រក​ឃើញ​កម្មករ​ជាង​​២០០​​នាក់​នៅ​​រោង​ចក្រ២ក្នុង​​​ខេត្ត​កណ្ដាល​ វិជ្ជមាន​​កូវីដ-១៩​

កម្មករនិងនិយោជិតរោងច្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី ដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយបច្ចេកទេសធ្វើតេស្តរហ័ស (Rapid Test) ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ទទួលបានលទ្ធផលអវិជ្ជមាន ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកណ្ដាល)

អាជ្ញាធរខេត្តកណ្ដាល ឱ្យដឹងថា កម្មករ-កម្មការិនីជាង២០០​នាក់បម្រើការងារនៅរោងចក្រ ស្តារម៉ាស្ទ័រ & ហ្វ្រែង និងរោងចក្រ ប៊ូវឃ័រ ​ហ្គាមេនហ្វេកថូរី (BOWKER GARMENT FACTORY) នៅស្រុកអង្គស្នួល មានវិជ្ជមានជំងឺកូវីដ-១៩។

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់ វីអូឌី នៅថ្ងៃអង្គារ​​នេះថា អាជ្ញាធរបានសម្រេចបិទរោងចក្រដែលមានកម្មករឆ្លងជំងឺកូវីដ-១៩ បណ្ដោះអាសន្ន និងបានឱ្យកម្មករទៅធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគាត់ ដោយមានការឃ្លាំមើលពីអាជ្ញាធរមូលដ្ឋានផងដែរ។

លោក គង់ សោភ័ណ្ឌ បន្តថា បច្ចុប្បន្ន អាជ្ញាធរនិងមន្រី្តសុខាភិបាលកំពុងស្វែងរកនិងប្រមូលយកសំណាករបស់កម្មករ ដែលពាក់ព័ន្ធនឹងអ្នកជំងឺទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្តបន្ទាប់ទៀត។

លោកបន្តថា៖ «យើងកំពុងយកសំណាកទៅធ្វើតេស្តបន្តបន្ទាប់ ​ដោយសារគាត់ឆ្លងតាមរយៈក្រុមគ្រួសារគាត់ ហើយក្រុមគ្រួសារក៏ឆ្លងមកគាត់​ ហើយបន្ទាប់មកគាត់ក៏បានមកធ្វើការនៅរោងចក្រ ក៏ប្រឈមនឹងហានិភ័យខ្ពស់ បញ្ហាហ្នឹងអ៊ីចឹងទៅ»។

បើតាមអភិបាលខេត្តកណ្តាល រោងចក្រដែលកំពុងមានកម្មករឆ្លងជំងឺកូវីដ-១៩ គឺនៅស្រុកអង្គស្នួល ស្រុកមុខកំពូល និងស្រុកខ្សាច់​កណ្ដាល។ លោកថា បច្ចុប្បន្ន អាជ្ញាធរនិងមន្ត្រីសុខាភិបាលបាន​ប្រមូលយកសំណាកកម្មកររោងចក្រទាំងអស់នោះទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ប៉ុន្តែលោកមិនទាន់ដឹងប្រាកដថាមានកម្មករចំនួន​​ប៉ុន្មាននាក់ឆ្លងជំងឺនេះ​នៅឡើយទេ។

ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល លោក គួយ ប៊ុនធឿន មានប្រសាសន៍ថា មន្ត្រីសុខាភិបាលបានធ្វើតេស្តសំណាកលើកម្មករបម្រើការងាររោងចក្រ ស្តារម៉ាស្ទ័រ & ហ្វ្រែង ចំនួន១ ០១៣នាក់ ក្នុងនោះរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន២២៨នាក់។

ចំណែនៅរោងចក្រ ប៊ូវឃ័រ វិញ លោកថា មន្ត្រីសុខាភិបាលបានធ្វើតេស្តលើកម្មករចំនួន២០០នាក់ ដោយរកឃើញវិជ្ជមានកូវីដ-១៩ លើកម្មករ៩​នាក់ ខណៈ​កម្មករជាង៣ ០០០​នាក់ (៣ ៧១៨នាក់​) ទៀត មិនទាន់ធ្វើតេស្តនៅឡើយ។

លោកថា៖ «អ្វីដែលយើងបានទទួលព័ត៌មាន កម្មករនៅផ្ទះជួលគាត់កើត [កូវីដ-១៩] ហើយគាត់ប៉ះពាល់គ្នាតាមរយៈមធ្យោបាយធ្វើដំណើរ គាត់ជិះឡានរួមគ្នាអ៊ីចឹងទៅ​។ យើងបានទទួលព័ត៌មានពីអាជ្ញាធរ ឡានដឹកកម្មករពីរោងចក្រមួយទៅរោងចក្រមួយ ​មានន័យថា កម្មករគាត់ជិះឡានទៅ ហើយគាត់ចុះតាមរោងចក្រផ្សេងៗគ្នាអ៊ីចឹង​ទៅ អ៊ីចឹងគាត់ប្រើប្រាស់មធ្យោបាយរួមគ្នាអ៊ីចឹងទៅ វាជាកត្តាមួយឆ្លង»។

ប្រធានមន្ទីរសុខាភិបាលរូបនេះបន្តថា បច្ចុប្បន្ន អាជ្ញាធរនិងមន្ត្រីសុខាភិបាល​គ្រោងនឹងធ្វើតេស្ត​ដោយឧបករណ៍តេស្តរហ័សលើកម្មករជាង៤០រោងចក្រទៀត ដើម្បីស្វែងរកវីរុស​​កូវីដ-១៩។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បង្ហាញក្ដីបារម្ភចំពោះជីវភាពនិងសុវត្ថិភាពរបស់កម្មករ ដោយសារបច្ចុប្បន្ន ទោះបីជាជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលក្ដី ប៉ុន្តែកម្មករនៅតែមិនអាចរក្សាគម្លាតបាន ដោយមានការទទួលទាន​អាហារ​​ជុំគ្នា និងប្រើប្រាស់បង្គន់រួមគ្នា​នៅផ្ទះជួល ជាដើម ដែលធ្វើឱ្យពួកគាត់ប្រឈមនឹងឆ្លងជំងឺកូវីដ-១៩។

លោកថា៖ «នៅក្នុងពេលនេះ គឺយើងបារម្ភ​វារីករាលដាលនៅក្នុងទីក្រុងភ្នំពេញ ​ឥលូវមានចូលនៅក្នុងអង្គស្នួល ខេត្តកណ្ដាល​ ហើយក្នុងទម្រង់ធំបែបនេះ ខ្ញុំគិតថា វាអាចនឹងប៉ះពាល់ ព្រោះកម្មករ​ម្នាក់គាត់មិនមែនស្នាក់នៅក្រុមហ៊ុនមួយទេ។ អ៊ីចឹងកម្មកររាប់រយនាក់ គាត់អាចស្នាក់នៅរាប់រយកន្លែងដែរ អ៊ីចឹងខ្ញុំគិតថា វាជាប់ពាក់ព័ន្ធគ្នាច្រើន។ អ៊ីចឹងខ្ញុំ​គិតថា អាជ្ញាធរគួរតែតាមដានមើលអ្នកជាប់ពាក់ព័ន្ធ ដើម្បីយកសំណាកនិងផ្អាកដំណើររោងចក្រជាបណ្ដោះអាសន្ន ទើបដោះស្រាយបាន»។

កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ទូទាំងប្រទេសសរុបចំនួន​១១ ០៦៣​នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ មានចំនួន១០ ៥១៣​នាក់ និងស្លាប់ចំនួន៨២​នាក់ គិត​ត្រឹមព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ដោយឡែក អ្នកជាសះស្បើយសរុប​មាន៣ ៧០៤នាក់ ​រីឯអ្នកជំងឺចំនួន៧ ២៧០​នាក់​កំពុងសម្រាកព្យាបាលនិងរង់ចាំកន្លែងសម្រាកព្យាបាលនៅឡើយ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ