សង្គមស៊ីវិលស្នើទៅអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធឱ្យដោះស្រាយបញ្ហានានាជាមួយប្រជាពលរដ្ឋដោយសន្តិវិធី ជាជាងការប្រើប្រាស់អំពើហិង្សានិងការដាក់ទោសទណ្ឌលើពលរដ្ឋដែលកំពុងជួបការលំបាកបញ្ហាជីវភាព អំឡុងពេលបិទខ្ទប់ទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ការស្នើនេះធ្វើឡើងបន្ទាប់ពីមានការចែករំលែកវីដេអូឃ្លីបលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងកម្លាំងសន្តិសុខមួយចំនួនបានវាយទៅលើបុរសម្នាក់នៅជាប់របងទីស្ដីការគណៈរដ្ឋមន្ត្រី និងវីដេអូវាយពលរដ្ឋនៅតំបន់ផ្សេងទៀត ខណៈពលរដ្ឋទាំងនោះដើរចេញក្រៅផ្ទះ អំឡុងពេលរដ្ឋាភិបាលបិទខ្ទប់រាធានីភ្នំពេញនិងក្រុងតាខ្មៅ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា លោកមិនទាន់ឃើញរដ្ឋាភិបាលដាក់ចេញបទបញ្ជា និងសេចក្ដីណែនាំឱ្យអាជ្ញាធរប្រើប្រាស់អំពើហិង្សាលើអ្នកល្មើសបម្រាមនៅឡើយ ប៉ុន្តែនាពេលថ្មីៗនេះ សមត្ថកិច្ចដែលចុះអនុវត្តបែរជាប្រើប្រាស់អំពើហិង្សាលើពលរដ្ឋទៅវិញ។
លោកបន្តថា អាជ្ញាធរគួរធ្វើការផ្សព្វផ្សាយ អប់រំ អំពីផលប៉ះពាល់នៅពេលពួកគាត់ចេញពីផ្ទះ និងត្រូវសួរនាំពីមូលហេតុដែលជំរុញឱ្យពួកគាត់ចេញមកខាងក្រៅល្មើសបម្រាមរដ្ឋាភិបាល ជាជាងប្រើអំពើហិង្សាលើប្រជាពលរដ្ឋដែលល្មើសបម្រាមទាំងនោះតែម្តង។
លោកចាត់ទុកការប្រើវិធានការក្ដៅនេះថាមិនមែនជាដំណោះស្រាយល្អឡើយ ខណៈពលរដ្ឋកំពុងជួបការលំបាកបញ្ហាជីវភាព ដោយសារការរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន។
លោកបន្តថា៖ «យើងមើលស្ថានភាពបច្ចុប្បន្ន មិនគួរប្រើវិធានការនេះ [ហិង្សា] ទេ បើសិនជារដ្ឋាភិបាលចង់ដាក់ចេញវិធានការបែបនេះ ដើម្បីដាក់សម្ពាធឬបង្ខំប្រជាពលរដ្ឋឱ្យគោរពទៅតាមវិធានរដ្ឋាភិបាល ខ្ញុំគិតថា មិនមែនជាភាពប្រសើរទេ គួរតែមានការសាកសួរទៅលើពួកគាត់ ពីព្រោះម្នាក់ៗសុទ្ធមានបញ្ហា អ្នកខ្លះគាត់ដោយសារវិបត្តិកូវីដនេះអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ហើយគាត់មានភាពចាំបាច់ទៅលើកិច្ចការងារអ្វីមួយ»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព មានប្រសាសន៍ថា អាជ្ញាធរត្រូវធ្វើការអប់រំនិងពន្យល់ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យពួកគាត់ចូលរួមសហការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ក្រៅពីអប់រំនិងពន្យល់ហើយ លោកស្រីថា អាជ្ញាធរគួរស្វែងរកមូលហេតុនិងឫសគល់ដែលនាំឱ្យប្រជាពលរដ្ឋទាំងនោះល្មើសបម្រាមរបស់រដ្ឋាភិបាល ជាជាងប្រើប្រាស់អំពើហិង្សាទៅលើពួកគាត់តែម្តង។
លោកថា៖ «ខ្ញុំឃើញរូបភាពមួយចំនួននៃការចេញវាយពលរដ្ឋអីហ្នឹង ហើយពេលខ្លះពលរដ្ឋមួយចំនួនគាំទ្រ ខ្ញុំគិតថា អាហ្នឹងជាទស្សនៈបុគ្គលផ្សេងៗគ្នា។ ហើយពេលខ្លះ អាចយល់ថា ដោយសារព្យាយាមនិយាយហើយមិនស្ដាប់ អ៊ីចឹងវាយ! ខ្ញុំគិតថា កាលណាយើងទទួលស្គាល់ការប្រើប្រាស់អំពើហិង្សា វិធាននេះមិនមែនជាមធ្យោបាយល្អទាំងនៅក្នុងបរិបទកូវីដ និងក្រោយបរិបទកូវីដ ព្រោះវានឹងបណ្ដុះនូវទម្លាប់មួយដែលកម្លាំងមានសមត្ថកិច្ចប្រើប្រាស់អំពើហិង្សាលើប្រជាពលរដ្ឋ»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា មូលហេតុអាជ្ញាធរប្រើប្រាស់វិធានការក្ដៅបែបនេះ ដោយសារតែអាជ្ញាធរណែនាំហើយប្រជាពលរដ្ឋមិនស្ដាប់។
លោកថា៖ «តាំងថ្ងៃទី១៤ និងទី១៥ ទាក់ទងនឹងការចេញសេចក្ដីប្រកាសបិទភ្លាមហ្នឹង តាមភូមិ តាមសង្កាត់ទូទៅហ្នឹង គណៈបញ្ជាការខណ្ឌ ក៏ដូចជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គឺយើងបានចុះអប់រំផ្សព្វផ្សាយជាច្រើនលើកច្រើនសារ ជាពិសេសនៅតំបន់គោលដៅ តំបន់រងគ្រោះឆ្លងច្រើនហ្នឹង។ យើងប្រាប់ យើងណែនាំ ប៉ុន្តែពលរដ្ឋខ្លះនៅតែចចេស អ៊ីចឹងទាល់តែយើងមានវិធានការក្ដៅខ្លះ ទើបអាចនេះបាន [អាចគ្រប់គ្រងបាន]»។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចថ្មីមួយទៀត ដោយណែនាំទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យបន្តអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែក៏អនុញ្ញាតឱ្យពលរដ្ឋចេញក្រៅបានក្នុងករណីចាំបាច់មួយចំនួនផងដែរ។
ចាប់តាំងពីអនុវត្តបម្រាមបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពីថ្ងៃទី១៥ ខែមេសា ដល់ត្រឹមថ្ងៃទី២០ ខែមេសានេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកល្មើសបម្រាមចំនួន១៩នាក់ ក្នុងនោះមាននគរបាលម្នាក់ និងទាហានម្នាក់។
អ្នកល្មើសបម្រាមទាំង១៩នាក់នោះ មាន៦នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ហើយមនុស្សចំនួន១២នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ ខណៈម្នាក់ទៀតត្រូវបានដោះលែងឱ្យទៅផ្ទះវិញបន្ទាប់ពីអប់រំនិងធ្វើកិច្ចសន្យារួច៕