អភិបាលរាជធានីភ្នំពេញ ឱ្យដឹងថា អាជ្ញាធរនឹងបង្កើនការប្រមូលសំណាកប្រជាពលរដ្ឋដែលកំពុងស្ថិតនៅតំបន់ផ្ទុះជំងឺកូវីដ-១៩ខ្លាំង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ខណៈសង្គមស៊ីវិលគាំទ្រនូវវិធានការនេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា អាជ្ញាធរសហការជាមួយក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានតាមដានបុគ្គលដែលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ដើម្បីជំរុញការប្រមូលយកសំណាកទៅធ្វើតេស្តរកមេរោគនេះ ដោយផ្ដោតសំខាន់នៅក្នុងតំបន់ដែលកំពុងផ្ទុះជំងឺច្រើននាពេលបច្ចុប្បន្ន។
សេចក្ដីជូនដំណឹងដដែលថា ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ទាំងនោះ ហើយអ្នកសង្ស័យមានពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ-១៩ និងមានបញ្ហាសុខភាពមិនស្រួលខ្លួន ត្រូវទៅធ្វើតេស្តសំណាកនៅទីតាំងជិតបំផុតដែលអាជ្ញាធររៀបចំនិងពង្រីកបន្ថែមទៀត។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ «សូមជម្រាបជូនបងប្អូន អាជីវករ បុគ្គលិក-កម្មករ និងប្រជាពលរដ្ឋទូទៅ ដែលមានអាការក្តៅខ្លួន ក្អក-កណ្តាស់ ពិបាកដកដង្ហើម ឬសង្ស័យមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ សូមអញ្ជើញទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានសង្កាត់ដែលខ្លួនរស់នៅ ដើម្បីស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរទៅកាន់ទីតាំងប្រមូលយកសំណាកដែលនៅជិតលំនៅឋានរបស់ខ្លួនបំផុត»។
បើតាមសាលារាជធានីភ្នំពេញ ឱ្យដឹងទៀតថា កន្លែងដែលប្រជាពលរដ្ឋទៅផ្ដល់សំណាកធ្វើតេស្តបានមានដូចជា វិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់, វិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់, សាលាបឋមសិក្សាសុភមង្គល ក្នុងសង្កាត់កាកាបទី១, វិហារព្រះយេស៊ូ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣, ទីតាំងបណ្តោយផ្លូវ ឌួង ងៀប ជិតរោងចក្រ ឌីន ហាន, ដីឡូត៍ខាងក្រោយផ្សារឯករាជ្យ II ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ និង មណ្ឌលថែទាំជីវិត ក្នុងសង្កាត់ស្ទឹងមានជ័យទី២ រួមទាំងទីតាំងមួយចំនួនទៀតកំពុងរៀបចំផងដែរ។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង គាំទ្រចំពោះវិធានការបង្កើនការប្រមូលសំណាកពលរដ្ឋនៅតំបន់ផ្ទុះជំងឺកូវីដ-១៩ ដើម្បីធ្វើតេស្តរកវីរុសនេះ ដោយថា ជាវិធានការល្អសម្រាប់ឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោកមានប្រសាសន៍ថា៖ «បើសិនជាយើងចង់បិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈបាន គឺទាល់តែយើងធ្វើញ្ចឹង ដើម្បីធានាថា តំបន់ដែលផ្ទុះហ្នឹង [កូវីដ-១៩] គឺអ្នកទាំងអស់ដែលយើងបានដឹងហើយនូវចំនួនអ្នកដែលឆ្លង និងអ្នកដទៃទៀតហ្នឹង គឺយើងប្រាកដថាមានប៉ុន្មានដែលឆ្លង ហើយមានប៉ុន្មាននាក់ដែលមិនឆ្លង។ នៅពេលដែលដំណើរការដាក់ធ្វើចត្តាឡីស័កជាហូរហែហ្នឹងចប់សព្វគ្រប់ហើយ ដឹងថាតំបន់នោះលែងមានទៀតហើយ អាហ្នឹងទើបយើងអាចប្រាកដបាន បាទ! នេះជារឿងមួយសំខាន់ដែលអាចជួយឱ្យមានភាពប្រាកដប្រជានៅក្នុងការសន្និដ្ឋានបានច្បាស់លាស់ថា តំបន់ហ្នឹងមិនមានអ្នកឆ្លងឬមានអ្នកឆ្លងប៉ុន្មាន ដើម្បីងាយគ្រប់គ្រង»។
កាលពីថ្ងៃទី១៤ ខែមេសា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀតដែលធ្វើឱ្យពិបាកគ្រប់គ្រង។
អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួនកើនដល់៤ ៩៣៨នាក់ និងស្លាប់ចំនួន៣៨នាក់ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ ចំណែកអ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងប្រទេស គិតត្រឹមថ្ងៃសុក្រនេះ ក្រសួងថា សរុបចំនួន៥ ៤៨០នាក់ ព្យាបាលជាសះស្បើយ២ ៣៩៣នាក់ និងកំពុងសម្រាកព្យាបាល៣ ០៤៤នាក់៕