ផ្សារ​ចំនួន​៦​នៅ​ភ្នំពេញ​ត្រូវ​បាន​បិទ​នៅ​ថ្ងៃ​នេះ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​

ក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ផ្សារចំនួន៦ ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទបន្ថែមទៀតនៅចន្ទនេះ ក្រោយ​រកឃើញអាជីវករមួយចំនួន​ឆ្លងជំងឺកូវីដ-១៩​ និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយបានសម្រេចបិទផ្សារចំនួន៣ ក្នុងខណ្ឌនេះ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ខែមេសានេះ រហូត​ដល់​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។

តាមសេចក្តីជូនដំណឹង ផ្សារដែលត្រូវបិទនោះ មានផ្សារទួលពង្រ ផ្សារត្រពាំងថ្លឹង និងផ្សារឯករាជទី១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅដល់អាជីវករ អតិថិជន និងប្រជាពលរដ្ឋដែលបានចេញចូលផ្សារទាំងនោះ។

អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា មានប្រសាសន៍ថា ការបិទ​ផ្សារនិង​បិទចរាចរណ៍មិន​ឱ្យចេញចូល​នៅក្នុងសង្កាត់ចោមចៅ១ ដោយសារតំបន់ទាំងនោះកំពុងមានហានិភ័យខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសកម្មករ។

លោកបន្ថែមថា៖ «ខ្ញុំសុំឱ្យបងប្អូនកម្មករនិងប្រជាពលរដ្ឋយើងទាំងអស់ត្រូវចូលរួមអនុវត្តតាមសារាចររបស់​រដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់និងជីកឫសគល់ជំងឺកូវីដនេះទាំងអស់គ្នា»។

ចំណែករដ្ឋបាលខណ្ឌចំការមន បានចេញសេចក្តីជូនដំណឹងបិទផ្សារបឹងត្របែកផ្លាហ្សា រយៈពេល១៤ថ្ងៃដែរ ដោយគិតចាប់ពីថ្ងៃទី១៩ ខែមេសានេះ រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីមានអាជីវករមួយចំនួននៅផ្សារនេះបានកើតជំងឺកូវីដ-១៩។

នៅឯខណ្ឌដូនពេញវិញ រដ្ឋបាលខណ្ឌ នៅថ្ងៃទី១៩ ខែមេសានេះ ក៏បានបិទខ្ទប់ផ្សារកណ្ដាលផងដែរ ក្រោយរកឃើញអាជីវករម្នាក់​ដែល​លក់ដូរក្នុងផ្សារនេះ វិជ្ជមានកូវីដ-១៩ ក្នុងនោះ អាជ្ញាធរ​បាន​ដាក់កម្លាំងហ៊ុមព័ទ្ធ និងបានយកសំណាកអាជីវករនិងអ្នកដែលចេញចូលផ្សារនេះទៅពិនិត្យ​។ នេះបើតាមការផ្សព្វផ្សាយតាមបណ្តាញសង្គម​។

តែយ៉ាងណា វីអូឌី មិនអាចសុំការ​បញ្ជាក់បន្ថែមពីអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ និងអភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ ដោយពួក​គាត់ប្រាប់ថាជាប់ប្រជុំ។

តាមសេចក្តីជូនដំណឹង ពាក់ព័ន្ធនឹងការបិទផ្សារនេះ គឺរដ្ឋបាលខណ្ឌទាំងនោះបានអំពាវនាវដល់អាជីវករនិងប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់បានចេញចូលផ្សារ បើមានអាការក្អក ក្តៅខ្លួន ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងជំងឺកូវីដ-១៩ ត្រូវទៅផ្ដល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ជាបន្ទាន់ និងត្រូវធ្វើចត្តាឡីស័កស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផង​ដែរ។

កាលពីពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានបិទផ្សារមួយចំនួនជាបណ្តោះអាសន្ន​ផងដែរ ដូចជា ផ្សារអូរឫស្សី ផ្សារចាស់ និងផ្សារដើមគរ ជាដើម។

រដ្ឋាភិបាល នៅថ្ងៃចន្ទ​នេះ ក៏បានចេញសេចក្តីណែនាំមួយស្តីពីវិធានការលម្អិតក្នុងការរឹតបណ្តឹងការអនុវត្តសេចក្តីសម្រេចលើការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ក្នុងសេចក្តីណែនាំនេះ រដ្ឋាភិបាលបានឱ្យអាជ្ញាធររឹតបន្ដឹងការត្រួតពិនិត្យនៅផ្សារ និងកន្លែងលក់គ្រឿងឧបភោគបរិភោគ ភោជនីយដ្ឋាន រួមទាំង​ទីតាំងលក់ដូរទាំងឡាយណាដែលមិនមានរបៀបរៀបរយឬមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ