វ៉ាក់សាំង​ចិន​ Sinovac​ ចំនួន​៥០​​​ម៉ឺន​ដូស​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ – Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងថា វ៉ាក់សាំងចិន Sinovac ដែលកម្ពុជា​បញ្ជាទិញពីរដ្ឋាភិបាលចិនជំហានទីពីរ ​​ចំនួន៥០​​ម៉ឺនដូស នឹងមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៥០ម៉ឺនដូស នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ស្អែកនេះ។

ស្ថានទូតចិននិយាយទៀតថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។

ទំព័រហ្វេសប៊ុក​ស្ថានទូតចិនសរសេរបន្តថា៖ «នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩»។

កាលពីថ្ងៃទី១៣ ខែមេសា ស្ថានទូតចិនដដែលឱ្យដឹងថា ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំង​ ស៊ីណូហ្វាម (Sinopharm) ចំនួន៤០ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។ វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូនមកដល់​កម្ពុជា នាចុងខែមេសាខាងមុខនេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម។

គិតត្រឹមថ្ងៃទី១៤ ខែមេសា កម្ពុជាបានទទួលជំនួយវ៉ាក់សាំងចិនដែលមានប្រភេទស៊ីណូវ៉ាក់ (Sinovac) ស៊ីណូហ្វាម (Sinopharm) និង Covishield ស​រុប១ ១០០ ០០០ដូស និង​បានបញ្ជាទិញពីប្រទេសនេះបន្ថែមចំនួន១ ៥០០ ០០០ដូស ក្នុង​តម្លៃ១៥ ០០០ ០០០ដុល្លារ។

កាលពីថ្ងៃទី១២ ខែមេសា អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ​មានប្រសាសន៍ថា កម្ពុជាមិនទាន់អាចបញ្ជាទិញវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ពីប្រទេសផ្សេងៗក្រៅពីប្រទេស​ចិនបាននោះទេ ដោ​យសារបញ្ហាការដឹកជញ្ជូន និងផលិតកម្ម។

យ៉ាងណាក្តី អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier ធ្លាប់​ប្រាប់ វីអូឌី ថា វ៉ាក់សាំងកូវីដ-១៩ នឹងមកដល់កម្ពុជា ដើម្បីបង្គ្រប់១ ១០០ ០០០ដូស តាមគម្រោងនៅមុនដំណាច់ខែឧសភា និងបញ្ជូនមកបន្ថែមទៀត​ជាបន្តប​ន្ទា​ប់ក្រោមគម្រោង Covax របស់អង្គការសុខភាពពិភពលោក ដែលមានអាមេរិកជាប្រទេសផ្តល់​ជំនួយហិរញ្ញវត្ថុធំបំផុត។

ប្រមុខរដ្ឋាភិបាលធ្លាប់ប្រកាសពីគម្រោងចាក់ដល់ពលរដ្ឋឱ្យបាន៧០ភាគរយ ឬស្មើនឹង១០ ០០០ ០០០នាក់ នៅមុនដំណាច់ឆ្នាំ២០២២ ដើម្បីធានាភាពផ្សាំរបស់ពលរដ្ឋប្រឆាំងនឹងជំងឺផ្លូវដង្ហើមថ្មីមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ