ពលរដ្ឋ​ជាង​១០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​​ពាក់​ព័ន្ធ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​នៅ​មណ្ឌល​គិរី​

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)

មន្ត្រីបរិស្ថាន​​ខេត្តមណ្ឌលគិរី ឱ្យដឹងថា រយៈពេល៤ខែក្នុងឆ្នាំ២០២១​នេះ មន្ត្រីបរិស្ថានបានចាប់ខ្លួនពលរដ្ឋជាង១០​នាក់ ​បញ្ជូន​ទៅ​សាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីកាប់ទន្ទ្រានដីព្រៃក្នុងតំបន់​ការពារ។

ប្រធានមន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១​នេះ​ថា ពលរដ្ឋដែលកាប់ឆ្ការរុករាន​ដីព្រៃខុសច្បាប់ ដែលសមត្ថកិច្ចបានចាប់បញ្ជូន​ខ្លួននិងកសាងសំណុំរឿងទៅតុលាការក្នុងរយៈពេល៤ខែមក​នេះ ភាគច្រើនជាពលរដ្ឋចំណាកស្រុកដែលមកស៊ីឈ្នួលឱ្យគេ និងអ្នកខ្លះកាប់រានធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង។

លោកថា៖ «ពួកគាត់ជាអ្នកស៊ីឈ្នួលកាប់ឱ្យគេអ៊ីចឹង ប៉ុន្តែក្នុងបទល្មើសជាក់ស្ដែងក៏ត្រូវទទួលខុសត្រូវដែរ។ តែទន្ទឹមនោះ ខ្ញុំក៏បានចាត់វិធានការអ្នកនៅពីក្រោយរួចហើយដែរ»។

ប្រធានមន្ទីរ​បរិស្ថាន​​រូបនេះបន្តថា កាលពីថ្ងៃទី២៧ ខែមេសានេះ មន្ត្រី​បរិស្ថានក៏បានឃាត់ខ្លួនពលរដ្ឋ៤​នាក់នៅចំណុច​ភូមិអូរណា ឃុំស្រែខ្ទុម ស្រុក​កែវសីមា ខណៈដែលពួកគេបានកាប់គាស់ រុករានដីព្រៃ ដើម្បីដាំដំឡូងមី។ លោកបន្តថា ក្រោយការសាកសួររួច មន្ត្រីបរិស្ថានបានបញ្ជូនពលរដ្ឋទាំងនោះ​ទៅតុលាការដើម្បីបន្តនីតិវិធី។

អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី លោក មាស ប្រុស មានប្រសាសន៍ថា ពលរដ្ឋទាំង៤នាក់នោះត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់​ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​ការកាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ​ខុស​ច្បាប់។

លោកថា៖ «ទើបឃុំខ្លួនទេ! ​ទាល់ចៅក្រមជម្រះទើបដាក់កំណត់ទោសបាន។ ឥលូវឃុំខ្លួន ដើម្បីធ្វើការស៊ើបអង្កេត​ អត់បានចាំមាត្រាទេ ប៉ុន្តែ​ដឹងតែឃុំខ្លួន​​តាំងពីម្សិលម៉្លេះ»។

អ្នក​សម្របសម្រួល​ផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើនៃ​​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ លោក​ គ្រើង តុលា សង្កេតឃើញថា មន្ត្រីបរិស្ថានចាប់ខ្លួនតែប្រជាពលរដ្ឋក្រីក្រដែលមិនមានដីសម្រាប់អាស្រ័យផលនិងអ្នកស៊ីឈ្នួលគេតែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់អ្នកមានអំណាចនិងមនុស្សមួយចំនួនទៀតដែលជាអ្នកនៅពីក្រោយ និង​កាប់ទន្ទ្រានយកដីរដ្ឋក្នុងតំបន់ការពារនោះ អាជ្ញាធ​រមិនបានចាត់វិធានការឡើយ។

លោកថា៖ «ការអនុវត្តច្បាប់របស់គាត់ យើងគាំទ្រ!​ ដោយមានវិធានការច្បាប់ឬឃាត់​ យើងគាំទ្រ! ​ប៉ុន្តែយើងចង់ឃើញឱ្យមន្ត្រីបរិស្ថាន​និងមន្ត្រីឧទ្យានុរក្ស ឬ អង្គការ​ WCS និង WWF ឱ្យគាត់ឃាត់ទៅចាប់​ឧកញ៉ា ឬអ្នកមានៗ ឱ្យដូចចាប់ខ្លួនពលរដ្ឋដូចគ្នា យើងចង់បានអ៊ីចឹង! យើងឃើញថា ការទប់ស្កាត់ហ្នឹងមិនមានប្រសិទ្ធភាពទេ គាត់ទប់ស្កាត់ជនក្រីក្រអ្នកដែលខ្វះខាត​ អ្នកដែលធំៗគាត់អត់ទប់ស្កាត់ទេ អ្នកដែល​បំផ្លាញព្រៃឈើ អត់ដែលឃើញចាប់ទេ»។ ​

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ គាំទ្រចំពោះការចាត់វិធានការច្បាប់ទៅលើអ្នកកាប់រុករានដីព្រៃរបស់រដ្ឋ ប៉ុន្តែជំរុញឱ្យក្រសួងបរិស្ថាននិងអាជ្ញាធរពាក់ព័ន្ធអនុវត្តនិងចាត់វិធានការនេះឱ្យមានតម្លាភាព ខណៈលោកសង្កេតឃើញថា ការចាត់​វិធានការច្បាប់របស់ក្រសួងនិងអាជ្ញាធរធ្វើឡើងមានស្តង់ដារពីរ។

លោកថា៖ «ប្រជាពលរដ្ឋយើងទន់ខ្សោយជាអ្នករងគ្រោះ​ ផលប្រយោជន៍ធំបានទៅលើអ្នកមានអំណាច​។ យើងបានឃើញហើយកន្លងមក អ្នកមានដីធំៗមិនមែនប្រជាពលរដ្ឋក្រីក្រណា!​ ហើយដីរាប់រយរាប់ពាន់ហិកតា ទៅសួរជារបស់អ្នកមានអំណាច​​ ឧកញ៉ា ហើយប្រភពដើមដីហ្នឹងជាដីគម្របព្រៃឈើហ្នឹង។ ហេតុអីកាប់រាប់រយរាប់ពាន់ហិកតា នៅតែអត់មានទោស? ហើយពេលខ្លះមានចេញប្លង់កម្មសិទ្ធិឱ្យទៀត»។​

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ដែលបានផ្សព្វផ្សាយ​កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា នៅ​ឆ្នាំ២០២០ មន្ត្រី​ឧទ្យានុ​រក្សបាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិទូទាំងប្រទេសបាន​​ចំនួន៨ ៩១៧ករណី ដែល​ការ​បង្ក្រាប​នេះ​មានការ​កើនឡើង​​ចំនួន៣ ៤៤២ករណី ឬស្មើ​ប្រមាណ៣០​% បើ​ធៀប​នឹង​ឆ្នាំ២០១៩ ដែល​បង្ក្រាប​បានតែ៥ ៤៧៥ករណី។

ក្រសួងបន្តថា បទល្មើស​ដែល​បង្ក្រាប​បាន​ភាគច្រើនជា​បទល្មើស​លួច​កាប់​ឈើ ការរុករាន​ទន្ទ្រាន​​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់ ការ​បរបាញ់​សត្វ និង​ការ​ដាក់អន្ទាក់​ចាប់​សត្វ​ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ