ក្រសួងសុខាភិបាលឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀតបានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬ ពេទ្យរុស្ស៊ី ដោយសារវីរុសជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា បុរសជនជាតិខ្មែរទាំងពីរនាក់ដែលបានស្លាប់កាលពីថ្ងៃទី១៥ ខែមេសា ដោយសារជំងឺកូវីដ-១៩ ម្នាក់មានអាយុ៦៥ឆ្នាំ ជាពលរដ្ឋរស់នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រសួងបន្ថែមថា អ្នកជំងឺរូបនេះបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី កាលពីវេលាម៉ោងជាង១១ថ្ងៃម្សិលមិញ ប៉ុន្តែដោយសារស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ លោកក៏ស្លាប់នៅប៉ុន្មានម៉ោងក្រោយដោយបញ្ហាផ្លូវដង្ហើម និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ-១៩។
ដោយឡែក បុរសម្នាក់ទៀតមានវ័យ៧៧ឆ្នាំ ដែលអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ពីម្សិលមិញថា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន គឺលោក ម៉ៅ អាយុទ្ធ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលបន្ថែមថា លោកត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី កាលពីថ្ងៃទី៥ ខែមេសា ក្នុងស្ថានភាពដង្ហក់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ។
ក្រសួងថា ដោយសារស្ថានភាពជំងឺកាន់តែវិវត្តធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាក្រុមគ្រូពេទ្យព្យាយាមជួយសង្រ្គោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក្តី ក៏មិនអាចជួយសង្រ្គោះបាន ហើយអ្នកជំងឺក៏បានស្លាប់កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ដោយបញ្ហាផ្លូវដង្ហើម និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី សូ សាម៉ូនី ម៉ៅ អាយុទ្ធ ចំពោះមរណភាពរបស់លោក ម៉ៅ អាយុទ្ធ ក្នុងវ័យ៧៧ឆ្នាំ ដោយរោគាពាធ។
លោក ហ៊ុន សែន បានចាត់ទុកមរណភាពរបស់លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ហើយគឺជាការបាត់បង់ជីតាប្រកបដោយក្តីសន្តោសប្រោសប្រណីចំពោះចៅប្រុសចៅស្រីជាទីស្រឡាញ់ ព្រមទាំងចំពោះមិត្តភក្តិ សហសេវិក ដែលឯកឧត្តម ម៉ៅ អាយុទ្ធ តែងតែមានសមានចិត្តជាមួយ ដោយមិនរើសអើងចំពោះសិល្បករ-សិល្បការិនីគ្រប់ទម្រង់៕