អ្នកស្លាប់​ដោយ​កូវីដ-១៩​ចំនួន​៦​នាក់ ​រក​ឃើញ​អ្នក​ឆ្លង​​ថ្មី​ជិត​៧០០​នាក់​ និង​ជា​សះ​ស្បើយ​ជិត​១០០០​នាក់ ​

បុគ្គលិកសុខាភិបាលបាញ់អាល់កុលលើនារីម្នាក់ដែលតេស្តវិជ្ជមានកូវីដ-១៩ មុនពេលឡើងរថយន្តគិលានសង្រ្គោះ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)

ក្រសួងសុខាភិបាល​បានប្រកាសពីករណីអ្នកជំងឺ៦នាក់ទៀតបានស្លាប់ដោយវីរុសកូវីដ-១៩ និងបន្តរកឃើញអ្នកឆ្លង​ថ្មីចំនួនជិត៧០០នាក់ ខណៈអ្នកជំងឺ​ព្យាបាលឱ្យជាសះស្បើយមានចំនួនជិត១ ០០០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ចេញផ្សាយនៅយប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមានចំនួន៦៩៨នាក់ និងជាសះស្បើយចំនួន៩៩៤នាក់ ដែលជាចំនួន​នៃការរកឃើញឆ្លងនិងជាសះស្បើយច្រើនជាងគេ ចាប់តាំងពីមានការផ្ទុះជំងឺផ្លូវដង្ហើមមួយនេះនៅកម្ពុជាមក។

ក្រសួងបន្តថា ក្នុងចំណោមអ្នកឆ្លងទាំង៦៩៨នាក់ គឺមានតែម្នាក់ប៉ុណ្ណោះដែលជាករណីនាំចូលពីក្រៅប្រទេស ក្រៅពីនេះជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ អ្នកជំងឺទាំងនោះ រួមមាន នៅរាជធានីភ្នំពេញ ៥៨៨នាក់, ​ខេត្តកណ្តាល ៧២នាក់, បន្ទាយមានជ័យ ៤៣នាក់, ខេត្តព្រះសីហនុ ១៦នាក់,​ កំពង់ស្ពឺ ៣នាក់, ​តាកែវ ៣នាក់, ​និងខេត្តពោធិ៍សាត់ ២នាក់​។ ​

ក្រៅពីករណីរកឃើញឆ្លងថ្មី និងករណីជាសះស្បើយ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីករណីអ្នកជំងឺចំនួន​៦នាក់ជាជនជាតិខ្មែរ រួមមាន ស្ត្រី២នាក់ និងបុរស៤នាក់ មានវ័យចន្លោះពី៣៧ឆ្នាំ ដល់៩៣ឆ្នាំ បានស្លាប់ដោយសារ​រោគផ្លូវដង្ហើមមួយនេះ។ ​

អ្នកជំងឺទាំង៦នាក់ ក្រសួងបញ្ជាក់ថា ស្លាប់ដោយសារបញ្ហាផ្លូវដង្ហើមនិងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបង្កឡើងដោយវីរុសកូវីដ-១៩ និងអ្នកជំងឺខ្លះមានរោគប្រចាំកាយផងដែរ។

កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន១១ ​៧៦១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន១១​ ២១០នាក់ និងស្លាប់មានចំនួនកើតឡើងដល់៨៨នាក់ គិតត្រឹម​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ។ ចំណែក​អ្នកជាសះស្បើយមានចំនួន៤ ៦៩៨នាក់ ហើយអ្នកជំងឺចំនួន៦​ ៩៦៨នាក់កំពុងសម្រាកព្យាបាល​នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ