លោក ​ស​ ខេង​ ប្រាប់​​កង​​កម្លាំង​​កុំ​​​ប្រើ​​ហិង្សា​​លើ​​​ពលរដ្ឋ​​​ពេល​អនុ​វត្ត​វិធាន​​ការ​​រដ្ឋា​ភិបាល​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រើនរំឭកដល់​អាជ្ញាធរពាក់ព័ន្ធនិងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ បន្តបំពេញភារកិច្ចដោយការអត់ធ្មត់និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស ចៀសវាងការប្រើអំពើហិង្សានៅពេលអនុវត្តរាល់បទបញ្ជាឬវិធានការ​នានារបស់រដ្ឋាភិបាល។

ការក្រើនរំឭកនេះបានធ្វើឡើងតាមរយៈសារផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងអនុវត្តច្បាប់ក្នុងស្ថានភាពនៃការអនុវត្ត​វិធានការ​បិទខ្ទប់ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ នៅថ្ងៃពុធនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តាមរយៈសារនោះ បានកោតសរសើរដល់អាជ្ញាធរ​មាន​សមត្ថកិច្ចនិងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ដែលបាននិងកំពុងអនុវត្តនូវគោលការណ៍នានារបស់រដ្ឋាភិបាលយ៉ាងសកម្ម ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃជំ​ងឺកូ​វីដ-១៩ តាម​មូល​ដ្ឋាន​នានាក្នុង​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល។

ទន្ទឹមនឹងនោះ លោក​ក៏បាន​ក្រើន​រំឭកដល់​អាជ្ញាធរ​ពាក់ព័ន្ធនិងកងកម្លាំង​អនុវត្តច្បាប់ទាំងនោះ ត្រូវ​បំពេញ​ភារកិច្ច​​​ដោយ​​ការ​អត់​ធ្មត់ ​ប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឺងម៉ាត់ និង​ត្រូវគោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈ​របស់កងកម្លាំង ជាពិសេសត្រូវ​ចៀសវាង​​ការ​ប្រើប្រា​ស់​អំពើ​ហិង្សា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា នៅ​ពេល​អនុវត្ត​រាល់​បទ​បញ្ជាឬ​វិធានការ​នានារបស់​​រដ្ឋាភិ​បាល​។

លោក​បានគូសបញ្ជាក់ថា៖ «យើងខ្ញុំយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហា​ប្រឈម​​ផ្សេងៗដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំសូមជំរុញទឹកចិត្តឱ្យ​បងប្អូនបន្តរក្សានិងប្រកាន់ខ្ជាប់នូវការអត់ធ្មត់​ខ្ពស់ ដើម្បីទទួលបានការគាំទ្រនិងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឱ្យ​ទទួលបានជោគជ័យ»។

លោក ស ខេង ក៏បាន​​អំពាវនាវដល់​​ប្រជាពលរដ្ឋ​ទាំង​អស់ចូល​រួម​អនុវត្ត​វិធាន​ការ​នានា​របស់​​រដ្ឋាភិបាល ក៏​ដូច​ជា​សហការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរនិង​កង​កម្លាំង​មាន​សមត្ថ​កិច្ច ដើម្បី​​កាត់ផ្ដាច់និង​ឈាន​ទៅ​បញ្ចប់​ការ​ឆ្លងរាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូវីដ-១៩។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចែករំលែកវីដេអូឃ្លីបលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងកម្លាំងសន្តិសុខមួយចំនួនបានវាយទៅលើបុរសម្នាក់នៅជាប់របង​ទីស្ដីការគណៈរដ្ឋមន្ត្រី និងវីដេអូមួយចំនួន​ទៀត ដែលថតពីសកម្មភាពនៃការ​​វាយពលរដ្ឋនៅតំបន់ផ្សេងទៀត ខណៈដែលពលរដ្ឋទាំងនោះ​ដើរចេញក្រៅផ្ទះ អំឡុងពេលរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ករណីនេះ ​ក្រុម​អង្គការ​​សង្គមស៊ីវិលមួយចំនួនបាន​ស្នើទៅអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធ ឱ្យ​ដោះស្រាយបញ្ហានានា​ជាមួយប្រជាពលរដ្ឋដោយសន្តិវិធី ជាជាងការប្រើប្រាស់អំពើហិង្សានិងការដាក់ទោសទណ្ឌលើពលរដ្ឋដែល​កំពុងជួបការលំបាកបញ្ហាជីវភាព អំឡុងពេលបិទខ្ទប់ទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ