រដ្ឋាភិបាល​បញ្ចេញ​រថយន្តកង​ទ័ព​ជិត ១០០​គ្រឿង ដឹក​ស្បៀង​ជូន​ពលរដ្ឋ​​នៅ​តំបន់​ក្រហម

មន្ត្រីអាវុធហត្ថនិងក្រុមការងារមូលដ្ឋាន រៀបចំអំណោយជាស្បៀងអាហារសម្រាប់ចែកជូនពលរដ្ឋដែលធ្វើចត្តាឡីស័កនៅគេហដ្ឋានរៀងខ្លួន ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Phnom Penh Gendarmerie)

ក្រុមការងារ​កង​កម្លាំងបញ្ជាការដ្ឋាន​កង​​អង្គរក្ស បាន​បញ្ចេញ​រថយន្ត​កងទ័ព​ចល័ត​ជិត ១០០​គ្រឿង ដឹកស្បៀង​ជូនប្រជាពលរដ្ឋ​នៅតំបន់បិទខ្ទប់​ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បីជួយ​ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេល​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋាន​អង្គរក្ស បានប្រាប់វីអូឌីនៅថ្ងៃនេះថា លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យរូបលោកនិងកម្លាំងអង្គរក្ស យករថយន្តកងទ័ពចល័តប្រហែលជា ៩០គ្រឿង ដឹក អង្ករ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីវអ៊ីវ មី និងត្រីខកំប៉ុងជាដើម ជូនប្រជាពលរដ្ឋនៅតំប​ន​់បិទខ្ទប់ ជាពិសេសតំបន់ក្រហម ក្នុងនោះ រថយន្តចំនួន ៦០គ្រឿង ត្រូវបាន​ដឹកជញ្ជូនស្បៀងទាំងនោះនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និង ៣០គ្រឿងទៀត  សម្រាប់ដឹកស្បៀងនៅខេត្តព្រះសីហនុ។

លោកមានប្រសាសន៍ថា៖ «តាមបទបញ្ជារបស់សម្តេច [ហ៊ុន សែន] យើងដឹកស្បៀងរាប់ម៉ឺនតោន ទៅតំបន់ក្រហម ជូនពលរដ្ឋប្រហែល១សប្តាហ៍ហើយ ព្រោះនៅតំបន់នោះគ្រោះថ្នាក់ខ្លាំង អញ្ចឹងយើងត្រូវដឹកជូនពួកគាត់ដើម្បីការពារកុំឱ្យឆ្លងការរាលដាលនៃជំងឺកូវីដ-១៩»

លោក​ ហ៊ីង ប៊ុនហៀង បញ្ជាក់ថា ក្រៅពីការបញ្ចេញរថយន្ត និងកម្លាំងដឹកជញ្ជូនស្បៀងជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងតំបន់ក្រហម ទាំងនៅភ្នំពេញ និងនៅខេត្តព្រះសីហនុនោះ  គឺកម្លាំងបញ្ជាការដ្ឋានអង្គរក្សមួយផ្នែកទៀត បានដឹកជញ្ជូនស្បៀងយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារ៉ាម​ទាំង ១៤២វត្ត ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងតំបន់មួយចំនួនទៀត ក្រោមការសម្របសម្រួលរបស់រដ្ឋបាល​រាជ​ធានីភ្នំពេញផងដែរ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះ ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យលោក ម៉េត មាសភក្តី បានទេនៅថ្ងៃនេះ។

តែយ៉ាងណា លោក ហ៊ីង ប៊ុនហៀង មានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃ២៥ ខែឆ្នាំដដែលនេះ គឺមានរយៈពេល១សប្តាហ៍ហើយ ដែលកងអង្គរក្សបានដឹកស្បៀងជាង ៣០ ០០០តោន ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងប្រហែល ៣០០តោន នៅខេត្តព្រះសីហនុ ខណៈរថយន្តប្រហែល ៣០គ្រឿងទៀត នឹងត្រៀមដឹកស្បៀងបន្ថែម បើសិនជាមានករណីឆ្លងជំងឺ​កូវីដ-១៩នៅបន្តកើតមាន​ច្រើន ហើយរដ្ឋត្រូវការបន្ទាន់នោះ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព គាំទ្រនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការបញ្ចេញរថយន្តកងទ័ពដឹកស្បៀងជូនពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ លោកស្រីផ្តល់ជាអនុសាសន៍ថា ការផ្តល់ស្បៀងដល់ពលរដ្ឋដែលរងគ្រោះនៅតំបន់ក្រហម ជាពិសេសអ្នកដែលក្រីក្រ ត្រូវធ្វើឱ្យមានតម្លាភាព និងទាន់ពេលវេលា ទើបទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានប្រសិទ្ធិភាពខ្ពស់។

លោកស្រីផ្តល់ជាអនុសាសន៍ថា៖ «យន្តការនៃការចែកនេះ អាជ្ញាធរគួរតែយកចិត្តទុកដាក់ និងកាត់បន្ថយនៅនីតិវិធីជួបជុំគ្នា ប្រមូលផ្តុំពលរដ្ឋជាជួរៗ មើលទៅហាក់ផ្ទុយនឹងវិធានការរដ្ឋាភិបាល ពីព្រោះក្នុងស្ថានភាពនេះ គួរតែចែកតាមផ្ទះ កុំឱ្យខាតពេលនិងមានហានិភ័យ ហើយការផ្តល់អំណោយនេះ ត្រូវធ្វើឱ្យមានតម្លាភាព មានគណនេយ្យភាព ជាពិសេសអ្នកដែលក្រីក្រ និងអ្នកដែលប៉ះពាល់ធ្ងន់ធ្ងរ អាជ្ញាធរគួរតែចែកឱ្យគាត់មុន ហើយអ្នកដែលមានលទ្ធភាពអាចបរិច្ចាកឱ្យអ្នកដែលក្រីក្រកាន់តែប្រសើរ»

កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ចេញរថយន្តចល័តចំនួន ៧គ្រឿង ដើម្បីលក់អង្ករ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងត្រីខកំប៉ុង ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។

ក្រោយមកនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាត​ឱ្យក្រុមហ៊ុនដឹកជញ្ជូន​ វីរៈប៊ុន​ថាំ បញ្ចេញ​រថយន្តចំនួន ៦៤គ្រឿង បើក​ចល័តលក់គ្រឿងឧបភោគបរិភោគ (ដូចផ្សារ Mart) ជូនប្រជាពលរដ្ឋ​ដើម្បីបំពេញបន្ថែមនូវតម្រូវការរបស់ប្រជាពលរដ្ឋ។ រថយន្តទាំងនោះ ​មានលក់គ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន បន្លែ ត្រី សាច់ អង្ករ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករ ខ្ទឹម ប៊ីចេង ម្រេច មី និងត្រីខកំប៉ុង ជាដើម។

ការសម្រេចបញ្ចេញរថយន្តរដ្ឋ និងឯកជនជាបន្តបន្ទាប់នេះ ដោយសារតែរដ្ឋាភិបាល​សម្រេចបិទខ្ទប់រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ត​កណ្តាល រយៈពេល១៤ថ្ងៃ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដោយ​អនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ខែឆ្នាំដដែល។

ក្រោយពីឆ្លងរាលដាលក្នុងសហគមន៍៍កាន់តែខ្លាំងនោះ រដ្ឋបាល​រាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំទៅអាជ្ញាធរទាំង ១៤ខណ្ឌ ផ្អាកដំណើរការ​​ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ (ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវជាដើម) ជា​បណ្តោះអាសន្ន​​រយៈ​ពេល​១៤ថ្ងៃ​ គិតចាប់ពីថ្ងៃ ២៤ ខែមេសា ដល់ថ្ងៃទី៧​ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩បន្ថែមទៀត។

ចំណែក នៅខេត្តព្រះសីហនុ ឯណោះវិញ អភិបាលខេត្ត​ក៏បានបិទផ្អាកជាបណ្ដោះអាសន្ន អាជីវកម្ម ឬការលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ០៣រសៀលថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩  បន្ទាប់ពីមន្ត្រីសុខាភិបាល បានរកឃើញអាជីវករលក់ដូរក្នុងផ្សារលើជាង ១០នាក់ បានឆ្លងជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ