អភិបាលខេត្តពោធិ៍សាត់បើកផ្លូវឱ្យកម្មករពីខេត្តកំពង់ឆ្នាំងឆ្លងទៅខេត្តពោធិ៍សាត់ឡើងវិញ ក្រោយការរាំងខ្ទប់ជិត៤ម៉ោង

កម្មករ-កម្មការិនីមកពីខេត្តកំពង់ឆ្នាំងដែលត្រូវទៅបំពេញការងារនៅខេត្តពោធិ៍សាត់ ឈរធ្វើការតវ៉ាទាមទារអនុញ្ញាតឱ្យពួកគេធ្វើដំណើរឆ្លងខេត្តដើម្បីទៅធ្វើការដដែល ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

អាជ្ញាធរខេត្តពោធិ៍សាត់ នៅថ្ងៃសៅរ៍នេះ បានរាំងខ្ទប់ជាបណ្តោះអាសន្ននៅត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ មិនឱ្យកម្មករ-កម្មការិនីពីខេត្តកំពង់ឆ្នាំងជិត១ពាន់នាក់ធ្វើដំណើរឆ្លងខេត្តទៅបំពេញការងារនៅក្នុងរោងចក្រ ដែលស្ថិតក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់ឡើយ ដោយអះអាងថា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ក៏ប៉ុន្តែ ក្រោមការសម្របសម្រួលផ្ទាល់ពីអភិបាលខេត្តពោធិ៍សាត់ដោយប្រើរយៈពេលជិត៤ម៉ោង បានសម្រេចបើកផ្លូវឱ្យកម្មករធ្វើដំណើរឆ្លងកាត់ខេត្តជាធម្មតាឡើងវិញ។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ បានចេញលិខិតមួយជូនដំណឹងដល់កម្មករ-កម្មការិនីនៅខេត្តកំពង់ឆ្នាំងទាំងអស់ដែលជិះរថយន្តពីផ្ទះទៅបំពេញការងារនៅរោងចក្រ តៃអ៊ីហ្ស៊ី ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវមកស្នាក់នៅតាមបន្ទប់ជួលដែលរៀបចំដោយភាគីរោងចក្រឬផ្ទះបងប្អូនក្បែររោងចក្រជាបណ្តោះអាសន្ន ក្នុងគោលបំណង​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែកម្មករ-កម្មការិនីភាគច្រើនមិនយល់ព្រមនោះទេ។

កម្មការិនីម្នាក់នៅស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង អ្នកស្រី ផល ចាន់រ៉ុង ដែលជិះរថយន្តឈ្នួលពីផ្ទះទៅបំពេញការងារនៅក្នុងរោងចក្រ តៃអ៊ីហ្ស៊ី បានប្រាប់ វីអូឌី នៅត្រង់ទីកន្លែងរាំងខ្ទប់នៅថ្ងៃសៅរ៍នេះថា ករណីអាជ្ញាធរខេត្តពោធិ៍សាត់តម្រូវឱ្យកម្មករ-កម្មការិនីនៅខេត្តកំពង់ឆ្នាំង ទៅស្នាក់នៅបន្ទប់ជួលក្នុងរោងចក្រនេះ បានធ្វើឱ្យកម្មករភាគច្រើនមិនសប្បាយចិត្ត និងមិនអនុវត្តតាមឡើយ។ វិធានការនេះបានធ្វើឱ្យកម្មករមួយចំនួនបានសម្រេចចិត្តដាក់ពាក្យលាឈប់ពីការងារតែម្តង។

កម្មការិនីរូបនេះបន្តថា ក្រុមកម្មករមិនប្រឆាំងជាមួយវិធានការរបស់អាជ្ញាធរក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នោះទេ ប៉ុន្តែពួកគេបារម្ភខ្លាចមានការបិទខ្ទប់យូរខែដូចករណីនៅទីក្រុងភ្នំពេញ ខណៈកម្មការិនីមួយចំនួនមានកូនតូចនិងឪពុកម្តាយចាស់ជរានៅផ្ទះ គ្មានអ្នកមើលថែពេលយប់ព្រលប់ ជាដើម។

អ្នកស្រីបន្ថែមថា៖ «ពួកយើងមិនជំទាស់ជាមួយវិធានការរបស់អាជ្ញាធរទេ ប៉ុន្តែបើឱ្យពួកយើងទៅដេកនៅរោងចក្រ គឺយើងសុំឈប់ហើយ ព្រោះអីអត់អ្នកមើលកូនតូចនៅផ្ទះ ណាមួយឪពុកម្តាយក៏ចាស់ជរាទៀត ពេលពួកគាត់ឈឺយប់ព្រលប់មានអ្នកណាមើល? ​ អញ្ចឹងហើយបានស្នើសុំជិះឡានវិញ ហើយបើមិនព្រមទេ បើកតែប្រាក់ដែលនៅជំពាក់ពួកយើងមួយខែហ្នឹងឱ្យមក ហើយយើងឈប់ពីការងារក៏បាន»

កម្មការិនីម្នាក់ទៀតនៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលសុំមិនបញ្ចេញឈ្នោះដោយហេតុផលបារម្ភពីសុវត្ថិភាពការងារ បានឱ្យដឹងថា ក្រោយពីអាជ្ញាធរខេត្តពោធិ៍សាត់តម្រូវឱ្យស្នាក់នៅរោងចក្រ គឺកាលពីម្សិលមិញនេះ កម្មករជាច្រើនបានដាក់ពាក្យលាឈប់ពីការងារ និងទាមទារឱ្យភាគីក្រុមហ៊ុនបើកប្រាក់ឈ្នួលដែលនៅជំពាក់ជូនពួកគេ ប៉ុន្តែភាគីរោងចក្រមិនបានបើកប្រាក់ឈ្នួល និងមិនព្រមឱ្យកម្មករលាឈប់ពីការងារនោះទេ។

កម្មការិនីរូបនេះបន្តថា ភាគីរោងចក្រសម្រេចឱ្យកម្មករជិះរថយន្តមកស្នាក់នៅផ្ទះធម្មតាវិញ ប៉ុន្តែត្រូវបានហាមឃាត់ដោយអាជ្ញាធរខេត្តពោធិ៍សាត់ ខណៈពួកគេជិះមកបំពេញការងារនៅថ្ងៃនេះ។ អ្នកស្រីបន្ថែមថា ប្រសិនបើមានគោលបំណងចង់ទប់ស្កាត់ការរាលដាល់ជំងឺកូវីដ-១៩ ពិតប្រាកដមែន អាជ្ញាធរខេត្តពោធិ៍សាត់ត្រូវជំរុញទៅភាគីរោងចក្រឱ្យព្យួរការងារកម្មករបណ្តោះអាសន្នសិន។

អ្នកស្រីបន្ថែមថា៖ «បើថា ស្ថានការណ៍កូវីដហ្នឹងខ្លាំង ចុះអាជ្ញាធរមិនប្រាប់ទៅខាងរោងចក្រឱ្យព្យួរការងារកម្មករ២ទៅ៣ខែសិនទៅ។​ ពេលស្ថានការណ៍ធូរស្បើយ ចាំឱ្យកម្មករចូលធ្វើការងារវិញទៅ។ ចុះនេះឱ្យគ្នាដេកនៅរោងចក្រ ចុះបើផ្ទុះនៅក្នុងរោងចក្រហ្នឹង មានការបិទខ្ទប់ ចុះកូនចៅនិងឪពុកម្តាយខ្ញុំដែលចាស់ជរានៅផ្ទះ បានអ្នកណាមើល»

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ដែលបានចុះមកសម្របសម្រួលដោះស្រាយដល់កន្លែងរាំងខ្ទប់ផ្ទាល់ បានលើកឡើងថា ការដែលអាជ្ញាធរខេត្តពោធិ៍សាត់សម្រេចឱ្យកម្មករនៅខេត្តកំពង់ឆ្នាំងស្នាក់នៅបន្ទប់ដែលរៀបចំដោយរោងចក្រនេះ គឺដើម្បីការពារផលប្រយោជន៍កម្មករនិងការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលនៅឃុំឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានអ្នកកើតជំងឺកូវីដ-១៩ រួចទៅហើយនោះ។ ក្នុងការចុះសម្របសម្រួលដោះស្រាយនេះ លោក ម៉ៅ ធនិន បានដាក់លក្ខខណ្ឌពីរដោយតម្រូវឱ្យកម្មការិនីដែលមានកូនតូចនៅផ្ទះ អាចជិះរថយន្តទៅមកធ្វើការបាន ប៉ុន្តែកម្មករ-កម្មការិនីដែលនៅលីវ តម្រូវឱ្យមកស្នាក់នៅក្នុងបន្ទប់ជួលក្នុងរោងចក្រ។ ប៉ុន្តែយ៉ាងណា កម្មករទាំងនោះនៅតែមិនព្រម ដោយពួកគេនៅតែទាមទារជិះរថយន្តឆ្លងខេត្តទៅបំពេញការងារដូចដើមដដែល។

ក្រោយពីសម្របសម្រួលដោះស្រាយដោយប្រើរយៈពេលជិត៤ម៉ោង នៅទីបំផុត អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានសម្រេចធ្វើតាមការទាមទាររបស់ក្រុមកម្មករ ដោយអនុញ្ញាតឱ្យពួកគេអាចជិះរថយន្តទៅធ្វើការដូចធម្មតាវិញ និងបានឱ្យពួកគេឈប់សម្រាកនៅថ្ងៃនេះមួយថ្ងៃ ដោយពុំមានការកាត់ប្រាក់ឈ្នួលទៀតផង។ ក៏ប៉ុន្តែលោកអភិបាលខេត្តបានតម្រូវឱ្យកម្មករនៅខាងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវមកបញ្ជាក់ឈ្មោះនៅសាលាឃុំរៀងៗខ្លួន ក្រោមហេតុផលថា ដើម្បីងាយស្រួលគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩។

លោកបន្ថែមថា៖ «អ្វីដែលពូធ្វើនេះ គឺដើម្បីការពារផលប្រយោជន៍ក្មួយៗនិងសង្គមជាតិយើង។ ជំងឺកូវីដ-១៩នេះ យើងមើលមិនឃើញ មិនដឹងថាអ្នកណាផ្ទុក អ្នកណាកើតនោះទេ។ អញ្ចឹងហើយដើម្បីអនាគតទាំងអស់គ្នា អនាគតខ្លួនឯង អនាគតគ្រួសារ អនាគតសង្គម ក្មួយចាំបាច់ត្រូវធ្វើតាមការណែនាំរបស់ថ្នាក់ដឹកនាំ»

វីអូឌី មិនអាចសុំការបញ្ជាក់ពីភាគីរោងចក្របានទេនៅថ្ងៃសៅរ៍នេះ ប៉ុន្តែបើតាមអភិបាលរងខេត្តពោធិ៍សាត់ លោក អ៊ឹង គឹមលាង មូលហេតុដែលអាជ្ញាធរនិងភាគីរោងចក្រមិនចង់ឱ្យកម្មករលាឈប់ពីការងារក្នុងចំនួនច្រើននេះ ដោយសារខាងក្រុមហ៊ុនកំពុងខ្វះកម្លាំងពលកម្មដើម្បីបំពេញការងារ។

អ្នកបើកបររថយន្តដឹកកម្មករឆ្លងពីខេត្តកំពង់ឆ្នាំងទៅបម្រើការងារនៅខេត្តពោធិ៍សាត់ម្នាក់ លោក សំ ថារិទ្ធ ប្រាប់ វីអូឌីកាលពីម្សិលមិញថា កម្មករដែលធ្វើដំណើរ​​ចល័ត​ពីខេត្តកំពង់ឆ្នាំងទៅធ្វើការងារនៅរោងចក្រក្នុង​ខេត្តពោធិ៍សាត់ប្រហែលជិត១ពាន់នាក់។

លោក សំ ថារិទ្ធ បន្ថែមថា៖ «រថយន្តដែលដឹកកម្មករត្រឹមព្រំប្រទ​ល់ខេត្តកំពង់ឆ្នាំងនិងពោធិ៍សាត់មាន១៥ឡាន ដោយ​ក្នុងមួយឡានប្រហែល៦៥នាក់។ អ៊ីចឹងខ្ញុំមិនយល់ពីលិខិតជូនដំណឹងរបស់មន្ទីរការងារខេត្តពោធិ៍សាត់នេះដែរ»

ប្រធាន​សហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការដែលអាជ្ញាធរនិងភាគីរោងចក្រតម្រូវឱ្យកម្មករប្រមូលផ្តុំគ្នានៅមួយកន្លែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ-១៩នោះ វាជារឿងត្រឹមត្រូវ ប៉ុន្តែសម្រាប់​ការដាក់លក្ខខណ្ឌ​តម្រូវឱ្យកម្មក​រ​ត្រូវតែស្នាក់នៅរោងចក្រដាច់ខាត និងបញ្ឈប់ពួកគេ​ពីការងារក្នុងករណីពួកគាត់មិនអនុវត្តតាមនោះ លោកថា គឺជារឿងខុសច្បាប់។

លោកបន្ថែមថា៖ «ការដាក់លក្ខខណ្ឌឱ្យគ្នាត្រូវតែទៅ ហើយបើមិនទៅ បញ្ឈប់! អាហ្នឹងអត់ត្រឹមត្រូវទេ! សារហ្នឹងគឺខុសច្បាប់ ​ពីព្រោះកាលណាបើប្រឈមបែបហ្នឹង កម្មករអាចទៅឬមិនទៅ គាត់អាចព្យួរការងារអំឡុងពេលហ្នឹង ហើយពេលចប់បញ្ហាជំងឺ​ហ្នឹង គាត់អាចទៅធ្វើការវិញបាន។ អ្វីដែលមន្ទីរការងារត្រូវសម្របសម្រួលពេលនេះ គឺត្រូវបើកប្រាក់ឈ្នួលឱ្យកម្មករ។ មួយទៀត អ្នកដែលគាត់អាចទៅស្នាក់នៅរោងចក្របាន ឱ្យគាត់ទៅ! អ្នកដែល​មិនអាចទៅបាន ឱ្យគាត់ព្យួរការងារអំឡុងពេលហ្នឹង»

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង មានចំនួន១៦នាក់ និងនៅខេត្តពោធិ៍សាត់ មានចំនួន១៣នាក់។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លោក ហេង សួរ បានឱ្យដឹងថា កម្មករនិយោជិត១ ៦៦៣នាក់ បម្រើការងារនៅរោងចក្រជាង២០០ (២០៦) នៅតាមបណ្តារាជធានី-ខេត្ត បានឆ្លងជំងឺកូវីដ-១៩។

លោក ហេង សួរ បញ្ជាក់ថា ក្នុងចំណោមរោងចក្រទាំង២០៦ ដែលមានកម្មករនិយោជិតឆ្លង​ជំងឺកូវីដ-១៩ នោះ គឺ១៣៤រោងចក្រនៅរាជធានីភ្នំពេញ និង ២៣​រោងចក្រនៅខេត្តកណ្ដាល។ ចំណែក ២៦រោងចក្រនៅខេត្តតាកែវ និង ១៦រោងចក្រនៅខេត្តព្រះសីហនុ ៤​រោងចក្រនៅ​ខេត្តស្វាយរៀង ១រោងចក្រ​នៅកំពង់ឆ្នាំង និង១​រោងចក្រទៀតនៅខេត្តកំពង់ចាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ