រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍​២០​កុម្ភៈ​ជាង​២០០​នាក់​បន្ថែម​ទៀត​ ​​

ក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋដែលរស់នៅតំបន់ផ្សារអូរឫស្សី ដែលសង្ស័យថាបានពាក់ព័ន្ធដោយផ្ទាល់និងប្រយោលអ្នកជំងឺកូវីដ-១៩ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលអះអាងថា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៦២នាក់បន្ថែមទៀត​ ខណៈអ្នកជំងឺចំនួន៧៤នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយនិងអនុញ្ញាតឱ្យចេញពីកន្លែងសម្រាកព្យាបាលផងដែរ។ ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ជាង២០០នាក់នោះ ជាអ្នកឆ្លងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ដោយមិនមានករណី​នាំចូលពីក្រៅប្រទេសនោះឡើយ។ ​

​អ្នកជំងឺកូវីដ-១៩ ​ទាំងនោះ រួមមាន​ រាជធានីភ្នំពេញ ២​៣២នាក់, ព្រះសីហនុ ១២នាក់, កណ្តាល ៤នាក់​, ពោធិ៍សាត់ ២នាក់, ព្រៃវែង ២នាក់, តាកែវ ២នាក់, សៀមរាប ២នាក់, កំពង់ចាម ២នាក់,​ កំពង់ធំ ១នាក់, កំពង់ស្ពឺ ១នាក់, ស្វាយរៀង ១នាក់ និងខេត្តត្បូងឃ្មុំ ១នាក់។  

ទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានជំរុញឱ្យពលរដ្ឋ​ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល​កូវីដ-១៩​ ដើម្បីចៀសផុតពីជ្រោះមរណ:​ដោយសារជំងឺដ៏កាចសាហាវមួយនេះ។ ​

ទំព័រហ្វេសប៊ុកក្រសួងសរសេរថា៖ «ធ្វើសកម្មភាពរួមគ្នា​ ដើម្បីប្រយុទ្ធនឹងវីរុសកូវីដ-១៩​ សម្រាប់ការរស់នៅល្អប្រសើរនៅថ្ងៃស្អែក​ សម្រាប់ឆ្នាំល្អ​ប្រសើរ និងសម្រាប់អនាគតល្អប្រសើរ។ សិទ្ធិរបស់អ្នក​ គឺជាសិទ្ធិដែលត្រូវបានការពារពីការចម្លងវីរុសកូវីដ-១៩​ ពីបុគ្គលម្នាក់​ទៅបុគ្គលម្នាក់ទៀត។ ដូច្នេះ​ យើងទាំងអស់គ្នាត្រូវអនុវត្តសិទ្ធិរបស់យើងក្នុងការវាយបកធ្វើឱ្យវីរុសកូវីដ-១៩​ ទទួលរងនូវការបរាជ័យ​ ដោយស្នាដៃពួកយើងទាំងអស់គ្នា។ សូមមានសុវត្ថិភាពល្អទាំងអស់គ្នា​ ដោយនៅផ្ទះ»។

អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួនកើនដល់​៤ ៩៣៨នាក់ និងស្លាប់ចំនួន៣៨នាក់​ គិត​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ​អ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងប្រទេសសរុបចំនួន៥ ៤៨០នាក់ ព្យាបាលជាសះស្បើយ២ ៣៩៣​នាក់ និងកំពុងសម្រាកព្យាបាល៣ ០៤៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ