អ្នក​ស្លាប់​ដោយ​​កូវីដ-១៩​​កើន​ដល់​៧៩​នាក់​ និង​ឆ្លង​ជាង​១​ម៉ឺន​នាក់​​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍​២០​កុម្ភៈ​

ពលរដ្ឋជាច្រើនមកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល​ ប្រកាស​ពីការស្លាប់ដោយសារវីរុសកូវីដ-១៩ ចំនួន៥នាក់ និងរកឃើញឆ្លងថ្មីជិត៦០០នាក់បន្ថែមទៀតក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមមួយនេះកើនដល់៧៩នាក់ និងអ្នកឆ្លងកើនដល់១០ ០០៥នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកស្លាប់​ដោយសារជំងឺកូវីដ-១៩ ទាំង៥នាក់នោះ រួមមាន ស្ត្រី២នាក់ និងបុរស៣នាក់ ដោយ៤នាក់រស់នៅរាជធានី​ភ្នំពេញ និង​ម្នាក់ទៀតនៅខេត្តកែប។

ក្រសួងបន្ត​ថា ពួកគាត់​ស្លាប់បាត់បង់ជីវិ​តដោយសារមានបញ្ហាផ្លូវដង្ហើម និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ហើយអ្នកជំងឺខ្លះ​ក៏មាន​​ជំងឺប្រចាំកាយផងដែរ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺទាចទឹក និងជំងឺលើសឈាម។

ដោយឡែក ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយទៀត បញ្ជាក់ពីការ​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៥៨០នាក់ថែមទៀត ​ខណៈអ្នកជំងឺចំនួន១៧៧នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យ​​ចេញ​ពី​កន្លែង​សម្រាក​ព្យាបាល ប៉ុន្តែត្រូវធ្វើចត្តាឡីស័កតាមដានខ្លួនឯង​រយៈពេល១៤ថ្ងៃទៀត។

ក្នុងចំណោមអ្នកឆ្លងទាំង៥៨០នាក់ ក្រសួងថា ​មានករណីនាំចូលពីក្រៅប្រទេស​តែម្នាក់ប៉ុណ្ណោះ ​ជាពលរដ្ឋខ្មែរ ​ធ្វើដំណើរមកពីប្រទេសថៃ ក្រៅពីនោះ​ជាអ្នកពាក់ព័ន្ធក្នុងសហគមន៍២០កុម្ភៈទាំងអស់។

បើតាមក្រសួងសុខាភិបាល រាជធានីភ្នំពេញនៅតែស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេដដែល ក្នុងចំណោម​អ្នកជំងឺឆ្លងថ្មី ដែលបានរកឃើញកាលពីថ្ងៃម្សិលមិញនោះ ដោយមានអ្នកឆ្លងចំនួន៣៣៧នាក់ បន្ទាប់មក ខេត្តព្រះសីហនុ និងបន្ទាយមានជ័យ ដែលមានអ្នកឆ្លង៩១នាក់ដូចគ្នា។

ដោយឡែក ខេត្តកណ្តាល មានចំនួន៥១នាក់ ហើយខេត្តកំពង់ធំ និងព្រៃវែង មានអ្នកឆ្លង២នាក់ដូចគ្នា។ រីឯខេត្តកែប ​កំពង់ឆ្នាំង ​​កំពង់ស្ពឺ​ ​ស្វាយរៀង និង​ត្បូងឃ្មុំ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន​ម្នាក់ៗ។ ​

កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន១០ ៥៥៥នាក់ ក្នុងនោះអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន១០ ០០៥ នាក់ និង​មាន​អ្នកស្លាប់ចំនួន៧៩នាក់ គិតត្រឹម​ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។ សម្រាប់អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៣ ៥៧៧នាក់  និង ៦ ៨៩២នាក់ កំពុងសម្រាកព្យាបាលនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ