អាជ្ញាធរម៉ាឡេស៊ី បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្នអស់សុពលភាព (special pass) ត្រូវចាកចេញពីប្រទេសម៉ាឡេស៊ី មិនឱ្យហួសថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បើពុំនោះទេនឹងត្រូវប្រឈមនឹងផ្លូវច្បាប់។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដែលចេញនៅថ្ងៃនេះ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ទូតកម្ពុជា បានទទួលដំណឹងពីក្រសួងការបរទេសម៉ាឡេស៊ី ពាក់ព័ន្ធនឹងជនបរទេសទាំងអស់ដែលមានទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្ន (special pass) អស់សុពលភាព ត្រូវចាកចេញពីប្រទេសម៉ាឡេស៊ី មិនឱ្យហួសថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ព្រោះនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី នឹងចាប់អនុវត្តច្បាប់និងបទបញ្ជាឬបទប្បញ្ញតិ្តផ្សេងៗរបស់រាជរដ្ឋាភិបាលម៉ាឡេស៊ី។
ករណីនេះ ស្ថាតទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ណែនាំទៅកាន់ប្រជាពលរដ្ឋខ្មែរ សិស្ស/និសិ្សត ពលករ/ពលការិនី និងអ្នកដែលមានទីលំនៅអចិន្ត្រៃយ៍ឬបណ្ដោះអាសន្ន ដែលកំពុងរស់នៅក្នុងប្រទេសនេះ និងមានទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្នអស់សុពលភាព ហើយប្រឈមការលំបាកត្រលប់ទៅស្រុកកំណើតវិញ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ អាចដាក់ពាក្យស្នើសុំពន្យារពេលស្នាក់នៅបាន។
ស្ថានទូតបញ្ជាក់ថា៖ «រាល់ឯកសារស្នើសុំ ត្រូវតែមានការបញ្ជាក់យល់ព្រមនិងសម្របសម្រួលដោយស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី មុននឹងដាក់ពាក្យស្នើសុំបន្តទៅនាយកដ្ឋានអន្តោប្រវេសន៍របស់ម៉ាឡេស៊ី»៕









