ប្រធានអតីតគណបក្សប្រឆាំង បានរិះគន់សេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាភិបាលកម្ពុជា ថាជាវិធានការជ្រុលហួសហេតុ ដែលនាំមកនូវភាពលំបាកសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា ការលើកឡើងនេះជាគំនិតអវិជ្ជមាន។
តាមរយៈសំណេរលើទំព័រហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ ប្រធានអតីតគណបក្សប្រឆាំង លោក សម រង្ស៊ី បានហៅសេចក្តីសម្រេចបិទខ្ទប់ទាំងស្រុងនិងជាបន្ទាន់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី១៥ ខែមេសា ២០២១នោះ ថាជាវិធានការស្លន់ស្លោពេក។ លោក សម រង្ស៊ី បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលកម្ពុជា សិក្សាពីបទពិសោធន៍នៃប្រទេសជិតខាង តួយ៉ាងដូចជា ប្រទេសវៀតណាម ដែលបានទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ និងដោយមិនចាំបាច់បិទខ្ទប់រាជធានីឬរដ្ឋធានីរបស់គេទាំងស្រុងនោះឡើយ។
បើតាមលោក សម រង្ស៊ី ជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម គឺអាស្រ័យលើវិធានការប្រុងប្រយ័ត្នជាទូទៅក្នុងសង្គម ប្រកបដោយវិន័យខ្ពស់ និងអាស្រ័យលើការធ្វើតេស្តរកវីរុសជាប្រព័ន្ធចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់មជ្ឈដ្ឋាន ដើម្បីទប់ស្កាត់ឱ្យបានឆាប់រហ័សបំផុតនូវការឆ្លងរាលដាលជំងឺនេះក្នុងសហគមន៍។
លោកបានសរសេរទៀតថា៖ «ចំពោះវិធានការបិទខ្ទប់ [Lockdown] វិញ វាមានកម្រិតរបស់វា ហើយវាអាស្រ័យលើស្ថានភាពជាក់ស្តែង តាមលទ្ធផលនៃការធ្វើតេស្តតាមតំបន់និងទីប្រជុំជននីមួយៗ។ តែគេមិនដែលបិទខ្ទប់ទីក្រុងដ៏ធំណាមួយទាំងមូលនោះទេ»។
បើតាមលោក សម រង្ស៊ី ការបិទខ្ទប់នៅប្រទេសវៀតណាម មាន៣កម្រិត គឺបិទខ្ទប់កម្រិតស្រាល បិទខ្ទប់កម្រិតខ្ពស់ និងបិទខ្ទប់ជាភាពអាសន្ន។
លោក សម រង្ស៊ី ក៏បានសរសេរនៅក្នុងអត្ថបទរបស់លោកថា អនុសាសន៍របស់លោកនេះ គឺផ្តោតលើបច្ចេកទេសសុទ្ធសាធ ដោយមិនផ្តោតលើបញ្ហានយោបាយនោះទេ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានច្រានចោលចំពោះអនុសាសន៍របស់លោក សម រង្ស៊ី នេះ ហើយចាត់ទុកអនុសាសន៍របស់លោក សម រង្ស៊ី ដែលឱ្យកម្ពុជាយកគំរូតាមប្រទេសវៀតណាម គឺជាគំនិតអវិជ្ជមាន។
លោកមានប្រសាសន៍ដូច្នេះថា៖ «សូមជម្រាបជូនថា យើងមិនធ្វើដូចគាត់ទេ ពីព្រោះស្រុកយើងមិនមែនជាស្រុកកុម្មុយនីស្តឯណា? បាទ! គាត់ឃើញថាអវិជ្ជមាន សម្រាប់ព្រះរាជាណាចក្រកម្ពុជា មិនដែលឃើញគាត់ជួយអីបន្តិចទេ មិនដែលផ្ញើលុយ ១ដុល្លារ ឬ១០ដុល្លារ ក្នុងការទិញវ៉ាក់សាំង ឬចូលរួមជួយអ្វី គឺអត់មានទេ! ដូច្នេះមិនយកចិត្តទុកដាក់នឹងការគាត់និយាយអីនិយាយទៅ»។
យ៉ាងណាក្តី លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ជាវិធានការសមស្របដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ បើតាមលោកវេជ្ជបណ្ឌិត វិធានការនេះចង់យឺតពេលបន្តិចផង។
លោកមានប្រសាសន៍ថា៖ «ទោះបីបារាំងលើកហ្នឹង [បិទខ្ទប់] ៣ខែ នៅអាមេរិកក៏មានការ Lockdown [បិទខ្ទប់] រហូតដល់ពីរបីខែដូចគ្នា ហើយយើងណេះ ទើបតែ២អាទិត្យទេ។ ដូច្នេះ ខ្ញុំគិតថា រដ្ឋាភិបាលលោកធ្វើត្រឹមត្រូវ ហើយលោកបត់បែនតាមសភាពការណ៍ហើយបាទ! ហើយតាមពិតទៅ វារាងយឺតបន្តិចផង បើនិយាយពី Lockdown នោះ គួរតែចាប់ធ្វើតាំងពី២០កុម្ភៈ ពេលផ្ទុះឯណោះ»។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចជាផ្លូវការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
បន្ថែមលើវិធានការបិទខ្ទប់នេះ រដ្ឋាភិបាលទើបចេញសេចក្តីសម្រេចថ្មីមួយទៀតស្តីពីវិធានការលម្អិត ដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
វិធានការលេខ ០១ ស.ជ.ណ ចុះថ្ងៃទី១៩ ខែមេសា ម្សិលមិញនេះ បានកំណត់តំបន់បិទខ្ទប់ជា «តំបន់ក្រហម» ដែលត្រូវប្រុងប្រយ័ត្នខ្ពស់។ រាជធានីភ្នំពេញ បានកំណត់យកខណ្ឌចំនួន៣ ដាក់ជាតំបន់ក្រហម កាលពីថ្ងៃទី១៩ ខែមេសា គឺខណ្ឌមានជ័យ មាន៣សង្កាត់ ខណ្ឌពោធិ៍សែនជ័យ មាន១សង្កាត់ និងខណ្ឌទួលគោក មានភូមិចំនួន៣ នៃសង្កាត់បឹងសាឡាង។ តំបន់ក្រហម ជាតំបន់ដែលប្រជាពលរដ្ឋមិនអាចចេញពីក្រៅផ្ទះបានជាដាច់ខាត លើកលែងតែសកម្មភាព៣ប៉ុណ្ណោះ គឺមានបញ្ហាសុខភាពបន្ទាន់ ការធ្វើដំណើរទៅផ្ដល់សំណាកធ្វើតេស្តនៅក្នុងតំបន់ក្រហមជិតបំផុត និងការធ្វើដំណើរទៅចាក់វ៉ាក់សាំងដូសទី២ តែស្ថិតនៅក្នុងតំបន់ក្រហមដែលជិតបំផុត៕









