ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន៧១នាក់ហើយបានស្លាប់ដោយសារមេរោគផ្លូវដង្ហើមមួយនេះ ក្នុងរយៈពេលជាង២ខែប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា មានករណីអ្នកស្លាប់ដោយវីរុសកូវីដ-១៩ ចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៧១នាក់ក្នុងរយៈពេលជាង២ខែមកនេះ ដោយគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ខណៈមុនមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនមានអ្នកជំងឺកូវីដ-១៩ណាម្នាក់ស្លាប់នោះឡើយ។
សេចក្តីប្រកាសដដែលបញ្ជាក់ថា ពួកគាត់ស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ និងទី២៣ ខែមេសា ដោយសារបញ្ហាផ្លូវដង្ហើមនិងរលាកសួតទាំងសងខាងបង្កពីវីរុសជាសកលមួយនេះ និងមានអ្នកជំងឺខ្លះបន្ថែមលើជំងឺប្រចាំកាយរបស់ខ្លួន ព្រមទាំងមានអ្នកជំងឺពីរនាក់ក្នុងចំណោមនោះបានស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យផងដែរ។
អ្នកជំងឺទាំង១០នាក់នេះ រួមមាន ស្ត្រី៤នាក់ និងបុរស៦នាក់ ដែលមានវ័យចន្លោះពី២៤ឆ្នាំ ដល់៧៧ឆ្នាំ និងមានទីលំនៅក្នុងរាជធានីភ្នំពេញ ចំនួន៨នាក់ នៅខេត្តស្វាយរៀងម្នាក់ និងនៅខេត្តបន្ទាយមានជ័យម្នាក់។
សេចក្តីប្រកាសព័ត៌មានដាច់ដោយឡែករបស់ក្រសួងសុខាភិបាល ក៏បានឱ្យដឹងពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥១១នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦២នាក់បានជាសះស្បើយនិងអនុញ្ញាតឱ្យចេញពីកន្លែងសម្រាកព្យាបាល ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ។
ប្រភពដដែលបន្ថែមថា អ្នកឆ្លងថ្មីទាំង៥១១នាក់ មាន២នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន៥០៩នាក់ផ្សេងទៀតជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ។ អ្នកជំងឺ៥០៩នាក់ថ្មី រួមមាន រាជធានីភ្នំពេញ ចំនួន៣១៨នាក់, ព្រះសីហនុ ១២៦នាក់, កណ្តាល ៤៤នាក់, បន្ទាយមានជ័យ ៤នាក់, កំពង់ឆ្នាំង ៤នាក់, កំពង់ធំ ២នាក់, ស្វាយរៀង ២នាក់ ប៉ុន្តែស្លាប់១នាក់, តាកែវ ២នាក់, ត្បូងឃ្មុំ ២នាក់ និងខេត្តកំពង់ចាម ៥នាក់។
កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន៩ ៣៥៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន៨ ៨១០នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៧១នាក់ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។ ចំណែកអ្នកជាសះស្បើយមានចំនួន៣ ២១០នាក់ និងអ្នកជំងឺចំនួន៦ ០៧២នាក់កំពុងសម្រាកព្យាបាលនៅឡើយ៕









