អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទខ្ទប់ភូមិសាស្ត្រក្នុងសង្កាត់ចំនួន៣ រយៈពេល២សប្តាហ៍ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ចេញនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ភូមិសាស្ត្រនៃសង្កាត់ចំនួន៣ ក្នុងក្រុងសៀមរាប រួមមាន សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ ពីម៉ោងសូន្យថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា។
អាជ្ញាធរខេត្តបញ្ជាក់ថា ការសម្រេចនេះដោយភូមិសាស្ត្រសង្កាត់ទាំង៣ ជាតំបន់មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ហើយក៏ធ្វើឡើងដើម្បីធានាប្រសិទ្ធភាពមិនឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត។
លិខិតសម្រេចសរសេរថា៖ «ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រតំបន់ដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត»។
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ក្នុងពេលអនុវត្តវិធានការបិទខ្ទប់នេះ ពលរដ្ឋត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់បច្ចុប្បន្ន លើកលែងតែករណីចាំបាច់មួយចំនួនតែប៉ុណ្ណោះ។ លើសពីនេះ ការជួបជុំឬការប្រមូលផ្តុំមនុស្សក៏ត្រូវបានហាមឃាត់ កន្លែងការងារខ្លះក៏ផ្អាកដំណើរការ ប៉ុន្តែក៏មានករណីចាំបាច់ខ្លះដែលត្រូវលើកលែងផងដែរ។
មកទល់ពេលនេះ ភូមិសាស្ត្រក្នុងរាជធានី-ខេត្តមួយចំនួនត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ ក្រោយពេលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងតំបន់ទាំងនោះ និងកាន់តែកើនឡើង ព្រមទាំងបណ្តាលឱ្យមានអ្នកស្លាប់ជាបន្តបន្ទាប់ ជាដើម។
ភូមិសាស្ត្របិទខ្ទប់ទាំងនោះ រួមមាន រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់២សប្តាហ៍ ចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា។ ដោយឡែក ភូមិសាស្ត្រនៃឃុំខ្លះក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ក៏ត្រូវបានបិទខ្ទប់ ជាដើម៕









