រដ្ឋា​ភិបាល​​​ពង្រឹង​វិធាន​ការ​ទប់​ស្កាត់​កូវីដ-១៩​នៅ​តំបន់​​​បិទ​​ខ្ទប់​ ខណៈ​​ពលរដ្ឋ​នៅ​ទី​នោះ​ត្អូញត្អែរ​​ពី​បញ្ហា​​ជីវ​ភាព​

អាជ្ញាធរខណ្ឌប្រកាសតាមភូមិពីវិធានការសុខាភិបាលដល់អ្នករស់នៅតំបន់ស្ទឹងមានជ័យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ សាលាសង្កាត់ ស្ទឹងមានជ័យ)

រដ្ឋាភិបាលបន្តណែនាំដល់អភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈកម្មករនិងប្រជាពលរដ្ឋមួយចំនួនដែលកំពុងជាប់នៅកន្លែងបិទខ្ទប់​ត្អូញត្អែរពីការខ្វះខាតជីវភាព។

ក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលបានបន្តណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវ​ផ្តោត​ការ​យក​ទុក​ដាក់​បន្ថែម​ទៀត ដោយ​ដាក់​ចេញនិងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដូចជា នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបន្តបិទខ្ទប់ ដើម្បីពង្រឹងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ទៅកន្លែងផ្សេងទៀត ជាពិេសសការធ្វើចរាចរណ៍របស់​មនុស្សក្នុងតំបន់បិទខ្ទប់នេះ។

សេចក្តីណែនាំដដែលបន្ថែមទៀតថា សម្រាប់ភូមិសាស្ត្រឬទីតាំងដែលមានការផ្ទុះជំងឺកូវីដ-១៩ អាជ្ញាធរខេត្តនីមួយៗត្រូវចាត់វិធានការសំដៅដល់ការកាត់ផ្តាច់និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះឱ្យបានឆាប់រហ័ស ទាន់ពេលវេលា តាមរយៈការបិទខ្ទប់ភូមិសាស្ត្របន្តទៀត ផ្អាក​សកម្មភាពអាជីវកម្ម មុខរបរ សកម្មភាពការងារ និងកាត់ផ្តាច់ចរាចរណ៍ចេញ-ចូលតំបន់ផ្ទុះ​ជំងឺកូវីដ-១៩ នេះផងដែរ។

រដ្ឋាភិបាលក៏បាន​ជំរុញឱ្យអាជ្ញាធរត្រូវស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ដើម្បីយកសំណាកទៅពិនិត្យ ហើយធ្វើចត្តាឡីស័កនិងព្យាបាលផងដែរ។

សេចក្តីណែនាំនេះបន្តទៀតថា ក្នុងករណីមានការផ្ទុះការឆ្លងរាលដាលក្នុងខេត្តជាប់ព្រំប្រទល់គ្នា អាជ្ញាធរខេត្តដែលពាក់ព័ន្ធត្រូវសហការគ្នាដាក់ចេញវិធាន​ការរឹតត្បិតឬហាមឃាត់ការធ្វើដំណើរចេញ-ចូលភូមិសាស្ត្រដែលផ្ទុះជំងឺកូវីដ-១៩នោះជាបណ្តោះអាសន្ន និងត្រូវពង្រឹងការអនុវត្តវិធានការផ្សេងៗជាច្រើនទៀត។

កម្មករម្នាក់បម្រើការងារនៅរោងចក្រ ឌីន ហាន លោក ស្តើង សៀង ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ស្ថិតក្នុងភូមិថ្មីសង្កាត់ស្ទឹងមានជ័យ៣ និយាយថា ការដែលរដ្ឋាភិបាលបន្តបិទខ្ទប់នេះ ធ្វើ​ឱ្យ​រូបលោកនិងកម្មករជាច្រើនផ្សេងទៀតនឹងប្រឈមការខ្វះស្បៀងអាហារនិងប្រាក់កាសសម្រាប់ចំណាយផ្សេងៗប្រចាំថ្ងៃ។

កម្មកររូបនេះឱ្យដឹងថា ចាប់តាំងពីរដ្ឋាភិបាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញមក រូបលោកទើបតែទទួលបានអំណោយពីអាជ្ញាធរតែម្តងប៉ុណ្ណោះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខណៈ​លោកថា កម្មករនិងប្រជាពលរដ្ឋប្រហែល៥០០គ្រួសារដែលរស់នៅតំបន់នោះកំពុងប្រឈមខ្វះស្បៀង​។

លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរជួយផ្តល់ស្បៀងបន្ថែមដល់ពួកខ្ញុំទៀត។ ហើយមួយទៀត សុំឱ្យរដ្ឋាភិបាល​ជួយសម្រួលដល់ការបង់ថ្លៃទឹកភ្លើងដល់បងប្អូនកម្មករផង ព្រោះពួកយើងឥលូវអត់មានការងារធ្វើទេ។ ព្រោះយើងសម្រាក១៤ថ្ងៃទៀត យើងអត់មានការងារធ្វើទេ អ៊ីចឹងយើងអត់មានប្រាក់ចំណូលដើម្បីសម្រាប់ចាយវាយនិងបង់ថ្លៃទឹកភ្លើង និងសុំឱ្យធនាគារមានការយោគយល់កម្មករ-កម្មការិនីដែលជាប់ជំពាក់ធនាគារផង»

ស្ត្រីមេម៉ាយបម្រើការងារនៅរោងចក្រ ស៊េង យ៉ុង អ្នកស្រី ភាង សារ៉ុម បានរៀប​រាប់ថា រាល់ថ្ងៃអ្នកស្រីត្រូវខិតខំធ្វើការងារដើម្បីចិញ្ចឹមសមាជិកគ្រួសារ៧នាក់តែម្នាក់ឯង។ កម្មការិនីរូបនេះបន្តថា អ្នកស្រីបានជាប់ធ្វើចត្តាឡីស័កនៅបន្ទប់ជួល ជាមួយកម្មករជាង៣០នាក់ផ្សេងទៀត ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ រយៈពេលជាង២០ថ្ងៃហើយ ដោយពុំមានលុយនិងស្បៀងអាហារគ្រប់គ្រាន់សម្រាប់​ផ្គត់​ផ្គង់​គ្រួសារនិងខ្លួនឯងឡើយ។

អ្នកស្រីបន្ថែមថា៖ «ម្តាយនិងកូនរបស់ខ្ញុំ​នៅស្រុក គាត់អត់មានអីហូប អត់មានអីចាយ ហើយខ្ញុំត្រូវបានគេឃុំឱ្យធ្វើចត្តាឡីស័កក្នុងបន្ទប់ជួលនៅភ្នំពេញទៀត អត់មានអ្នកណាមកសួរនាំ អត់មានអ្នកណាមកចេញអំណោយអីឱ្យទេ ទទេតាំងពីគេបិទថ្ងៃទី១០ មេសាមក។ ខ្ញុំសូមអំពាវនាវសុំអាហារហូបចុក លុយកាក់ខ្លះសម្រាប់បង់ថ្លៃបន្ទប់ ទឹកភ្លើង គ្រួសារខ្ញុំអត់មានអីចាយ»

កម្មកររោងចក្រមួយក្រុមទៀតដែលកំពុងស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុក សុំ​ជំនួយពីអាជ្ញាធរនិងសប្បុរស​ជន​ឱ្យ​ជួយ​ផ្តល់ស្បៀង​អាហារនិងប្រាក់កាសផងដែរ។

អ្នកស្រី ចាន់ ស៊ីណា ជាកម្មការិនីម្នាក់ក្នុងចំណោមនេះបានអះអាង​ថា កម្មករដែលកំពុង​ជួបបញ្ហាជីវភាពនោះមាន១៣៤​គ្រួសារ។ អ្នកស្រីថា តាំងពីរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញមក គឺពួកគាត់បានបាត់បង់ចំណូលទាំងស្រុង ដោយសារពុំបានទៅធ្វើការងារ។

អ្នកស្រីបន្ថែមថា៖ «បើនិយាយរឿងខ្វះហ្នឹង ខ្វះខាតទាំងអស់តាំងពី​អង្ករ​ ទាំងម្ហូបអាហារ និងថ្លៃចំណាយផ្សេងៗ​ទៀត។​ ជារួម​ និយាយទៅ ​ខ្វះសព្វគ្រប់តែម្តង ពីព្រោះយើងអត់បានចេញទៅរកអីផង នៅបន្ទប់ជួលទាំងអស់គ្នា»

វីអូឌី មិនអាចសុំការឆ្លើយតប​ពីអភិបាលខណ្ឌពោធិ៍សែនជ័យ និង​អភិបាលខណ្ឌមានជ័យ បានទេ​ ពាក់ព័ន្ធករណីនេះ។

ចំណែក​ប្រធានរដ្ឋបាលខណ្ឌឫស្សីកែវ លោក សន សោភ័ណ្ឌ មានប្រសាសន៍ថា រដ្ឋបាលខណ្ឌមិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធពលរដ្ឋឬកម្មករនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជួបការខ្វះខាតនៅឡើយទេ ប៉ុន្តែយ៉ាងណា លោកថា ក្រោយទទួលបានព័ត៌មាននេះ លោកនឹងឱ្យមន្ត្រីចុះស្រាវ​ជ្រាវ ដើម្បីផ្តល់ជាអំណោយដល់អ្នកដែលកំពុងខ្វះខាតទាំងនោះ។

លោកបន្ថែមថា៖ «ជាគោលការណ៍ គឺយើងចែកជូនប្រជាពលរដ្ឋទាំងអស់ មិនឱ្យខ្វះកន្លែងណាកើតទេ។ អំណោយរបស់សម្តេចផង អំណោយរបស់សប្បុរសជន​ផង មិនឱ្យខ្វះចន្លោះកន្លែងណាទេ»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មើលឃើញថា វិធានការដោះស្រាយនិងការផ្តល់ជំនួយទៅដល់កម្មករដែលកំពុងធ្វើចត្តាឡីស័កឬកំពុងជាប់ក្នុងតំបន់បិទខ្ទប់នោះ នៅមានភាពខ្វះចន្លោះនៅឡើយ ដែល​ធ្វើឱ្យកម្មករ​ទាំង​នោះប​ន្តជួប​ការ​លំបាក។

លោក​បន្តថា ដើម្បីដោះស្រាយនិងជួលសម្រួលដល់ការលំបាករបស់កម្មករនេះ ថៅកែត្រូវបើកប្រាក់ឈ្នួលជូនកម្មករពេញ ខណៈពេលដែលពួកគេកំពុងព្យួរការងារនេះ។

លោកបន្ថែមថា៖ «យើងស្នើឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលឱ្យកម្មករចាប់ពីឥលូវនេះតែម្តង តាមប្រព័ន្ធទៅតាមវីង តាមធនាគារ​ដែលគាត់ធ្លាប់បើកហ្នឹង បង្វិលសាច់ប្រាក់ឱ្យពួកគាត់ដូចរាល់ដងទៅ ហើយកុំកាត់លុយពួកគាត់អំឡុងពេលព្យួរការងារហ្នឹង ត្រូវឱ្យគាត់ពេញ វាជាការស្រេចហើយ។ មួយវិញទៀត សម្ភារមានអង្ករ មី ទឹកត្រី និងសម្ភារផ្សេងៗទៀតហ្នឹង ត្រូវផ្តល់ឱ្យពួកគាត់ទៅតាមបន្ទប់ជួលឱ្យបានគ្រប់គ្នា ដើម្បីពួកគាត់បានអីហូបចុក។ ចំពោះសេវាសុខភាព គួរតែជួយសម្រួលឱ្យពួកគាត់បានស្រួលផង»

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទទួលស្គាល់​ថា ការឧបត្ថម្ភ​ស្បៀងអាហារទៅដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនិងជាប់ក្នុងតំបន់បិទខ្ទប់នោះ មាន​ភាពខ្វះចន្លោះមែន។ តែយ៉ាងណា លោក​​ស្នើឱ្យមានការយោគយល់ដល់អាជ្ញាធរពាក់ព័ន្ធ​ចំពោះការ​រៀបចំនេះ។

លោកបន្ថែមថា៖ «យើងសូមអធ្យាស្រ័យពីប្រជាពលរដ្ឋផង ពេលយើងជួបបញ្ហាភ្លាម យើងបានដោះស្រាយបណ្តើរៗ។ រឿងម្ហូបអាហារហ្នឹង យើងមិនឱ្យខ្វះខាតទេ វាអាចយឺតយ៉ាវបន្តិច។ ឥលូវខាងខ្ញុំនេះបានរៀបចំមជ្ឈមណ្ឌលមួយ​ ដើម្បីទទួលព័ត៌មានពីតំបន់ក្រហម និងតំបន់ផ្សេងទៀត ចំពោះអ្នកត្រូវការជំនួយជាបន្ទាន់ ដើម្បីយើងនាំព័ត៌មាននេះទៅសាលាក្រុងនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មាននិងឆ្លើយតបទៅប្រជាពលរដ្ឋឱ្យទាន់ពេលវេលា»

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបាន​សម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរនិងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលមានន័យថា ប្រជាពលរដ្ឋ​អាចចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយបាន ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល និងតំបន់បិទខ្ទប់​ផ្សេងទៀត ​បន្តហាមឃាត់ដដែល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ