រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញវិធានការមួយចំនួនជំរុញដល់ការទប់ស្កាត់ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីតំបន់បិទខ្ទប់ ដើម្បីធានាសន្តិសុខជាតិនិងសុខភាពសារធាណៈ ខណៈកម្ពុជាកំពុងប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
តាមរយៈសេចក្តីណែនាំចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក ស ខេង បានលើកឡើងថា ករណីនាំពលរដ្ឋកម្ពុជានិងជនបរទេសឆ្លងកាត់ព្រំដែនដោយខុសច្បាប់នៅតែកើតមានជាបន្តបន្ទាប់ រួមទាំងក្រុមមេខ្លោងក្នុងស្រុករត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់។
លោកបន្តថា សកម្មភាពលួចលាក់ដឹកជញ្ជូនជនបរទេសចេញ-ចូលភូមិសាស្ត្របិទខ្ទប់ដែលអាចបង្កឱ្យមានហានិភ័យក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គមផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានណែនាំថា ហេតុការណ៍នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តជាប់ព្រំដែន រួមទាំងស្ថាប័នមួយចំនួនទៀត ត្រូវសហការគ្នា បង្កើនការទទួលខុសត្រូវ «ដើម្បីបង្កើនការគ្រប់គ្រងជនបរទេស ដោយត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង ធ្វើការបណ្តេញចេញពីកម្ពុជាចំពោះជនបរទេសដែលជ្រៀតចូលមកកម្ពុជាដោយខុសច្បាប់» រួមទាំងត្រួតពិនិត្យការស្នាក់នៅរបស់ពួកគេជាដើម។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ សមត្ថកិច្ចបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់បាន១១៥ករណី ចាប់មេខ្យល់និងបក្ខពួកបាន១៧២នាក់ និង ១៥ករណីដឹកជញ្ជូនមនុស្សល្មើសនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
លោកបន្តថា ជាវិធានការបន្ទាប់ អគ្គស្នងការបានណែនាំមន្ត្រីតាមបណ្តាខេត្តជាប់ព្រំដែនឱ្យដាក់ពង្រាយកងកម្លាំងបន្ថែម ដើម្បីពង្រឹងវិធានទប់ស្កាត់ការចល័តមនុស្សចេញពីតំបន់បិទខ្ទប់ រួមទាំងសហការជាមួយប្រទេសជិតខាង ដើម្បីឈានទៅលុបបំបាត់បទល្មើសជួញដូរមនុស្សនេះ។
លោកថា៖ «បើគាត់មកពីវៀតណាម យើងសហការជាមួយវៀតណាម ដើម្បីយើងដឹងថា គាត់ចេញពីច្រកណាពីវៀតណាមមក ដើម្បីរកប្រភពស្វែងរកចាប់មេខ្លោងពិតប្រាកដ ហើយដើម្បីវាយយម្លៃថា អាហ្នឹងជាអ្នកចាត់តាំងឱ្យមានអំពើជួញដូរមនុស្សឆ្លងដែនមែនឬក៏អត់ ទី១។ ទី២ យើងរកមេដើមគំនិត ដើម្បីផ្តាច់ឫសគល់ ផ្តាច់ខ្សែរយៈក្នុងការទំនាក់ទំនងបង្កើតបទល្មើសនេះ»។
យ៉ាងណា មន្ត្រីរដ្ឋាភិបាលរូបនេះបញ្ជាក់ថា អំឡុងពេលដែលកម្ពុជាអនុវត្តវិធានរឹតបន្តឹងការធ្វើដំណើរ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ អ្នកដែលឆ្លងដែនខុសច្បាប់ភាគច្រើនជាជនជាតិចិននិងវៀតណាម ដែលថា ពួកគេទាំងនោះ មករកការងារធ្វើនៅប្រទេសកម្ពុជា។
កាលពីសប្តាហ៍មុន អតីតមន្ត្រីយោធាផ្កាយពីរ លោក ស៊ុំ ពៅ និងបក្ខពួក៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅក្រុងបាវិត ខេត្តស្វាយរៀង ចោទពីបទជួញដូរមនុស្ស បន្ទាប់រកឃើញពួកគេទាំងនោះថាបានប្រើប្រាស់រយន្ត៤គ្រឿងដឹកជនជាតិចិន២៨នាក់ចេញពីតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ប្រឆាំងនឹងបម្រាមរដ្ឋាភិបាល ឆ្ពោះទៅកាន់ខេត្តស្វាយរៀង ជាខេត្តជាប់ព្រំដែនវៀតណាម។
អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូលីវា និយាយថា ចាប់ពីរដ្ឋាភិបាលដាក់ចេញនូវវិធានការរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មក ខេត្តជាប់ព្រំដែនមួយនេះបានរកឃើញពីរករណី។
លោកបញ្ជាក់ថា ករណី១ គឺជនសង្ស័យជាអតីតមន្ត្រីយោធាផ្កាយ២ និងបក្ខពួក ដែលបច្ចុប្បន្នបានបញ្ជូនទៅតុលាការហើយនិង១ករណីទៀត សមត្ថកិច្ចកំពុងកសាងសំណុំរឿងពាក់ព័ន្ធជនបរទេសឆ្លងដែនដោយខុសច្បាប់ចូលមកស្នាក់នៅក្រុងបាវិត។
តែយ៉ាងណា លោកបញ្ជាក់ថា ក្រោយទទួលបានសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក្រុមការងារខេត្តនឹងបន្តជំរុញប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បញ្ហានេះ។
លោកថា៖ «ការងារគឺត្រូវបញ្ជាក់ដោយច្បាប់ ម៉ោងនេះ មិនថាតែខ្ញុំទេ ទាំងអស់ ទាំងគណៈអភិបាលខេត្ត ប៉ូលិស ប៉េអឹម កងរាជអាវុធហត្ថអីទាំងអស់ នរណាធ្វើខុស យើងអនុវត្តច្បាប់ដាច់ខាតតែម្តង»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី និយាយថា ការដាក់ចេញវិធានការរបស់ថ្នាក់ជាតិជារឿងល្អមួយ ប៉ុន្តែថា ភាពជោគជ័យនៅលើមន្ត្រីថ្នាក់ក្រោមដែលអនុវត្តច្បាប់ ដែលត្រូវចោទសួរថា តើពួកគេមានលទ្ធភាពចាប់មេខ្លោងនៅពីក្រោយបទល្មើសឬក៏អត់។
លោកថា៖ «ព្រោះធម្មតាយើងចាប់មេធំបាន បានយើងអាចដោះស្រាយបញ្ហាបានច្រើន បើយើងចាប់បានតែករណីតូចមួយ យើងនឹងមានរឿងកើតឡើងជាបន្តបន្ទាប់ទៀត ដោយសារយើងអត់ចាប់មេខ្លោងធំនៅពីក្រោយបទឧក្រិដ្ឋនេះ»។
តែយ៉ាងណា លោកផ្តល់ជាយោបល់ថា ដើម្បីជំរុញតម្លាភាពសង្គម រួមទាំងសកម្មភាពជួញដូរមនុស្សឆ្លងដែនដែលក្រសួងបានដាក់ចេញ វាលុះណាតែក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការស៊ើបអង្កេតទៅលើការស៊ីសំណូកសូកប៉ាន់ក្នុងបទល្មើសទាំងនេះ និងថាជួនកាលប៉ូលិសចាប់បានជនឧក្រិដ្ឋ តែថា ពួកគេអាចនឹងរួចពីសំណាញ់ច្បាប់បើស្ថាប័នអនុវត្តច្បាប់ផ្សេងទៀតមានការគប់គិតគ្នានោះ៕









