ជនជាតិ​ឥណ្ឌា​​​និង​ជន​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា​ ត្រូវ​​បាន​ហាម​ចូល​កម្ពុជា​

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលកម្ពុជាបានសម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬមានប្រវត្តិឆ្លងកាត់ប្រទេសមួយនេះ ចូលមកកម្ពុជាឡើយ ខណៈប្រទេស​ឥណ្ឌាកំពុង​ផ្ទុះការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ កាន់​តែ​ខ្លាំង ជា​ពិសេសវីរុសបំប្លែង​ថ្មី​ដែល​ឆ្លងកាចសាហាវនិង​ធ្ងន់ធ្ងរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានលើកឡើងថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពខ្លាំងនិងលឿនជាងពេលមុនៗ។

ក្រសួង​បន្តថា តាមការសង្កេតមើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបំប្លែង​ថ្មី​ប្រភេទ B117 មានប្រភពចេញមកពីប្រទេសអង់គ្លេស គឺទើបតែមានលេចចេញនូវវីរុសបំប្លែង​ថ្មីមួយ​ផ្សេងមួយទៀត​ ឈ្មោះថា B1617 មានប្រភពចេញពីប្រទេស​ឥណ្ឌា។ ក្រសួងសុខាភិបាលអះអាងទៀតថា វីរុសបំប្លែងថ្មី​ B1617 ​មានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ B117 ទៅទៀត។

ករណីនេះ ក្រសួងបានសម្រេច​​​​ហាម​ឃាត់​មិនឱ្យជនជាតិឥណ្ឌានិងជនបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ​ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសមួយនេះរយៈពេល៣សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាសឬតាមផ្លូវគោក។

ក្រសួងបញ្ជាក់ថា វិធាននេះនឹងត្រូវចាប់អនុវត្តក្រោយ៤៨ម៉ោងបន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះតែម្តង។

សារព័ត៌មាន Channelnewsasia ឬ CNA បានចុះផ្សាយថា នៅថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០២១ ថា ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩​ថ្មីជាង៣០០ ០០០នាក់បន្ថែមទៀត (៣២៣ ១៤៤នាក់​) ហើយ​ចំនួន​អ្នកឆ្លងលើស​ពី៣០០ ០០០​នាក់នេះ ឥណ្ឌារក​ឃើញរយៈពេល៦ថ្ងៃជាប់ៗគ្នាមកហើយ។ ​

ប្រភពដដែលបន្តថា ស្របពេលរកឃើញអ្នកឆ្លងកូវីដ-១៩ យ៉ាងគំហុក ចំនួន​អ្នកស្លាប់នៅប្រទេសឥណ្ឌានៅថ្ងៃនេះ មានជាង២ ០០០​នាក់​​ផងដែរ។ CNA ដដែលអះអាងថា ​គិតមកត្រឹមថ្ងៃទី២៧ ខែមេសានេះ ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅឥណ្ឌា កើនដល់ជាង១៧លានករណី ឬ១៧លាននាក់ ដោយក្នុងនោះមានអ្នកស្លាប់សរុបជិត២សែននាក់ (១៩៨ ០០០នាក់) និង​ជាសះស្បើយឡើងវិញមានចំនួនជាង១៤លាន​​នាក់៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ