អ្នក​ស្លាប់​ដោយ​​កូវីដ-១៩​កើន​ដល់​ជិត​៦០​នាក់​ ខណៈ​រក​ឃើញ​​ឆ្លង​​ថ្មី​ជាង​៤០០​នាក់​

ក្រុមគ្រូពេទ្យប្រចាំការនៅថ្ងៃយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​ក្រសួងសុខាភិបាលប្រកាសថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ​នេះកើនឡើងដល់៥៩នាក់ ខណៈរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មីចំនួន៤៤៦នាក់បន្ថែមទៀត។ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង៣នាក់ដែលបានទទួលមរណភាព ជាជនជាតិខ្មែរ រួមមាន បុរសអាយុ៥៥ឆ្នាំ ​ស្ត្រីអាយុ៨១ឆ្នាំ និងស្ត្រីអាយុ៨៣ឆ្នាំម្នាក់។ ​អ្នកជំងឺបានស្លាប់កាលពីថ្ងៃម្សិលមិញ ជាអ្នករស់នៅរាជធានីភ្នំពេញ ២នាក់ និងរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលម្នាក់។ ក្រសួងបញ្ជាក់ថា ពួកគាត់ស្លាប់ដោយមានបញ្ហាផ្លូវដង្ហើម និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបង្កឡើងពីវីរុសកូវីដ-១៩។

ដោយឡែក សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​មួយទៀត​នៅថ្ងៃ​នេះ បានឱ្យដឹងថា ​អ្នកឆ្លងជំងឺកូវីដ-១៩​ មានចំនួន៤៤៦នាក់ថ្មីបន្ថែមទៀត ខណៈអ្នកជំងឺនេះចំនួន១៣០នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីកន្លែងសម្រាកព្យាបាលទៀតផង។

ក្រសួងអះអាងថា អ្នកជំងឺថ្មីទាំង៤៤៦នាក់នោះ ជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ ​​អ្នកជំងឺកូវីដ-១៩ថ្មីទាំងនោះ រួមមាន នៅរាជធានីភ្នំពេញ ចំនួន៣៣១នាក់ ខេត្តកណ្តាល ២១នាក់ ព្រះសីហនុ ៨២នាក់ តាកែវ ៥នាក់ កំពង់ស្ពឺ ២នាក់។ ចំណែកខេត្តស្វាយរៀង ​ព្រៃវែង បន្ទាយមានជ័យ​ កំពង់ចាម​ ​ និងខេត្តបាត់ដំបង គឺ​មានអ្នកជំងឺម្នាក់ៗ។ ​ 

គិតត្រឹមព្រឹកថ្ងៃទី២២ ខែមេសានេះ អ្នកជំងឺកូវីដ-១៩ សរុបមានចំនួន៨១៩៣នាក់ ក្នុងនោះអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន៧ ៦៤៨នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៥៩នាក់។ ដោយឡែក អ្នកជំងឺដែលព្យាបាលជាសះស្បើយមានចំនួន២ ៩២៤​នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥ ២០៤នាក់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ