ថ្ងៃ​ទី​១​នៃ​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​ សមត្ថ​កិច្ច​ឃាត់​ម៉ូតូ​៤២​គ្រឿង​និង​បញ្ជូន​មនុស្ស​ម្នាក់​ទៅ​តុលាការ​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

យ៉ាងហោចណាស់ ម៉ូតូចំនួន៤២គ្រឿងត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ទុក នៅក្នុងថ្ងៃទីមួយនៃការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ខណៈបុរសម្នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការក្រោមការចោទប្រកាន់ពីបទមិនគោរពវិធានការរដ្ឋបាល។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ វីអូឌី នៅថ្ងៃទី១៦ ខែមេសានេះថា មធ្យោបាយធ្វើដំណើរទាំងអស់នោះនឹងត្រូវរក្សាទុករយៈពេល១៤ថ្ងៃ នៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈម្ចាស់យានជំនិះវិញ ត្រូវបានអនុញ្ញាតឱ្យវិលត្រលប់ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

លោកថា លើកលែងករណីរបស់បុរសម្នាក់ដែលត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១៦ ខែមេសានេះ បន្ទាប់ពីគាត់បានបំពានលើវិធានការបិទខ្ទប់រាជធានីភ្នំពេញ ដោយបុរសរូបនេះបានកាត់ខ្សែបិទផ្លូវរបស់សមត្ថកិច្ចនៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសរូបនេះមានឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត អាយុ២៧ឆ្នាំ ស្នាក់នៅ​សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ដោយឡែក ចំពោះអ្នកល្មើសបម្រាមគោចរនៅពេលរាត្រី គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមេសានេះ សមត្ថកិច្ចបានឃាត់យានជំនិះសរុបចំនួន២១៩គ្រឿង ក្នុងនោះមានរថយន្តចំនួន៣៩គ្រឿង។

អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក អ៊ី រិន នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើបុរសរូបនេះនឹងត្រូវចោទប្រកាន់ពីបទអ្វីនៅឡើយ​។ ក៏ប៉ុន្តែលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា យោងតាមមាត្រា១០ នៃច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះបទមិនគោរពវិធានការដ្ឋបាលនេះ នឹងប្រឈម​ការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥ ០០០ ០០០ ទៅ ២០ ០០០ ០០០លានរៀល។

ថ្លែងសារពិសេសមួយនៅរសៀលថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តឱ្យអាជ្ញាធរចាប់ខ្លួនអ្នកបំពានវិធានការរដ្ឋបាល ដើម្បីបញ្ជូនទៅតុលាការបន្ថែមទៀត។

ចាប់តាំងពីយប់ថ្ងៃទី១៥ ខែមេសាមក រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ (Lockdown) ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេលពីរសប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់នេះ ការធ្វើ​ដំណើរចេញ​ពី​ផ្ទះឬ​ទីសំណាក់​បច្ចុប្បន្ន​របស់​ពលរដ្ឋ​ ត្រូវ​​បាន​ហាមឃាត់​ទាំង​ស្រុង​ លើកលែង​តែមាន​ការ​ចាំបាច់។

អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ បានប្រាប់ វីអូឌី ថារយៈពេលពីរថ្ងៃនេះ ការអនុវត្តវិធានការរដ្ឋបាលបិទខ្ទប់ក្រុងតាខ្មៅ មិនទាន់មានប្រជាពលរដ្ឋណាបំពានវិធានការរដ្ឋបាលនេះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ