ជនជាតិចិនម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ និងរកឃើញករណីឆ្លងថ្មីចំនួន៧៦១នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន១៦៦នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា ជនជាតិចិនដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះ អាយុ៤១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ANDA ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ជាមួយនឹងលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ក្រោយមានអាការក្អក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។
ក្រសួងបន្តថា ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ ដោយមានវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ និងរលាកសួតទាំងសងខាងដែលមិនអាចជួយសង្គ្រោះបាន បានបណ្តាលឱ្យអ្នកជំងឺរូបនេះស្លាប់បាត់បង់ជីវិតនៅរសៀលថ្ងៃទី២៨ ខែមេសា ដោយសារជំងឺកូវីដ-១៩។
ចំណែកសេចក្តីជូនព័ត៌មានដាច់ដោយឡែកមួយទៀត នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ពីការរកឃើញអ្នកឆ្លងថ្មីចំនួន៧៦១នាក់បន្ថែមទៀត ក្នុងនោះមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៧៦០នាក់ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរដែលធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី និងមានករណីជាសះស្បើយចំនួន១៦៦នាក់។
សេចក្តីជូនព័ត៌មានបន្តទៀតថា អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំង៧៦០នាក់នោះ រួមមាន នៅរាជធានីភ្នំពេញ ៤០៨នាក់, ខេត្តកណ្តាល ១៤៤នាក់, ព្រះសីហនុ ៨៣នាក់, បន្ទាយមានជ័យ ៦៧នាក់, តាកែវ ១៥នាក់, សៀមរាប ១៤នាក់, កំពង់ស្ពឺ ១៣នាក់, កំពង់ចាម ៦នាក់, ត្បូងឃ្មុំ ៥នាក់, ព្រៃវែង ៣នាក់, កំពង់ធំម្នាក់ និងកោះកុងម្នាក់។
គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣ ៤០២នាក់ ក្នុងនោះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន១២ ៨៥០នាក់ និងមានអ្នកស្លាប់ចំនួន៩៣នាក់។ សម្រាប់អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៥ ១៥២នាក់ និង ៨ ១៥០នាក់កំពុងសម្រាកព្យាបាលនៅឡើយ៕