អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ក្នុង​ព្រឹត្តិ​ការណ៍​​សហ​គមន៍​កើន​ជិត​៧​ពាន់​​នាក់​ ត្រឹម​​ពេល​២​ខែ​

អាជ្ញាធរមូលដ្ឋានដាក់កម្លាំងយាមកាមដោយធ្វើការផ្អាកដំណើរការផ្សារចាស់ បណ្ដោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងកូវីដ-១៩ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្នុង​រយៈពេល២ខែគត់នៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ​ការណ៍​សហគមន៍​២០កុម្ភៈ កម្ពុជាបាន​រកឃើញអ្នកឆ្លងជិត៧ ០០០នាក់ និងមានអ្នកស្លាប់៤៩នាក់។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានលើកឡើងថា គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦ ៨៩៩នាក់ និងស្លាប់៤៩នាក់​។

ដោយឡែក នៅថ្ងៃម្សិលមិញ ក្រសួងបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៣១នាក់បន្ថែមទៀត នៅក្នុងរាជធានី-ខេត្តចំនួន១១ ក្នុងនោះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មាន៤២៩នាក់ និង​អ្នកដំណើរមកពីបរទេស២នាក់។

ក្រសួងបន្តថា អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង៤២៩នាក់​នោះ រួមមាន នៅរាជធានីភ្នំពេញ ២៧១នាក់, ខេត្ត​ព្រះសីហនុ ១៣៣នាក់, ខេត្តកណ្តាល ១០នាក់, កំពង់ចាម ៤នាក់, តាកែវ ៤នាក់, ព្រៃវែង ២នាក់ និង ត្បូងឃ្មុំ ស្វាយរៀង កំពង់ឆ្នាំង កំពង់ធំ កំពត ក្នុងមួយខេត្តៗមានអ្នកឆ្លងម្នាក់។

ចំពោះ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ក្នុងនោះមានបុរសជនជាតិឥណ្ឌូនេស៊ី និងស្ត្រីជនជាតិចិន។

ក្រៅពីនោះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីតួលេខអ្នកជាសះស្បើយ​នៅថ្ងៃទី១៩ ខែមេសា មានចំនួន៣១នាក់។

មុនថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ តែចំនួន៤៨៤នាក់ ដែលតួលេខនេះជាចំនួនសរុបក្នុងរយៈពេលជាង១ឆ្នាំ ដែលកម្ពុជាបានរកឃើញករណីឆ្លងដំបូងបង្អស់​​លើបុរសជនជាតិចិន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួង គិតមកដល់ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបមានចំនួន៧ ៤៤៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ​ចំនួន២ ៥៥៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤ ៨៣៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ