សមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើការផាកពិន័យអន្តរការណ៍ទៅលើមន្ត្រីយោធាម្នាក់ដែលបើកបររថយន្តស៊េរីទំនើប និងជនជាតិចិនចំនួន៣នាក់ដែលជិះក្នុងរថយន្តជាមួយ ក្នុងម្នាក់ៗជាង២ ០០០ ០០០រៀល ដោយសារតែពួកគេធ្វើដំណើរល្មើសនឹងវិធានការបិទខ្ទប់របស់រដ្ឋាភិបាល។
អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កាលពីថ្ងៃទី២៧ ខែមេសា ម្សិលមិញនេះ ជនជាតិខ្មែរដែលជាមន្ត្រីយោធាបានបើករថយន្តរ៉ូលរ៉យពណ៌ខ្មៅលាយសមួយគ្រឿង ដោយចេញដំណើរពីក្រុមហ៊ុនមួយនៅម្ដុំផ្សារអ៊ីអន២ ទៅដឹកជនជាតិចិន៣នាក់ (ស្រី១នាក់) នៅក្លឹបស្កាយបា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឆ្ពោះទៅកាន់សណ្ឋាគារសុខា។
អ្នកនាំពាក្យរូបនេះបន្តថា នៅពេលដែលធ្វើដំណើរដល់គោលដៅកួចកាណុង ត្រូវបានសមត្ថកិច្ចឃាត់សួរនាំរកឯកសារអនុញ្ញាតធ្វើដំណើរឬលិខិតបញ្ជាក់ពាក់ព័ន្ធផ្សេងៗ ប៉ុន្តែពួកគេមិនមានឯកសារអនុញ្ញាតឱ្យធ្វើដំណើរនោះទេ។ ករណីនេះ សមត្ថកិច្ចបានធ្វើការផាកពិន័យអន្តរការណ៍លើបុគ្គលទាំង៤នាក់នោះ ក្នុង១នាក់ចំនួន២ ០៥០ ០០០រៀល និងឱ្យត្រឡប់ទៅផ្ទះវិញ ដោយសារធ្វើដំណើរល្មើសនឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។
លោកមានប្រសាសន៍ថា៖ «យើងបានឃាត់ខ្លួនជនជាតិខ្មែរម្នាក់ [មន្ត្រីយោធា] ជាអ្នកបើកបរ និងអ្នកដំណើរ៣នាក់ដែលជាជនជាតិចិន ដើម្បីយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីកម្លាំងជំនាញគាត់ធ្វើការសាកសួរធ្វើកំណត់ហេតុរួចរាល់ហើយ យើងបានធ្វើការណែនាំនិងធ្វើកិច្ចសន្យា ពិន័យរួច [ពិន័យអន្តរការណ៍ ២ ០៥០ ០០០ រៀល] យើងបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅវិញ»។
នៅពេលសួរថា ហេតុអ្វីសមត្ថកិច្ចមិនបញ្ជូនទៅតុលាការដូចករណីឈ្មោះ គឹម ពិសិដ្ឋ ជំនួយការកងវិស្វកម្មលេខ១៨០ ស្ពានថ្នល់ នៃនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ និងមន្ត្រីផ្កាយ២ ដែលដឹកជនជាតិចិនជិត៣០នាក់ពីភ្នំពេញទៅខេត្តស្វាយរៀងនោះ? លោក សុខសីហា ឆ្លើយថា អំពើដែលជនល្មើសប្រព្រឹត្តខុសគ្នា ហើយមុននឹងធ្វើការអនុវត្តច្បាប់ សមត្ថកិច្ចត្រូវពិនិត្យទៅលើអំពើល្មើស បើធ្ងន់ធ្ងរទើបបញ្ជូនទៅតុលាការចាត់វិធានការច្បាប់ បើស្រាលឱ្យធ្វើកិច្ចសន្យា និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តស្វាយរៀង បានបញ្ជូនខ្លួនលោក ស៊ុំ ពៅ ជាមន្ដ្រីយោធាផ្កាយពីរ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធានៃអគ្គបញ្ជាការក្រោមក្រសួងការពារជាតិ ទៅតុលាការដើម្បីចាត់ការតាមច្បាប់ ក្រោយពីមន្ត្រីរូបនោះលូួចដឹកជនជាតិចិនចំនួន២៨នាក់ធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តស្វាយរៀង ដោយល្មើសនឹងបម្រាមបិទខ្ទប់ការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។
រីឯកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តកណ្តាល ដែលកំពុងយាមកាមប្រចាំការនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងអំឡុងបិទខ្ទប់ក្រុងតាខ្មៅ បានឃាត់ខ្លួនមនុស្ស៣នាក់ ដោយពិន័យអន្តរការណ៍ រួចបញ្ជូនទៅតុលាការ ដែលក្នុងនោះមានលោក គឹម ពិសិដ្ឋ អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធានៅនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ខណៈដែលជនទាំង៣នាក់បាននាំគ្នាបើករថយន្តបម្រុងឆ្លងកាត់គោលដៅនោះក្នុងស្ថានភាពស្រវឹងស្រា និងល្មើសបម្រាមរបស់រដ្ឋាភិបាលក្នុងការបិទខ្ទប់។ ក្រោយរកឃើញបទល្មើស ក្រសួងការពារជាតិ ក៏បានសម្រេចដកឋានន្តរសក្តិ និងបញ្ចប់តួនាទីលោក គឹម ពិសិដ្ឋ ពីក្របខណ្ឌក្រសួងផងដែរ។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន២៣៦នាក់ ដែលបានល្មើសទៅនឹងបម្រាមបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុងចំណោមនោះមាន៦នាក់ត្រូវបានតុលាការចេញដីកាឃុំខ្លួន៕









