GMAC អំពាវនាវ​ឱ្យ​ម្ចាស់​​រោង​ចក្រ​​នៅ​​​តំបន់​​បិទ​​ខ្ទប់​​ផ្តល់​​ប្រាក់​​ឧបត្ថម្ភ​​ខ្លះ​​​ដល់​​កម្មករ​

កម្មកររោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ទិញទឹកអំពៅហូបពេលសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ (ហ៊ី ឆាយ)

សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) អំពាវនាវដល់សមាជិករបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនណាមួយទៅដល់កម្មករនិយោជិតរបស់ខ្លួន ​ដើម្បី​ជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគេ​ រហូតដល់ការបិទខ្ទប់នេះត្រូវបានបញ្ចប់។

យោងតាមលិខិតរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នៅថ្ងៃទី២២ ខែមេសានេះ បានកត់សម្គាល់ថា ដោយសារតែវិធានការបិទខ្ទប់របស់រដ្ឋាភិបាលបានធ្វើឱ្យវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។

លិិខិតដដែលបន្តថា រោងចក្រដែលរងផលប៉ះពាល់បានប្រឈមមុខនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ខណៈកម្មករនិយោជិតរងគ្រោះក៏ប្រឈមមុខនឹងការថយចុះនូវប្រាក់ចំណូលដោយសារការព្យួរកិច្ចសន្យាការងារ។

យោងតាមច្បាប់ស្តីពីការងារ និងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចែងថា កម្មករនិយោជិតមិនមានកាតព្វកិច្ចបំពេញការងារឱ្យនិយោជក ហើយនិយោជកក៏មិនមានកាតព្វកិច្ចផ្តល់ប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការ​ងារ​នេះដែរ។

ទោះយ៉ាងណាក្តី សមាគមនេះបញ្ជាក់ថា ដោយមើលឃើញពីភាពលំបាករបស់កម្មករនិយោជិតក្នុង​អំឡុងពេលដ៏លំបាក​នេះ សមាគម​អំពាវនាវដល់សមាជិកទាំងអស់ដែលស្ថិត​នៅក្នុងតំបន់បិទខ្ទប់ ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនណាមួយដល់កម្មករនិយោជិត​របស់ខ្លួន បន្ថែ​ម​ពីលើការ​ឧបត្ថម្ភផ្សេងៗដែលផ្តល់ដោយរដ្ឋាភិបាល ដើម្បី​ជួយសម្រួល​ជីវភាពប្រចាំថ្ងៃរបស់ពួកគេ​ រហូតដល់ការបិទខ្ទប់នេះត្រូវបានបញ្ចប់។

លិខិតអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងការងារបាន​ចេញ​លិខិត​មួយចុះថ្ងៃទី១៩ ខែមេសា ដោយ​បង្គាប់​ឱ្យម្ចាស់រោ​ងចក្រសហគ្រាស សិប្ប​កម្ម និង​ក្រុមហ៊ុនដែលត្រូវផ្អាកសកម្មភាពអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់នេះ ដោយ​ត្រូវរក្សាប៉ុ​ស្តិ៍ការងារ និងរក្សាអតីតភាពការងារជូនកម្មករនិយោជិតរបស់ខ្លួនដដែល និង​ត្រូវបើកប្រាក់ឈ្នួលដើម​ខែមេសា ជូនដល់កម្មកររបស់ខ្លួន ប្រសិនបើមិនទាន់បើក។

លិខិតរបស់ក្រសួងក៏ជំរុញឱ្យម្ចាស់រោងចក្រ​សហគ្រាស ត្រូវផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់កម្មករនិយោជិតរបស់ខ្លួនទៅតាមលទ្ធភាព ដោយផ្អែកលើស្មារតីមនុស្សធម៌ ហើយ​​ការផ្តល់​ប្រាក់ឧបត្ថម្ភបន្ថែម​នេះក៏ត្រូវធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់នេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ