អាជ្ញាធរខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ពួកគេកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ដែលបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺម្នាក់ដែលស្លាប់ដោយសារវីរុសកូវីដ-១៩។
ទំព័រហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីម្សិលមិញ បានសរសេរថា បុរសម្នាក់ឈ្មោះ នូ ចុល អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បណ្ដាលមកពីជំងឺកូវីដ-១៩ ហើយសពរក្សាទុកនៅក្នុងវត្តព្រះរាមរង្សី ដែលមានពលរដ្ឋចូលរួមច្រើនផងដែរ។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស្រ៊ន សំឬទ្ធី មានប្រសាសន៍ថា អ្នកជំងឺឈ្មោះ នូ ចុល ធ្លាប់បានមកសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែតក្នុងរយៈពេលខ្លី មុននឹងត្រឡប់ទៅស្រុកកំណើត ហើយពេលឈឺខ្លាំង អ្នកជំងឺក៏បានទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។
លោកបន្តថា៖ «គាត់ឈឺយូរដែរហើយ! គាត់សម្រាកព្យាបាលនៅកាល់ម៉ែតមួយរយៈខ្លីហើយ គាត់មកកំពង់ឆ្នាំង បន្ទាប់មកគាត់ឈឺមែនទែន គាត់ចូលពេទ្យខេត្តមួយនេះ ដល់ពេលពេទ្យខេត្តគេសង្ស័យ ធ្វើតេស្តគាត់ទៅ មុននឹងគាត់បាត់បង់ជីវិត»។
លោកបន្ថែមថា អាជ្ញាធរកំពុងតែប្រមូលអ្នកជាប់ពាក់ព័ន្ធ ដើម្បីយកសំណាកធ្វើតេស្តរកកូវីដ-១៩ និងស្រាវជ្រាវរកទីតាំងមួយចំនួនដែលអ្នកជំងឺបានទៅកន្លងមក។
ប៉ុន្តែអភិបាលរងខេត្តរូបនេះមិនបានបញ្ជាក់លម្អិតជុំវិញអ្នកជាប់ពាក់ព័ន្ធ និងទីតាំងដែលត្រូវបិទនោះទេ។
ទោះជាយ៉ាងណា លោកបន្តថា បច្ចុប្បន្ន សាកសពត្រូវបានបូជារួចរាល់តាមវិធានសុខាភិបាល ដោយមិនតម្រូវឱ្យមានការចូលរួមពិធីបុណ្យពីញាតិមិត្តជិតខាងឡើយ គឺតម្រូវឱ្យតែក្រុមគ្រួសារប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «យើងកំពុងប្រមូលអ្នកដែលពាក់ព័ន្ធមកធ្វើសំណាក យើងអត់ដឹងប៉ុន្មាននាក់ទេ ដោយសារតែគាត់ព្យាបាលនៅផ្ទះ មានអ្នកជិតខាងសួរសុខទុក្ខហើយ»។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោក ទុំ សម្បត្តិ មានប្រសាសន៍យ៉ាងខ្លីថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ ឈ្មោះ នូ ចុល ពិតជាបានមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តប្រាកដមែន កាលពីថ្ងៃទី១៨ ខែមេសា ប៉ុន្តែសម្រាកបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយអ្នកជំងឺក៏ស្លាប់ទៅ។
លោក គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ជុំវិញករណីបុរសស្លាប់ដោយមានជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ អាជ្ញាធរបានរកឃើញមនុស្សចំនួន២៨នាក់ដែលជាប់ពាក់ព័ន្ធ ខណៈ១៨នាក់ដែលជាក្រុមគ្រួសារ ត្រូវធ្វើតេស្ដសំណាក។
លោកបន្ថែមថា អ្នកជំងឺធ្លាប់មានប្រវត្តិចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងចេញត្រលប់មកវិញនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ហើយត្រូវធ្វើការណាត់ជួបពេទ្យនៅថ្ងៃទី១០ ខែមេសា តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅភ្នំពេញ ទើបខកខានមិនបានជួបពេទ្យតាមការណាត់។
ទោះជាយ៉ាងណាក៏ដោយ បើតាមប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ មន្ត្រីសុខាភិបាលខេត្តនៅមិនទាន់រកឃើញមូលហេតុដែលនាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ទៅកាន់អ្នកជំងឺឡើយ។ លើសពីនេះទៀត លោកបន្ថែមថា អ្នកជំងឺធ្លាប់បានចូលព្យាបាលនៅគ្លីនិកមួយនៅផ្សារកំពង់ឆ្នាំង ប៉ុន្តែលោកមិនទាន់បានព័ត៌មានលម្អិតជុំវិញករណីនេះឡើយ។
លោកមានប្រសាសន៍ថា៖ «យើងពិបាកសន្និដ្ឋានថាតើជំងឺហ្នឹងមកពីណា ទស្សនៈរបស់ខ្ញុំ កាលណាមានជំងឺអញ្ចឹង [ឈឺ] អាចមានបងប្អូនមកសួរនាំ អញ្ចឹងមកទុកអាមេរោគហ្នឹងនៅគាត់អញ្ចឹងទៅ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា បានអំពាវនាវឱ្យអាជ្ញាធរត្រូវបញ្ជាក់អំពីទីកន្លែងដែលអ្នកជំងឺបានធ្វើដំណើរទៅ និងស្នាក់នៅ មុនធ្លាក់ខ្លួនឈឺនិងអំឡុងពេលឈឺ ដើម្បីឱ្យប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ឬប្រយោលបានត្រៀមលក្ខណៈបង្ការទុកជាមុន។
លោកអះអាងថា មកទល់ពេលនេះ ព័ត៌មានពាក់ព័ន្ធអ្នកស្លាប់ដោយជំងឺកូវីដ-១៩ រូបនេះ នៅមិនទាន់បង្ហាញឱ្យច្បាស់លាស់នៅឡើយ។
លោកមានប្រសាសន៍ថា៖ «អាជ្ញាធរហ្នឹងជួយបញ្ជាក់អំពីប្រវត្តិរបស់គាត់ ថាតើគាត់ឆ្លងហ្នឹងចេញពីកន្លែងណាអីកន្លែងណា ដើម្បីឱ្យមហាជនហ្នឹងដែលបានដឹង បានប៉ះពាល់អីគាត់ហ្នឹង ងាយត្រៀមលក្ខណៈដើម្បីទប់ស្កាត់អាហ្នឹង»។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែមេសានេះ ដោយបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤២៩នាក់បន្ថែមទៀត ក្នុងនោះក៏មានករណីនៅខេត្តកំពង់ឆ្នាំងម្នាក់ផងដែរ។ គិតមកដល់ថ្ងៃទី២០ ខែមេសានេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន៧ ៤៤៤នាក់ និងមានអ្នកស្លាប់ចំនួន៤៩នាក់។ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន២ ៥៥៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤ ៨៣៥នាក់៕









