អាជ្ញាធរសម្រេចផ្អាកអាជីវកម្មផ្សារបែកចានជាបណ្តោះអាសន្ន ក្រោយរកឃើញកម្មករជាង១០០នាក់ឆ្លងកូវីដ-១៩

ទីប្រជុំជនមួយកន្លែងក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានដាក់កំហិតកំណត់ជាតំបន់ហាមឃាត់ ក្រោយមានការឆ្លងរាលដាលកូវីដ-១៩ក្នុងចំណោមកម្មករ-កម្មការិនីរោងចក្រនៅតំបន់ភូមិសាស្ត្រនោះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកណ្ដាល)

អាជ្ញាធរខេត្តកណ្តាលបានសម្រេចផ្អាកដំណើរការអាជីវកម្មផ្សារបែកចានជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ វិធានការនេះបានធ្វើឡើងក្រោយពីអាជ្ញាធរបានរកឃើញកម្មករជាង១០០នាក់នៅក្នុងរោងចក្រចំនួន៣០ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបែកចាន ស្រុកអង្គស្នួលនេះ បានឆ្លងជំងឺកូវីដ-១៩។

កម្មករ-កម្មការិនី និងនិយោជិតក្នុងរោងចក្រមួយកន្លែងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល រង់ចាំផ្ដល់សំណាកទាំងយប់នៅក្នុងរោងចក្រផ្ទាល់ យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកណ្តាល)

កម្មករ-កម្មការិនី និងនិយោជិតក្នុងរោងចក្រមួយកន្លែងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល រង់ចាំផ្ដល់សំណាកទាំងយប់នៅក្នុងរោងចក្រផ្ទាល់ យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកណ្តាល)

នៅក្នុងសេចក្តីសម្រេចរបស់អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ កាលពីថ្ងៃទី៣០ ខែមេសា ក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលនៅក្នុងព្រឹត្តិការណ៍ខាងលើនេះ ចូលរួមសហការយកវត្ថុសំណាកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលជាបន្ទាន់។

ក្រៅពីផ្អាកអាជីវកម្មផ្សារបែកចានរយៈពេល២សប្តាហ៍នេះ អាជ្ញាធរខេត្តកណ្តាលក៏បានសម្រេចបិទខ្ទប់ភូមិចំនួន៨ ស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ ដោយបានបែកចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។ ភូមិទាំង៨នោះ រួមមាន ភូមិអណ្តូង ភូមិស្វាយជ្រំ ភូមិពងទឹក និងភូមិត្នោតម្ពើម ជា «តំបន់ក្រហម» ខណៈ ភូមិចក ភូមិព្រៃបឹង និងភូមិគុម្ពោតស្បូវ ជា «តំបន់លឿងទុំ» និងភូមិព្រៃពពេល ក្នុងឃុំពើក ស្រុកអង្គស្នួល ជា «តំបន់លឿង»។ ដូចវិធានការផ្សេងទៀតដែរ តំបន់ក្រហម គឺជាតំបន់ហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ លើកលែងតែសកម្មភាពចាំបាច់មួយចំនួនដូចជា ការធ្វើដំណើរដោយសារបញ្ហាសុខភាពបន្ទាន់ ការធ្វើដំណើរទៅយកវត្ថុសំណាក ឬចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ការធ្វើដំណើរបស់មន្ត្រីរាជការ បុគ្គលិកពេទ្យ និងក្រុមមនុស្សធម៌ ជាដើម។

ការបិទខ្ទប់ភូមិសាស្រ្តភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិគម្ពោធស្បូវ ឃុំបែកចាន និងភូមិព្រៃពពាល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកណ្ដាល)

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានប្រាប់ វីអូឌី កាលពីព្រឹកថ្ងៃសុក្រម្សិលមិញថា វិធានការនេះបានធ្វើឡើង ក្រោយពីអាជ្ញាធរបានចុះទៅយកសំណាករបស់កម្មករនៅក្នុងរោងចក្រចំនួន៣០ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល ដោយបានរកឃើញកម្មករជាង១០០នាក់ មានផ្ទុកជំងឺកូវីដ-១៩។ ភ្លាមៗនេះ អាជ្ញាធរពាក់ព័ន្ធក៏បានសម្រេចផ្អាកដំណើរការរោងចក្រចំនួន៣០ជាបណ្តោះអាសន្ន ខណៈកម្មករជាង៣០០០នាក់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កក្រោយពីការយកវត្ថុសំណាកទៅធ្វើតេស្ត។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ៊ីចឹងបញ្ហាប្រឈមខ្ពស់ណាស់ក្នុងការដែលយើងធ្វើតេស្តនេះ ជាង១០០នាក់គឺធំណាស់ ដែលយើងមិនអាចទុកឱ្យមានការរីករាលដាលបន្ថែមទៀតទេ។ ដូច្នេះត្រូវប្រយ័ត្នបំផុតដោយធ្វើការរួសរាន់បំផុត ដើម្បីជួយដល់កម្មករនិងប្រជាជនកុំឱ្យរីករាលដាលខ្លាំងទៅក្នុងសហគមន៍និងទីផ្សារថែមទៀត»។

គួរជម្រាបជូនថា ភូមិសាស្ត្រស្រុកអង្គស្នួលនេះគឺជាស្រុកដំបូងគេក្នុងចំណោម៣ស្រុក គឺស្រុកមុខកំពូល​ និងស្រុកខ្សាច់កណ្តាល ដែលត្រូវបានដាក់ជា «តំបន់ក្រហម» ក្រោយពីការផ្ទុះការឆ្លងជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ខណៈក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវបានដាក់ជា «តំបន់លឿងទុំ» និង «តំបន់លឿង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ