ក្រសួងសុខាភិបាលអះអាងថា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦១៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន៦០នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយនិងអនុញ្ញាតឱ្យចេញពីកន្លែងសម្រាកព្យាបាលផងដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ជាង៦០០នាក់នោះ ជាអ្នកឆ្លងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ដោយមិនមានករណីនាំចូលពីក្រៅប្រទេសនោះឡើយ។
អ្នកជំងឺកូវីដ-១៩ ទាំងនោះភាគច្រើននៅរាជធានីភ្នំពេញ ដែលមានចំនួន៤៩៣នាក់, ព្រះសីហនុ ៧៥នាក់, កណ្តាល ៣១នាក់, ស្វាយរៀង ៨នាក់, ព្រៃវែង ៥នាក់, កំពង់ស្ពឺ ៣នាក់, តាកែវ ២នាក់ និងខេត្តកំពង់ចាម ១នាក់។
គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៦ ៣៨៩នាក់ ក្នុងនោះ៥ ៨៤៦នាក់ ជាអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកស្លាប់កើនឡើងដល់៤៣នាក់។ ដោយឡែក អ្នកជំងឺព្យាបាលជាសះស្បើយមានចំនួន២ ៤៧៦នាក់ និងអ្នកជំងឺចំនួន៣ ៨៦៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅឡើយ៕