ក្រសួង​ការពារ​ជាតិ​លុប​ឈ្មោះ​មន្ត្រី​យោធា​ម្នាក់​​​ចេញ​ពី​ក្រប​ខ​ណ្ឌ​ ព្រោះ​​​​ល្មើស​បម្រាម​ក្នុង​ពេល​បិទ​ខ្ទប់​

បុរសឈ្មោះ គឹ​ម​ ពិសិដ្ឋ​ អាយុ៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មន្ត្រី​យោធានៅ​នាយកដ្ឋាន​វិស្វកម្ម​ ត្រូវបានឃាត់ខ្លួនក្រោយបំពានបម្រាមរាំងខ្ទប់របស់រដ្ឋាភិបាល នៅចំណុចផ្លូវ​១១៥ ​ជិត​ស្តុ​ប​៦០​ម៉ែត្រ​ ភូមិប​ត្តាជី​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ក្រសួងការពារជាតិ ប្រកាសដកឋានន្តរសក្តិ និងលុបឈ្មោះមន្រ្តីយោធាម្នាក់ចេញពីក្របខណ្ឌនៃកងយោធពលខេមរ​ភូមិន្ទ ដោយសារ​ល្មើសបម្រាម​វិធានការ​របស់​រាជរដ្ឋាភិបាលក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ ខេត្តកណ្តាល។

ក្នុងប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលចុះហត្ថលេខាដោយ​រដ្ឋមន្ត្រីក្រសួង លោក ទៀ បាញ់ កាលពីថ្ងៃម្សិលមិញ បានសម្រេចដក​ឋានន្តរសក្តិ និងលុប​ឈ្មោះវរសេនីយ៍ត្រី គឹម ពិសិដ្ឋ ជំនួយការ​កងវិស្វកម្ម​លេខ​១៨០ ស្ពានថ្នល់​ នៃ​​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ ចេញពីក្រប​ខណ្ឌនៃកង​យោធពលខេមរភូមិន្ទ។

ប្រកាសរបស់ក្រសួងបញ្ជាក់ពីមូលហេតុថា ការ​ដកឋានន្តរសក្តិនិងលុបឈ្មោះនេះ ដោយសារតែបុគ្គលរូបនេះមិន​គោរពតាមសេចក្តីសម្រេច​របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តកណ្តាល ដែលកំពុង​តាម​យាម​ប្រចាំការនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងអំឡុងបិទខ្ទប់​ក្រុងតាខ្មៅ បានឃាត់ខ្លួន​មនុស្ស​៣នាក់ ក្នុងនោះមាន​លោក គឹម ពិសិដ្ឋ អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធានៅនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ខណៈដែលជនទាំង៣នាក់បាននាំគ្នា​បើករថយន្តបម្រុងឆ្លងកាត់គោលដៅនោះក្នុងស្ថានភាពស្រវឹងស្រា និងល្មើសបម្រាមរបស់រដ្ឋាភិបាលក្នុងការបិទខ្ទប់​។​

អធិការក្រុងតាខ្មៅ លោក យី វណ្ណដា មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្រោយការឃាត់ខ្លួននិងសាកសួររួច សមត្ថកិច្ចបានបញ្ជូន​ជនសង្ស័យទាំង៣នាក់នោះទៅសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​ហើយ​។  

ព្រះរាជអាជ្ញារង និង​អ្នកនាំពាក្យ​សាលាដំបូងខេត្តកណ្តាល លោក ទិន សុចិត្រា មានប្រសាសន៍ថា មន្រ្តីយោធាឈ្មោះ គឹម ពិសិដ្ឋ​ និងគូកន២នាក់ទៀតដែលល្មើសនឹងបម្រាមរដ្ឋាភិបាល ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទមិនគោរពវិធានរដ្ឋបាល តាមមាត្រា៤ និងមាត្រា១១ នៃច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។

លោក សុចិត្រា បញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ តុលាការបានបញ្ជូនសំណុំរឿងទៅដល់ដៃចៅក្រមស៊ើប និងបានឃុំខ្លួនជនជាប់ចោទទាំង៣នាក់នោះជាបណ្ដោះអាសន្នទៅតាមនីតិវិធី ដើម្បីឈានដល់ការជំនុំជម្រះក្តី។

លោកមានប្រសាសន៍ថា៖ «បើស៊ើបអង្កេត វាមានថេរវេលារបស់វា ព្រោះមានចែងនៅក្នុងច្បាប់។ បើសិនជាសំណុំរឿងហ្នឹង យើងស៊ើបអង្កេតមូលហើយ យើងបញ្ជូនទៅជម្រះហើយ»។

តាមមាត្រា៥ និងមាត្រា១១ នៃច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ចែងថា បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល វិធានការរដ្ឋបាល ឬវិធានការផ្សេងទៀតដែលត្រូវដាក់ចេញដោយស្របច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ​ពី៦ខែ ទៅ៣ឆ្នាំ និង​ពិន័យជាប្រាក់ពី ២ ០០០ ០០០រៀល ទៅ១០ ០០០ ០០០​រៀល។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការអនុវត្តច្បាប់របស់សមត្ថកិច្ចលើអ្នកដែលល្មើសបម្រាមរដ្ឋាភិបាល ជាពិសេសកងកម្លាំងរបស់រដ្ឋ ក្រោមរូបភាពដកឋានន្តរសក្តិនិងលុបឈ្មោះចេញពីក្របខណ្ឌ បានកើតឡើងជាបន្តបន្ទាប់។

លោកបន្ត​ថា ការអនុវត្តច្បាប់លើអ្នកដែលល្មើសបម្រាមរដ្ឋាភិបាលដោយមិនប្រកាន់បក្ខពួកនោះ ជាគំរូល្អមួយ​​ដើម្បី​កុំឱ្យអ្នកផ្សេងប្រព្រឹត្តអំពើល្មើសបន្តទៀត និងនាំឱ្យការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទទួលបានប្រសិទ្ធភាពខ្ពស់។

លោកមានប្រសាសន៍ថា៖ «ព្រោះការអនុវត្តជាទូទៅ ជាពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវតែអនុវត្តមុនគេ។ បើសិនជាអនុវត្តជាទូទៅ វិធានការនេះ ជាការបង្ហាញសាច់ដុំមួយថា អ្នកដែលល្មើសគឺអាចនឹងត្រូវអនុវត្តតាមច្បាប់ ទោះបីជាកងកម្លាំងក៏ដោយ»។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន២៣៦នាក់ដែល​បាន​ល្មើស​ទៅ​នឹង​បម្រាម​បិទ​ខ្ទប់​រាជ​ធានីភ្នំពេញ និង​ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុងចំណោមនោះមាន៦នាក់ត្រូវបានតុលាការចេញដីកាឃុំខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ