កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីជិត៤០០នាក់ ខណៈអ្នកស្លាប់កើនឡើងជិត១០០នាក់

ផ្សារចាស់ ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងកូវីដ-១៩ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១ ខែឧសភានេះថា មានអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៣៨៨នាក់ និង៣នាក់បានស្លាប់បាត់បង់ជីវិត។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង៣៨៨នាក់នេះ គឺ៣៨៧នាក់ ឆ្លងនៅក្នុង​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មាននៅក្នុងរាជធានីភ្នំពេញ ចំនួន៣៣១នាក់ ខេត្តបន្ទាយមានជ័យ ៣៥នាក់ ខេត្តព្រៃវែង ៨នាក់ កណ្ដាល ៤នាក់ កំពង់ស្ពឺ ៣នាក់ កំពង់ចាម ២នាក់ តាកែវ ​២នាក់ ស្វាយរៀងម្នាក់ និងខេត្តសៀមរាបម្នាក់។

បើតាមសេចក្ដីប្រកាសក្រសួងនៅថ្ងៃនេះ ក៏មានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ចំនួន​៤៨នាក់ជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត។

ក្រៅពីនេះ ក្រសួងក៏ប្រកាសពីករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជាបានកើនឡើងដល់៩៦នាក់។

ក្រសួងបញ្ជាក់ថា អ្នកជំងឺទាំង៣នាក់ដែលស្លាប់នោះ ជាអ្នករស់នៅរាជធានីភ្នំពេញ ដែលមានអាយុចន្លោះពី៦១ ដល់៧៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៣០ ខែមេសា ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដែលបណ្ដាលមកពីវីរុសកូវីដ-១៩ ខណៈអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ។

គិតត្រឹមថ្ងៃទី១ ខែឧសភានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប១៣ ៧៩០នាក់  ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន៥ ២០០នាក់ ស្លាប់៩៦នាក់ ហើយអ្នកកំពុងសម្រាកព្យាបាលចំនួន៨ ៤៨៧នាក់ ខណៈ ​១ ៦៤៨នាក់ទៀតកំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ