ពលរដ្ឋ​នៅ​តំបន់​ក្រហម​មួយ​ចំនួន​ស្នើ​អាជ្ញា​ធរ​​ពន្លឿន​ការ​ផ្តល់​​ជំនួយ​និង​សុំ​​ពន្យារ​ពេល​​​បង់​​ប្រាក់​​បំណុល​

ពលរដ្ឋមួយចំនួនឈរនៅរានផ្នែកខាងក្រៅលំនៅឋានដែលពួកគេរស់នៅ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ សាលាសង្កាត់ ស្ទឹងមានជ័យ)

ប្រជាពលរដ្ឋមួយចំនួនដែលស្ថិតនៅ«តំបន់ក្រហម»ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានស្នើទៅរដ្ឋាភិបាលឱ្យពន្លឿន​ការផ្តល់ជំនួយជាស្បៀងអាហារដល់ពួកគាត់ ​និងស្នើមីក្រូហិរញ្ញវត្ថុ​ឬធនាគារ​ពន្យារពេលដល់ពួកគាត់​បង់ប្រាក់បំណុល​ក្នុងអំឡុងពេលជួប​ស្ថានភាពដ៏លំបាកនេះ។

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានលើកឡើងថា ភូមិសាស្ត្រមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបាន​កំណត់ជា៣តំបន់ រួមមាន «តំបន់ក្រហម» ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ​​នៃជំងឺកូវីដ-១៩ «តំបន់លឿងទុំ» មានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ និង​ «តំបន់លឿង» មានការឆ្លងរាលដាលជំងឺកូវីដ-១៩ កម្រិតស្រាល​។

តំបន់ក្រហម ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់បិទមិនឱ្យធ្វើចរាចរចេញ-ចូលនោះ រួមមាន ​ភូមិ១៤ ភូមិ១៦ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក, ភូមិប្រការ សង្កាត់ព្រៃស និង ភូមិ​ម័ល ភូមិថ្មី ភូមិសំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ, សង្កាត់​ស្ទឹង​មានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ, សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាដើម។

អ្នកស្រី ហុក ដាវី អះអាងថា​កំពុងស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដែលជាតំបន់ក្រហម​ និយាយថា គាត់បានផ្ញើសារតាមប្រព័ន្ធ​តេឡេក្រាមទៅ​គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ «គ.ប.ខ» ជាង២០ថ្ងៃហើយ ប៉ុន្តែមិនទាន់ទទួលអំណោយពីរដ្ឋាភិបាលនៅឡើយ។

អ្នកស្រី​បញ្ជាក់​ថា បើរដ្ឋាភិបាលមិនពន្លឿនការ​ផ្តល់ស្បៀងដល់ពួកគាត់ជិត៥០គ្រួសារឱ្យបានទាន់ពេលទេ នឹងធ្វើឱ្យពួកគាត់ជួបបញ្ហាប្រឈមច្រើន ជាពិសេស​បញ្ហាសុខភាព។

អ្នកស្រីនិយាយថា៖ «ពេលដែលអត់មានអ្វីហូបគ្រប់គ្រាន់ វាធ្វើឱ្យសុខភាពយើងចុះខ្សោយ។ និយាយទៅ ខ្ញុំអត់ [មានអ្វីហូបគ្រប់គ្រាន់] មួយរយៈហ្នឹង សុខភាពខ្ញុំខ្សោយខ្លាំង ស្រកគីឡូដែរ»។

អ្នកស្រី សី សំអុល អះអាងថាជាកម្មការិនីនៅរោងចក្រស្ទឹងមានជ័យ ស្នាក់នៅផ្ទះជួលក្នុង​​ភូមិព្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហមដែរនោះ​ និយាយថា ក្រោយពី​រដ្ឋាភិបាលប្រកាស​​ប​ន្តបិទខ្ទប់តំបន់ក្រហម រយៈពេល៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៥ ខែឧសភានេះ ធ្វើឱ្យពួកគាត់កាន់តែជួបបញ្ហាប្រឈមខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ។  

អ្នកស្រីបន្ត​ថា បញ្ហាប្រឈមមួយទៀតគឺខ្វះថវិកា​បង់ថ្លៃបន្ទប់​ជួលនិងបង់ធនាគារ ដែលករណីនេះ អ្នកស្រី​ស្នើសុំឱ្យខាងធនាគារពន្យារពេលដល់​ពួកគាត់ក្នុងការបង់ប្រាក់ត្រឡប់ផងដែរ។

អ្នកស្រីនិយាយដូច្នេះថា៖ «កំពុងជាប់ឃុំនៅតំបន់ក្រហម ដែលកំពុងខ្វះខាត​ខ្លាំង អត់បានធ្វើការ ហើយ [ត្រូវបង់] ថ្លៃធនាគារ ថ្លែជួលផ្ទះទៀត បើខ្ញុំជួលផ្ទះគេហ្នឹង ហើយខ្ញុំធ្វើការរោងចក្រ និយាយទៅបងដឹងហើយ អ្នកធ្វើការរោងចក្រ បើអត់មានការងារធ្វើ អត់ [មានលុយ] ហើយ»។

កម្មការិនីរោងចក្រ​ម្នាក់ទៀត អ្នកស្រី មិន ស្រីនិច្ច ដែលស្នាក់នៅ​ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ និយាយថា កន្លែងគាត់ត្រូវបានអាជ្ញាធរបិទចាប់ពីថ្ងៃទី១៣ ខែមេសា មកដល់បច្ចុប្បន្ននេះ ធ្វើឱ្យពួកគាត់ខ្វះខាតស្បៀង បើទោះបីជាស្នើសុំទៅគណៈកម្មការ​​ «គ.ប.ខ» ក៏មិនទាន់ទទួលបានស្បៀងនៅឡើយ។

ករណីនេះ អ្នកស្រីអំពាវនាវទៅរដ្ឋាភិបាលជួយពន្លឿនការផ្តល់ស្បៀងជូនពួកគាត់ឱ្យបានឆាប់ ដើម្បីឱ្យពួកគេដោះស្រាយបញ្ហាប្រឈមក្នុងគ្រាលំបាកនេះ ទម្រាំ​ស្ថាន​ភាព​វិលទៅ​រកភាព​ប្រក្រតីវិញ។ ​

អ្នកស្រីអំពាវនាវដូច្នេះថា៖ «ពីមុនមក ខ្ញុំហូបបបររហូតមក បើខ្ញុំហូបឆ្ងាញ់ដូចគេ ខ្ញុំអត់មានលុយទប់ទល់។ ឥលូវខ្ញុំអស់មែនទែនហើយ ខ្ញុំចង់ឱ្យរដ្ឋាភិបាលជួយខ្ញុំ តែដោះស្រាយអាហារហូបចុកខ្ញុំតែប៉ុណ្ណឹងទេ ខ្ញុំខ្វះខាតអាហារហូបចុក ណាមួយខ្ញុំចេញទៅណាអត់បាន ឥលូវរហូតមកដល់ពេលនេះ ខ្ញុំអត់ទាន់មានអ្វី ខ្ញុំខ្វះខាតអាហារហូបចុកហ្នឹង»។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ ដោយលោកថាជាប់រវល់ប្រជុំ។

យ៉ាងណា ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី  មានប្រសាសន៍ថា អ្នក​ដែលស្ថិតនៅតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាពិសេសនៅតំបន់ក្រហម លោកមិនលើកទឹកចិត្តឱ្យចេញមកក្រៅ ដើម្បីបង់ប្រាក់ទៅមីក្រូហិរញ្ញវត្ថុនិងធនាគារនោះទេ។ ប៉ុន្តែលោកថា បើអ្នកមានលទ្ធភាពអាចជួយបង់តាមរយៈប្រព័ន្ធទូរសព្ទ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

មួយវិញទៀត លោកបញ្ជាក់ថា ចំពោះអតិថិជនស្ថិតនៅតំបន់ក្រហមដែលមិនមានលទ្ធភាពបង់ អាចស្នើទៅមីក្រូហិរញ្ញវត្ថុដែលខ្លួនខ្ចីនោះ ដើម្បីពន្យារការបង់រម្លស់ដើមនិងការប្រាក់ ឬតាមលក្ខខណ្ឌផ្សេងៗទៀតតាមការព្រមព្រៀងគ្នាជាដើម។

លោកផ្តល់ជាយោបល់​ថា៖ «បើសិនជាគាត់រងផលប៉ះពាល់មែន យើងផ្តល់ជូនការរៀបចំឥណទានឡើងវិញ ហើយការរៀបចំឥណទានឡើងវិញមានជម្រើស ៣ ដែលគាត់ត្រូវយក ករណីខ្លះគាត់សុំបង់តែការប្រាក់រយៈពេល៣ទៅ៦ខែ ករណីខ្លះគាត់សុំពន្យារឥណទាន អញ្ចឹងឥណទានដែលគាត់ធ្លាប់ខ្ចី១ឆ្នាំ គាត់អាចពន្យារទៅ២ឆ្នាំ និងករណីដែលគាត់រងផលប៉ះពាល់ធ្ងន់ធ្ងរមែនទែន យើងអនុញ្ញាតឱ្យគាត់ផ្អាកបង់ទាំងដើម ផ្អាកប​ង់ទាំងការ ក្នុងរយៈពេល៣ទៅ៦ខែ»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវពន្លឿនផ្តល់ស្បៀងជូនពលរដ្ឋ ជាពិសេសកម្មករនិងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានទាន់ពេលវេលា ទើបទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទទួល​បានផលវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «ជំនួយសង្គ្រោះបន្ទាន់សម្រាប់ការខ្វះខាតរបស់ [ពលរដ្ឋ កម្មករ] គឺថា សំណូមពរធ្វើម៉េចដំណើរការទៅវាលឿន ដើម្បីឱ្យពួកគាត់ទទួលបានជំនួយ វាក៏ជាការចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩»។

លោក អំ សំអាត បន្ថែមថា ដំណាក់កាលនេះ គ្រឹះស្ថានសមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារ គួរឱ្យ​​​បុគ្គលិករបស់ខ្លួនផ្អាកទូរសព្ទ​ទារលុយពីកូនបំណុល ឬផ្អាកបង់រម្លាស់ទាំងដើមនិងការ ដល់​ពលរដ្ឋដែលកំពុងជួបបញ្ហាប្រឈមនៅតំបន់ក្រហម ខណៈពួកគេ ជាពិសេសកម្មករនិងអ្នកប្រកបរបរក្រៅប្រព័ន្ធកំពុងបាត់បង់ចំណូល​នាអំឡុងពេលបិទខ្ទប់នេះ ដើម្បីកុំឱ្យពួកគេព្រួយបារម្ភពីបញ្ហាត្រូវសងបំណុលទៅមីក្រូហិរញ្ញវត្ថុនិងធនាគារនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ