សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវទៅដល់ភាគីពាក់ព័ន្ធជួយសម្របសម្រួល និងកុំដាក់ទោសទណ្ឌចំពោះសមាជិករបស់ខ្លួន ខណៈអាជីវកម្មរបស់ពួកគេត្រូវបានផ្អាកដំណើរការទាំងស្រុង ដោយសាររដ្ឋាភិបាលបិទភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ក្នុងលិខិតអំពាវនាវមួយចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានលើកឡើងថា នៅពេលដែលរដ្ឋាភិបាលបញ្ជាបិទភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល គឺបានតម្រូវឱ្យបិទអាជីវកម្មមួយចំនួនដែលមិនចាំបាច់។
GMAC បន្តថា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មិនត្រូវបានចាត់ទុកថាជាវិស័យចាំបាច់ដែលត្រូវបើកដំណើរការក្នុងអំឡុងបិទខ្ទប់នេះទេ ហើយវិស័យមួយនេះត្រូវបានបិទដំណើរទាំងស្រុង ជាពិសេសនៅតំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
សមាគមមួយនេះបានលើកឡើងទៀតថា ការបិទខ្ទប់នេះកំពុងបណ្តាលឱ្យមានការរាំងស្ទះដល់វិស័យពស្តុភារ ឬវិស័យផលិតសម្ភារប្រើប្រាស់ ហើយរោងចក្រសហគ្រាសដែលជាសមាជិករបស់ខ្លួនមិនអាចដឹកវត្ថុធាតុដើមនិងផលិតផលសម្រេចចេញ-ចូល ដោយសេរីបានឡើយ។
GMAC ឱ្យដឹងទៀតថា សមាជិករបស់ខ្លួនដែលមិនស្ថិតក្នុងតំបន់បិទខ្ទប់ ក៏កំពុងរងផលប៉ះពាល់ផងដែរ ដោយសារថ្នាក់ដឹកនាំឬបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនបានរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅធ្វើការងារឡើយ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ប្រាប់ វីអូឌី បន្ថែមលើលិខិតនេះថា ខណៈដែលថ្នាក់ដឹកនាំឬបុគ្គលិកត្រូវបានហាមឃាត់មិនឱ្យចេញទៅបំពេញការងារនោះ គឺរោងចក្រសហគ្រាសដែលពួកគេធ្វើការមិនអាចដំណើរការអាជីវកម្មដូចធម្មតាឡើយ។ លោក ខេន លូ ថារោងចក្រសហគ្រាសទាំងនោះបានពន្យារពេលផលិតកម្ម និងមិនអាចដឹកទំនិញចេញតាមកាលវិភាគនៃកិច្ចព្រមព្រៀងបានទេ។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជារូបនេះ បានអំពាវនាវទៅភាគីពាក់ព័ន្ធ ជាពិសេសអ្នកបញ្ជាទិញ និងរដ្ឋាភិបាល ត្រូវសម្របសម្រួលជាមួយរោងចក្រ កុំឱ្យមានការផាកពិន័យឬដាក់ទោសលើសមាជិករបស់ខ្លួនក្នុងដំណាក់កាលដ៏លំបាកនេះផងដែរ។
លោកបន្ថែមថា៖ «ផលលំបាក គឺការផលិតអត់ទាន់ពេលវេលា អីវ៉ាន់របស់ពួកគាត់ចេញអត់ទាន់ពេលវេលាដែរ។ អញ្ចឹងពួកគាត់អាចជួបផលលំបាក ដោយអ្នកបញ្ជាទិញអាចដាក់បន្ទុកទៅលើរោងចក្រ អាចថា ពិន័យនិងបញ្ហាផ្សេងៗទៀត។ អញ្ចឹងយើងគ្រាន់តែអំពាវនាវឱ្យអ្នកបញ្ជាទិញទាំងអស់យល់រឿងសកម្មភាព ហើយព្យាយាមដោះស្រាយបញ្ហាជាមួយរោងចក្រ ប្រសិនអាចពន្យារពេល អាចទុកពេលវេលាខ្លះ ដើម្បីឱ្យរោងចក្រសម្រួលការងារបាន»។
ប៉ុន្តែយ៉ាងណា លោក ខេន លូ មិនអាចបញ្ជាក់ពីទំហំនៃផលប៉ះពាល់ឬការខូចខាតរបស់រោងចក្រសហគ្រាស អំឡុងពេលបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនេះ បាននៅឡើយទេ។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេនៅថ្ងៃទី២០ ខែមេសានេះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជានេះ ជារឿងល្អមួយសម្រាប់រោងចក្រសហគ្រាស ប៉ុន្តែយ៉ាងណា លោកមិនចង់ឱ្យកម្មករធ្វើការងារនៅក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះឡើយ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា វាសមហេតុផលដែរ ចំពោះការអំពាវនាវរបស់ GMAC នេះ ព្រោះការបិទខ្ទប់នេះ វាលឿនពេក ធ្វើឱ្យក្រុមហ៊ុនមិនអាចរៀបចំខ្លួនទាន់។ ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំមិនលើកទឹកចិត្តឱ្យគាត់ហ្នឹង [GMAC] ចចេសត្រូវតែធ្វើការនៅពេលដែលជំងឺហ្នឹងវារាលដាលខ្លាំងនោះទេ ពីព្រោះបញ្ហាអាយុជីវិត បញ្ហាសុខុមាលភាពសាធារណៈ វាធំជាងបញ្ហាជំនួញ»។
រដ្ឋាភិបាលបានចេញបទបញ្ជាបិទខ្ទប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩។ ការបិទនេះបានតម្រូវឱ្យផ្អាកបណ្តោះអាសន្នចំពោះអាជីវកម្មទាំងឡាយណាដែលមិនចាំបាច់ ហើយប្រជាពលរដ្ឋតម្រូវឱ្យនៅតែក្នុងផ្ទះ ប៉ុន្តែអាចចេញក្រៅបានលុះត្រាតែមានករណីបន្ទាន់ឬចាំបាច់បំផុតប៉ុណ្ណោះ៕