កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានបញ្ជាទៅមន្ត្រីជំនាញឱ្យស្រាវជ្រាវរកបុរសម្នាក់ឈ្មោះ ភាព ដែលអះអាងថា ខ្លួនជាជំនួយការរបស់លោក ហើយទាក់ទងទៅរកប្រាក់ពីមេបញ្ជាការកងទ័ពតាមបណ្តាខេត្ត។
ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែមេសានេះ បានអះអាងថា លោក ហ៊ុន ម៉ាណែត បានបដិសេធថា លោកមិនបានឱ្យជំនួយការណាម្នាក់ទាក់ទងតាមទូរសព្ទទៅមេបញ្ជាការកងទ័ពនិងថ្នាក់ដឹកនាំ ដើម្បីរកលុយនោះឡើយ។
ប្រភពដដែលបន្តថា ការបដិសេធនេះធ្វើឡើងក្រោយមានករណីបុរសម្នាក់ឈ្មោះ ភាព នៅថ្ងៃទី២៤ ខែមេសានេះ បានក្លែងបន្លំថាជាជំនួយការរបស់លោក ហ៊ុន ម៉ាណែត ហើយបានហៅទូរសព្ទទាក់ទងសុំលុយពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដោយប្រើប្រាស់លេខទូរសព្ឌ ០៦៧ ៣៤៩ ៤៦៦។
នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បន្ថែមថា ក្នុងសារជាសំឡេងជូនមេបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពល និងអង្គភាពទាំងអស់ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «នៅថ្ងៃនេះមានករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរសព្ទខាងលើ បានទូរសព្ទទាក់ទងបណ្តាថ្នាក់ដឹកនាំ បណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថាជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។ អ៊ីចឹង សូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមជួយបញ្ជូនព័ត៌មានបន្តទៅមេបញ្ជាការកងរាជអាវុធហត្ថ ឬកងនគរបាលជាតិ ឬនរណាទាំងអស់ បើសិនជាមានអ្នកណាទាក់ទងទៅ គឺមិនមាននោះទេ។ មិនមែនជាជំនួយការរបស់ខ្ញុំទេ។»
នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ដដែលបន្តថា បញ្ហានេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាទៅឱ្យជំនាញរបស់ប៉ូលិសស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាត់វិធានការតាមច្បាប់ផងដែរ។
ករណីយកឈ្មោះថ្នាក់ដឹកនាំ ឬអ្នកមានអំណាច ឬឈ្មោះក្រុមហ៊ុន ទៅប្រើប្រាស់ក្នុងគោលបំណងរកប្រាក់ ឬ ការពារផលប្រយោន៍របស់ខ្លួន និងបោកប្រាស់ពលរដ្ឋនេះ កន្លងមកក៏ធ្លាប់កើតមានច្រើនដែរ។
ជាក់ស្តែង កាលពីខែកក្កដា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហើបថាមានអ្នកយកឈ្មោះលោកទៅប្រើប្រាស់ដើម្បីចាប់យកដីរដ្ឋក្នុងខេត្តមណ្ឌលគិរីធ្វើជាកម្មសិទ្ធិ ខណៈលោកមិនមានដីនៅខេត្តភាគឦសានមួយនេះសូម្បីតែមួយតឹកផងនោះ។
ក្រៅពីនេះ កន្លងមក សមត្ថកិច្ចក៏ធ្លាប់បានចាប់ខ្លួនអ្នកបោកប្រាស់ពលរដ្ឋតាមទូរសព្ទ ដោយប្រាប់ពលរដ្ឋថាឈ្នះរង្វាន់នេះឬរង្វាន់នោះ ហើយតម្រូវឱ្យពលរដ្ឋបញ្ជូនប្រាក់ទៅពួកគេជាមុន ទើបពួកគេប្រគល់រង្វាន់ដែលឈ្នះនោះឱ្យពលរដ្ឋវិញ ព្រមទាំងករណីឆបោកផ្សេងទៀត៕