប់ ក៏ដូចជាទប់ស្កាត់ជំងឺនេះមិនឱ្យរាលដាលទៅតំបន់ផ្សេងទៀត រួមទាំងការដាក់ចេញនូវគោលនយោបាយនិងវិធានការ ដើម្បីគាំពារនិងជួយសង្គ្រោះដល់ជនក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងពេលបិទខ្ទប់។

ស្របពេលគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការថ្លែងសារពិសេស​នៅយប់ថ្ងៃទី១៤ ខែមេសា បាន​អំពាវនាវដល់ប្រជាពលរដ្ឋកុំភិតភ័យ​ស្លន់ស្លោចំពោះការដាក់ចេញនូវវិធានការបិទខ្ទប់នេះ។

លោកថា៖ «ប្រសិនបើបងប្អូនបានឃើញ និងសិក្សា​ឱ្យ​បាន​ច្បាស់ អំពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ បងប្អូនពិតជាមិនមានការព្រួយបារម្ភហួស​ហេតុ​ពេកនោះទេ […] ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា បងប្អូននឹងមិនដាច់បាយ មិនខ្វះអង្ករ មិនខ្វះអំបិល មិនខ្វះស្បៀងអាហារសម្រាប់ការផ្គត់ផ្គង់​នៅក្នុងទីក្រុងភ្នំពេញនោះទេ បន្លែបង្ការដែលធ្លាប់ផ្គត់ផ្គង់​ចូលពីខេត្តកណ្តាលទៅទីក្រុងភ្នំពេញ អាចនឹងត្រូវទទួលបាន​ការអនុញ្ញាតឱ្យនាំចូល​ទៅចែកចាយនៅក្នុងទីក្រុងភ្នំពេញ ដើម្បីផ្តល់ឱ្យ​សម្រាប់ការផ្គត់ផ្គង់នៅទីក្រុងភ្នំពេញដដែល»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាទៅរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់និងផ្តល់នូវជំនួយសង្គ្រោះ ជួយដល់​ប្រជាពលរដ្ឋនៅតំបន់ក្រីក្រ និងឱ្យ​ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យនិងទប់ស្កាត់កុំឱ្យ​ឈ្មួញឆ្លៀតឱកាសដំឡើងថ្លៃទំនិញនៅលើទីផ្សារផងដែរ។

លោកក៏បានអំពាវនាវជាថ្មីម្តងទៀតដល​់ប្រជាពលរដ្ឋអត់ធ្មត់ និងកុំចេញពីផ្ទះបើមិនចាំបាច់ ហើយ​ត្រូវអនុវត្តវិធានសុខាភិបាលឱ្យ​បានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក​បានគូសបញ្ជាក់ថា៖ «សូមអង្វរករបងប្អូនប្រជាពលរដ្ឋរបស់យើងខិតខំឡើង រួមគ្នាដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់នេះ។ យើងកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋនិងប្រជាជន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ