សង្គមស៊ីវិលនិងប្រជាពលរដ្ឋស្នើទៅអាជ្ញាធររៀបចំឱ្យមានការរក្សាគម្លាតសង្គម និងត្រូវចុះយកសំណាកធ្វើតេស្តកូវីដ-១៩ ដល់មូលដ្ឋានដែលពលរដ្ឋរស់នៅ ចៀសវាងការប្រមូលផ្តុំមនុស្សច្រើនដែលធ្វើឱ្យពួកគាត់បារម្ភខ្លាចឆ្លងជំងឺនេះបន្ថែមទៀត។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំមួយដោយឱ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ដ្រ «តំបន់ក្រហម» ទាំងអស់ ត្រូវទៅផ្ដល់សំណាកតេស្តរកមេរោគកូវីដ-១៩ ជាកំហិត ក្រោមហេតុថា ដើម្បីកាត់ផ្តាច់ប្រភពចម្លងនិងឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
អាជ្ញាធរបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការឬគេចវេះមិនទៅផ្ដល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពី«វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន។
ពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កញ្ញា ពុធ ចាន់សុខា លើកឡើងថា គាត់និងគ្រួសារយល់ព្រមទៅផ្ដល់សំណាក ប៉ុន្តែកញ្ញាបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ ដោយសារពេលដែលកញ្ញាទៅផ្ដល់សំណាកនៅទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ កាលពីម្សិលមិញនោះ មានមនុស្សច្រើនមិនអាចរក្សាគម្លាតបានឡើយ។
កញ្ញាបន្តថា ៖«៨០ភាគរយ ពួកគាត់មិនរក្សាគម្លាតទេ! ខ្ញុំមិនយល់ថាពួកគាត់គិតម៉េចទេដែលខំសម្ងំនៅក្នុងផ្ទះហើយ បែរជាទៅពពាក់ពពូនគ្នា ដណ្ដើមគ្នាយកសំណាក ខ្ញុំអត់យល់! សម្រាប់ខ្ញុំប្រកាន់និងការពារ ខ្ញុំនៅតែក្នុងផ្ទះ មានអីហូបហ្នឹង។ ពេលយកសំណាកដូចយកខ្លួនឯងទៅប៉ះពាល់មេរោគហ្នឹងអ៊ីចឹង។ អ៊ីចឹងបើអាច ខ្ញុំចង់សំណូមពររាជរដ្ឋាភិបាលឱ្យពួកគាត់មកយកសំណាកតាមភូមិវិញ ព្រោះក្នុងមួយសង្កាត់មនុស្សច្រើនមែនទែន អ៊ីចឹងបើយកតាមភូមិយ៉ាងយូរមួយថ្ងៃទេ គឺយកអស់ហើយ ព្រោះការយកសំណាកមួយភ្លែតហ្នឹងដូចការចាក់វ៉ាក់សាំងហ្នឹង»។
ពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ កញ្ញា ធារី និយាយថា ពួកគាត់មានក្ដីបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ ដោយសារការរៀបចំគម្លាតសុវត្ថិភាពនៅមិនទាន់បានល្អនៅឡើយទេ។ កញ្ញាបន្តថា បច្ចុប្បន្ន រូបគាត់នៅសម្ងំតែក្នុងផ្ទះ ដោយមិនហ៊ានចេញសូម្បីតែនៅខាងមុខផ្ទះ។
ករណីនេះ កញ្ញាស្នើទៅអាជ្ញាធរចុះធ្វើតេស្តរកកូវីដ-១៩ ដល់មូលដ្ឋានដែលពួកគាត់រស់នៅ ឬធ្វើនៅតាមភូមិ ដោយមានកំណត់ចំនួនអ្នកទៅចូលរួមផ្តល់សំណាកឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការប្រមូលផ្តុំមនុស្សច្រើន។
កញ្ញាបន្តថា៖ «ខ្ញុំគិតថា គាត់អាចរៀបចំតាមក្រុមក្នុងការកំណត់ ដូចជា ក្រុមណាទៅយកសំណាកមុន បន្ទាប់មកដល់ក្រុមបន្តបន្ទាប់ទៀត ដើម្បីយើងកាត់បន្ថយចំនួនអ្នកចេញទៅយកសំណាកហ្នឹង។ អាហ្នឹងយើងអាចរក្សាគម្លាតហើយ ណាមួយពេលយើងទៅ បង្កើតទំនុកចិត្ត អាចមានសុវត្ថិភាពជាង។ បើយើងជួបជុំគ្នាច្រើន វាប្រឈមហានិភ័យខ្លាំងយើងអត់ដឹងអ្នកណាគេគាត់ឈឺឬក៏អត់អ៊ីចឹង»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព មានប្រសាសន៍ថា អាជ្ញាធរគួរតែបង្ហាញពីការរៀបចំការរក្សាគម្លាត និងវិធានការការពារផ្សេងៗទៀតប្រាប់ទៅប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសហានិភ័យនិងការចម្លងជំងឺ អំឡុងពេលដែលពួកគាត់ទៅផ្ដល់សំណាករកមេរោគកូវីដ-១៩នោះ។
លោកស្រីបន្តថា ប្រសិនអាជ្ញាធរប្រមូលយកសំណាកពលរដ្ឋរស់នៅតំបន់ក្រហម គួរតែធ្វើនៅតាមភូមិឬតំបន់ដែលកំពុងមានបញ្ហាប្រឈមទាំងនោះ ដើម្បីកាត់បន្ថយការប្រមូលផ្ដុំគ្នាច្រើន ហើយបញ្ចៀសហានិភ័យនៃការឆ្លងនិងអាចកាត់ផ្ដាច់ខ្សែរចម្លងជំងឺកូវីដ-១៩ បានផងដែរ។
លោកថា៖ «តាមអាជ្ញាធរដែលគាត់ប្រកាស សម្រាប់ខ្ញុំផ្ទាល់មើលទៅបារម្ភមែនទែន បារម្ភដោយសារ កន្លងមក សូម្បីតែចាក់វ៉ាក់សាំងក្ដី នៅមានការរៀបចំតាមលេខរៀងនិងតាមការអញ្ជើញរបស់អាជ្ញាធរផង នៅមានភាពកកកុញ ចុះទម្រាំការប្រកាសមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថានឹងត្រូវធ្វើយ៉ាងម៉េចអីហ្នឹង។ បើសិនឱ្យប្រជាពលរដ្ឋត្រូវតែចេញទៅអីហ្នឹង យើងដឹងហើយនៅតំបន់ក្រហមមិនតម្រូវឱ្យចេញពីផ្ទះផង។ អ៊ីចឹងនៅពេលចេញទៅជួបគ្នា តើវានឹងមានហានិភ័យបែបណា?»
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា អាជ្ញាធរនឹងរៀបចំចុះយកសំណាកពលរដ្ឋនៅតាមភូមិសម្រាប់តំបន់ក្រហមតាមសំណើរបស់ពួកគាត់ ប៉ុន្តែសម្រាប់អ្នកមិនរស់នៅតំបន់ក្រហម ត្រូវទៅផ្ដល់សំណាកនៅទីតាំងដែលអាជ្ញាធរជូនដំណឹង។
លោកថា៖ «មិនត្រឹមតែប្រកាសឱ្យទៅយកទេ ខ្ញុំបង្កើតឡើង២៤ភូមិទៀតនៅក្នុងតំបន់ក្រហម ដើម្បីឱ្យគាត់ទៅយកតាមភូមិនៅជិតគាត់បំផុត ប៉ុន្តែជួយផ្សាយត្រូវតែយកសំណាកនៅជិតផ្ទះគាត់ កុំឱ្យគាត់ពពាក់ពពួន បើគាត់បារម្ភអ៊ីចឹងហើយ។ យើងនឹងយកទៅដល់ភូមិ ហើយប្រធានភូមិនឹងប្រកាសជូនគាត់។ អ៊ីចឹងគាត់ចង់ទៅយក គឺទៅតាមភូមិភ្លាម បន្តិចទៀតខ្ញុំនឹងប្រកាសថាគាត់ទាក់ទងអ្នកណាខ្លះ ដើម្បីទៅយកសំណាក។ តំបន់ក្រហម យកតាមភូមិ! តែបងប្អូនកម្មករនៅតាមដងផ្លូវធំៗ ទៅយកនៅកន្លែងដែលខ្ញុំបានប្រកាស ដើម្បីរំលែកគ្នាកុំឱ្យពពាក់ពពួនគ្នា»។
បើតាមសេចក្ដីណែនាំរបស់អភិបាលរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី២៣ ខែមេសា ឱ្យដឹងថា ទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម ហើយត្រូវយកសំណាក ក្នុងនោះមានទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ, ទីតាំងបណ្តោយផ្លូវលេខ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា, ទីតាំងវិហារព្រះយេស៊ូ ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតនៅស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ។
ចំណែកពលរដ្ឋរស់នៅសាលាបឋមសិក្សាសុភមង្គល ក្នុងភូមិប៉ែកខាងជើង, ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១ និងដីឡូត៍ខាងក្រោយផ្សារឯករាជ្យ ក្នុងភូមិត្រពាំងថ្លឹង១ ក្នុងសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវយកសំណាកដែរ។
ក្រៅពីអ្នករស់នៅខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យនោះ ប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏ត្រូវទៅយកសំណាកនៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡាដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវមានភារកិច្ចត្រៀមលក្ខណៈបន្ថែមទៀត ចំពោះការធ្វើតេស្តកូវីដ-១៩ ជាទ្រង់ទ្រាយធំនេះ ទាំងការរៀបចំសណ្តាប់ធ្នាប់ រក្សាគម្លាតសង្គម ទាំងការប្រឹក្សាយោបល់ជូនពលរដ្ឋ។ ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ព្រមទាំងរៀបចំលក្ខណៈទុកជាមុន ប្រសិនបើទំហំនៃការធ្វើតេស្តនោះបង្ហាញថា អ្នកវិជ្ជមានកូវីដ-១៩ មានចំនួនកាន់តែច្រើន។
លោកមានប្រសាសន៍ថា៖ «រឿងទាំងអស់ហ្នឹងសុទ្ធតែជារឿងដែលត្រូវត្រៀមទុកឱ្យហើយ មុននឹងចាប់ផ្តើមធ្វើតេស្តជាទ្រង់ទ្រាយធំ។ បើសិនជាមិនបានត្រៀមទេ ឧបមាថារកទៅឃើញចំនួនហ្នឹងមានការកើនឡើង ១ ០០០ ឬ ២ ០០០នាក់ ក្នុងមួយថ្ងៃ តើត្រូវគ្រប់គ្រងបែបម៉េចក្នុងស្ថានភាពបែបហ្នុង? ព្រោះជួនកាល វាអាចធ្វើឱ្យមានភាពចលាចលក្នុងពេលរកឃើញចំនួនច្រើន។ អាហ្នឹងយើងមិនទាន់ហ៊ានទស្យន៍ទាយថាមានធំប៉ុណ្ណាទេ ប៉ុន្តែសុទ្ធតែជារឿងដែលអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួង ហើយនិងរដ្ឋាភិបាលត្រូវត្រៀមលក្ខណៈហ្នឹងឱ្យហើយទៅ។ បើសិនយើងត្រូវការធ្វើតេស្តទ្រង់ទ្រាយធំ ព្រោះជួនកាលអាលទ្ធផលបង្ហាញក៏អាចធំដែរ ក្រែងយើងគ្រប់គ្រងអត់ឈ្នះ»៕









