រដ្ឋាភិបាល បន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ​ដល់​ថ្ងៃ​ទី​៥​​ខែឧសភា

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាល សម្រេច​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល រយៈ​ពេល​១សប្តាហ៍បន្ថែម​ទៀត ក្នុងនោះ ក៏​មាន​​ការ​​​បែង​ចែក​តំបន់មួយ​ចំនួន​​ជា ​«តំបន់​ក្រហម» «តំបន់​លឿង​ទុំ» និង «តំបន់​លឿង» ដើម្បីប្រយុទ្ធ និង​​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សេចក្តីសម្រេចរបស់​រដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ២០២១ បាន​សម្រេច​បន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ថ្ងៃទៀត ចាប់ពីម៉ោងសូន្យថ្ងៃទី២៩ ខែមេសា​ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ហើយ​ការបិទខ្ទប់​នេះអាចត្រូវបាន​បន្តបន្ថែមទៀត អាស្រ័យ​លើការចូលរួមអនុវត្ត​​​របស់​ប្រជាពលរដ្ឋ និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

រដ្ឋាភិបាល បន្តថា ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែក​ជា ៣តំបន់ ក្នុងនោះ រួមមាន​ «តំបន់ក្រហម» ជាតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ «តំបន់​លឿង​ទុំ» ជាតំបន់​ដែលមានការឆ្លងរាលដាលកម្រិតមធ្យម និង «តំបន់​លឿង» ជាតំបន់​ដែលមានការឆ្លងរាលដាលកម្រិតស្រាល ដែលការកំណត់តំបន់ទាំងនេះ នឹងត្រូវសម្រេច​ដោយ​​អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល។

សម្រាប់វិធានការដែលត្រូវអនុវត្តនៅតំបន់ក្រហម រដ្ឋាភិបាល បានកំណត់ថា បុគ្គលគ្រប់រូបត្រូវហាមឃាត់មិនឱ្យ​ធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន​របស់​ខ្លួន ប៉ុន្តែអាចលើកលែងចំពោះករណីចាំបាច់មួយចំនួន។

ចំណែក ​ផ្សារ និងកន្លែងលក់ម្ហូបអាហារ និងគ្រឿង​​​​ឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់ ក៏ត្រូវផ្អាកជាបណ្តោះអាសន្ននៅក្នុងតំបន់ក្រហមនេះ​​ដែរ លើកលែងតែសកម្មភាពការងារ មុខរបរ និងអាជីវកម្ម​មួយចំនួន ដែលបម្រើផលប្រយោជន៍​សាធារណៈ សេវាសុខាភិបាល និងទីតាំងផលិតស្បៀងមួយចំនួន រួមនិងសេវាប្រមូលសំរាមប៉ុណ្ណោះ ដែលអនុញ្ញាត។ ចំពោះការជួបជុំ ឬប្រមូលផ្តុំមនុស្ស​ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ផងដែរ។

សេចក្តីសម្រេចរបស់រដ្ឋាភិបាល បន្តទៀតថា នៅ​តំបន់​លឿងទុំ​ ក៏មានការហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន​របស់​ខ្លួនផងដែរ ប៉ុន្តែក៏មានការលើកលែងចំពោះក្នុងករណីចាំបាច់មួយចំនួនផងដែរ។ ក្រៅពីនោះ ក៏មានការហាមឃាត់​រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃផងដែរ លើក​លែង​តែ​សកម្មភាពការងារ​ មុខរបរ និងអាជីវកម្មមួយចំនួន មានការអនុញ្ញាត ប៉ុន្តែត្រូវកាត់បន្ថយចំនួនបុគ្គលិក​ និងគោរពតាមវិធានសុខាភិបាល។

នៅតំបន់លឿងទុំ​នេះដែរ រដ្ឋាភិបាល ក៏បានហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សច្រើនផងដែរ លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាលនិងការប្រមូលផ្តុំមនុស្សដើម្បីយកសំណាក ការចាក់វ៉ាក់សាំង និងសង្គ្រោះបន្ទាន់ និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពរដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ និងរបៀបរៀបរយ​សាធារណៈ។

ចំពោះតំបន់លឿង​​វិញ រដ្ឋាភិបាល បានតម្រូវឱ្យ​អនុវត្ត​បម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ និងរាល់​សកម្មភាពការងារ មុខរបរ ឬអាជីវក​ម្ម​ នៅចន្លោះម៉ោង៨យប់ ដល់​ម៉ោង៥ភ្លឺ។ ប៉ុន្តែករណីនេះអាចលើកលែងចំពោះការធ្វើដំណើររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ការធ្វើដំណើរដោយមូល​ហេតុ​សុខភាពបន្ទាន់ និង​ករណីចាំបាច់មួយចំនួនទៀត។

ទោះយ៉ាងណា នៅក្នុងតំបន់​លឿងទុំនេះដែរ រដ្ឋាភិបាល បានណែនាំដល់អាជ្ញាធរ បន្តពង្រឹងវិធានការ​នានា​ឱ្យបានម៉ឹងម៉ាត់ ក្នុងកំឡុងពេលបិទខ្ទប់នេះ រួមទាំង​ការធ្វើដំណើរចេញ-ចូល​ក្នុងតំបន់​ក្រហម និងតំបន់លឿងទុំ និងការធ្វើដំណើរចេញពីតំបន់បិទខ្ទប់​នេះ។

ក្រៅពីនោះ រដ្ឋាភិបាល ក៏បានណែនាំដល់អាជ្ញាធរ ត្រូវចាត់ចែងជំរុញ និងបង្កើន​សកម្មភាពចែកចាយ​ឱ្យ​បានឆាប់រហ័ស និងទាន់ពេលនូវជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋងាយ​រង​គ្រោះ ពលរដ្ឋក្រីក្រ និងមានការលំបាក​ក្នុងជីវិភាពក្នុងតំបន់​បិទខ្ទប់នេះ ជាពិសេស​នៅតំបន់​ក្រហម និងតំបន់​លឿងទុំ រួមទាំងវិធានការនានាមួយចំនួន​ទៀតឱ្យ​មានប្រសិទ្ធភាពផងដែរ ក្នុងកំឡុងពេលបិទខ្ទប់នេះ។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាល​សម្រេចបិទខ្ទប់រាជ​ធានីភ្នំពេញ និង​ក្រុងតាខ្មៅ ខេត្ត​កណ្តាល រយៈពេល១៤ថ្ងៃ ​ដោយ​អនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ