សហជីព​មួយ​ចំនួន​​​​ស្នើ​​រដ្ឋា​ភិបាល​​បិទ​រោងចក្រ​បណ្តោះ​អាសន្ន​ដើម្បី​កាត់​ផ្តាច់​ខ្សែ​ចម្លង​កូវីដ-១៩​

បុគ្គលិកជាសន្តិសុខរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរយាមនៅមុខច្រកចូលរោងចក្រ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សហជីពមួយចំនួន​​អំពាវនាវឱ្យ​រដ្ឋាភិបាល​​ពិចារណា​លើ​​ជម្រើស​​ផ្អាកដំណើរការ​​​​រោង​ចក្រកាត់ដេរ​ទាំង​អស់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ​ជំងឺកូវីដ-១៩ ខណៈពួកគេ​សង្កេតឃើញមានការឆ្លងរាលដាលខ្លាំងក្នុងចំណោម​កម្មកររោងចក្រកាត់ដេរនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះ​​ថា​ ស្ថានភាពជំងឺកូវីដ-១៩ បានកំពុងវាយលុកចូលខ្លាំងទៅក្នុងចំណោមកម្មកររោងចក្រកាត់ដេរ ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិសាស្ត្ររាជធានី​ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តមួយចំនួន​ទៀត​​ជាដើម។

លោក​បន្តថា ក្នុងកាលៈទេសៈនេះចាំបាច់ណាស់​ដែល​រដ្ឋាភិបាល​ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពនិងអាយុជីវិតរបស់កម្មករជាជាង​សេដ្ឋកិច្ច។ ករណីនេះ លោកបានស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណាជ្រើសរើស​យកយន្តការជាក់​លាក់មួយ តាម​រយៈការផ្អាកដំណើរការជាបណ្តោះអាសន្ននូវរោងចក្រនៅទូទាំង​ប្រទេស​នៅក្នុង​រយៈ​ពេលកំណត់​ណា​មួយ ដើម្បីទប់ស្កាត់​ការឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមកម្មករ។

លោក ឃុន ថារ៉ូ បញ្ជាក់​យ៉ាងដូច្នេះថា៖ «ក្នុងស្ថានភាពបែបនេះ អ្វីដែលអាចធ្វើទៅបាននោះ ខ្ញុំគិតថា មានតែការអនុញ្ញាតឱ្យកម្មករនិយោជិតហ្នឹងគាត់ឈប់សម្រាកនៅក្នុងរយៈពេលមួយ ដើម្បីធានាថា កន្លែងការងាររបស់គាត់ហ្នឹងមានវិធានអនុវត្តធានានូវសុវត្ថិភាពនៅកន្លែងការងារនៅពេលកម្មករគាត់ចូលធ្វើការងារវិញ។ រឿងទី២ រដ្ឋត្រូវតែធានាការដែលកម្មករគាត់តម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមបណ្តារោងចក្រ ទីតាំង ទីកន្លែង ដែលរៀបចំដោយអាជ្ញាធរហ្នឹង​ ពួកគាត់ត្រូវតែទទួលបានការគាំទ្រផ្នែកសេដ្ឋកិច្ច ហើយនិយោជកត្រូវតែផ្តល់នូវប្រាក់ឈ្នួលពេញលេញ១០០%ដល់ពួកគាត់»។

ការវាយលុកចូលដល់ក្នុងរោងចក្រនៃជំងឺកូវីដ-១៩ គឺជាក្តីព្រួយបារម្ភរបស់សហជីពនិងភាគីពាក់ព័ន្ធនាពេលកន្លងមក ពោលគឺចាប់តាំងពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ដោយសាររោងចក្រគឺជាកន្លែងប្រមូលផ្តុំកម្មកររាប់រយរាប់ពាន់នាក់។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) លោកស្រី យ៉ាង សុភ័ណ្ឌ បានថ្លែងថា ការផ្អាកសង្វាក់ផលិតកម្មរោងចក្រ គឺជាជម្រើសល្អមួយដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ពីក្នុងរោងចក្រ។

លោកស្រីបន្ត​ថា៖ «បើសិនអាចទេ យើងស្នើសុំឱ្យមានការសម្រាកទាំងស្រុងនៃសង្វាក់ផលិតកម្មទាំងមូល ដើម្បីកាត់ផ្តាច់អ្នកឈឺនិងអ្នកមិនឈឺឱ្យបានច្បាស់លាស់។ ប៉ុន្តែនៅក្នុងករណីនៃការសម្រាកនោះ យើងស្នើសុំឱ្យរដ្ឋសហការជាមួយវិស័យឯកជន ទៅលើប្រាក់ឈ្នួលឬប្រាក់ឧបត្ថម្ភទៅដល់បងប្អូនកម្មករទាំងអស់ ដើម្បីឱ្យពួកគាត់យកលុយទាំងអស់នោះទៅផ្គត់ផ្គង់ជីវភាពនៅក្នុងក្រុមគ្រួសាររបស់គាត់ ការហូបចុករបស់គាត់ ក៏ដូចជាតម្រូវការផ្សេងៗនៅក្នុងការបង់លុយទៅក្រុមហ៊ុនមីក្រូហិរញ្ញ​វត្ថុផ្សេងៗ»។

លោកស្រីបន្ថែម​ថា៖ «បើមិនមានការឱ្យបងប្អូនសម្រាកទេ ខ្ញុំគិតថា វាមិនអាចកាត់ផ្តាច់រវាងអ្នកឈឺ ឬក៏យើងរកឱ្យឃើញឱ្យច្បាស់លាស់នូវអ្នកឈឺពិតប្រាកដនិងអ្នកមិនឈឺហ្នឹងទេ»។

ចំណែកប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានលើកឡើងថា ការអំពាវនាវឱ្យបិទរោងចក្រនៅទូទាំងប្រទេសគឺជាជម្រើសមួយ ក៏ប៉ុន្តែលោកយល់ថា ការធ្វើបែបនេះនឹងធ្វើឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់សង្វាក់ផលិតកម្មរបស់រោងចក្រនិងក្រុមហ៊ុន។ បើតាមទស្សនៈរបស់ប្រធានសហជីពរូបនេះ រដ្ឋាភិបាលអាចយកជម្រើសបិទរោងចក្រនៅក្នុងតំបន់ណាដែលមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩នេះ។

លោកមានប្រសាសន៍ថា៖ «ការដែលផ្អាកទូទាំងប្រទេស ខ្ញុំក៏គិតថាជាជម្រើសល្អដែរ ក៏ប៉ុន្តែវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចនិងការងារនិងប្រាក់ចំណូលរបស់កម្មករផងដែរ។ អ៊ីចឹងខ្ញុំគិតថា គ្រាន់តែធ្វើឱ្យខ្លាំងជាងនេះឬចាត់វិធានការឱ្យបានទាន់ពេល ហើយនិងមានប្រព័ន្ធការពារ ឬលើកទឹកចិត្ត និងជំរុញឱ្យមានការព្យាបាលនិងការធ្វើចត្តាឡីស័កឱ្យបានល្អជាងនេះ វានឹងកាត់បន្ថយបានហើយ បាទ»។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ប្រាប់ វីអូឌី យ៉ាងខ្លីថា រាជរដ្ឋាភិបាលនឹងបើកឬ​បិទរោងចក្រកាត់ដេរ អាស្រ័យ​​លើ​ការ​រក​ឃើញ​ករណីជំងឺកូវីដ-១៩​​ថ្មីនៅតាមតំបន់និងទីតាំងនីមួយៗ។

បើតាមការបញ្ជាក់របស់លោក ហេង សួរ នៅក្នុងសន្និសីទសារព័ត៌មាន​មួយកាលពីថ្ងៃម្សិលមិញ គិតត្រឹមថ្ងៃទី​២៨ ខែមេសា ម្សិលមិញនេះ មានកម្មករនិយោជិតប្រមាណ១ ៦៧៣នាក់ នៅក្នុង​រោងចក្រចំនួន២០៦ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ កំពង់ឆ្នាំង កំពង់ចាម និងខេត្តព្រះសីហនុ បានឆ្លងជំងឺកូវីដ-១៩។

លោកបន្តថា ​ក្នុង​អំឡុង​ពេលនៃការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រយៈពេល២សប្តាហ៍កន្លងមកនេះ មាន​កម្មករ​រោងចក្រ​ប្រមាណជា៤០០ ០០០​នាក់ មិន​អាច​ចេញ​ទៅ​ធ្វើ​ការ​បានឡើយ ខណៈ​កម្មករ​និយោជិត​ជាង​១លាន២សែន​នាក់បាន​​​រង​ផល​ប៉ះពាល់។

កាលពីថ្ងៃទី២៨ ខែមេសា ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិល សហព័ន្ធសហជីពចំនួន៣៦ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ​ត្រូវមានវិធានការម៉ឺងម៉ាត់ ដើម្បីធានា​សុខ​ភាពនិង​សុវត្ថិភាព​ដល់​កម្មករ​និយោជិត​នៅ​កន្លែងការ​ងារ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩នេះ។​

ក្រុមអង្គការនិង​សហជីពទាំងនោះបន្តលើកឡើងថា តួលេខនៃការឆ្លងជំងឺកូវីដ-១៩ ​នៅក្នុង​រោងច​ក្រ​ជាង២០០នេះ គឺជាក្តីព្រួយបារម្ភធំបំផុតចំពោះសុខភាពនិងសុវត្ថិភាពរបស់កម្មករ និងហានិភ័យដែលនឹងកើតមានឡើងនៅតាមបណ្តារោងចក្រផ្សេងៗទៀតដែល​មិនទាន់​រក​ឃើញករណីឆ្លង ហើយកម្មករនិយោជិតនឹងប្រឈមទៅនឹង​ការប្រថុយប្រថាន​ក្នុងការវិលត្រលប់​ទៅកន្លែងធ្វើការងាររបស់ពួកគេវិញ នៅក្នុងស្ថានភាពដែលមិនទាន់មានការធានាពីសុខភាពនិងសុវត្ថិភាពនៅកន្លែងការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ