ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកស្លាប់ដោយវីរុសកូវីដ-១៩ មានចំនួន៦នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់១០៣នាក់ ខណៈកម្ពុជាក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជាង៧០០នាក់បន្ថែមទៀតផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកស្លាប់ដោយវីរុសកូវីដ-១៩ ទាំង៦នាក់នោះ មានស្ត្រីចំនួន២នាក់ និងបុរសចំនួន៤នាក់ ដែលមានអាយុចន្លោះពី៤៥ឆ្នាំ ដល់៧៦ឆ្នាំ។
ក្រសួងបន្ថែមថា ពួកគាត់ស្លាប់ដោយបញ្ហាផ្លូវដង្ហើមនិងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបង្កឡើងដោយវីរុសកូវីដ-១៩ ហើយអ្នកស្លាប់៣នាក់ក្នុងចំណោម៦នាក់នោះ គឺមានប្រវត្តិជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមឬជំងឺលើសឈាមប្រចាំកាយផងដែរ។
ក្រៅពីរកឃើញអ្នកស្លាប់ថ្មី ក្រសួងក៏បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៧៣០នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន១៦៩នាក់បានជាសះស្បើយនិងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ថែមទៀត។
អ្នកឆ្លងកូវីដ-១៩ ថ្មីទាំងនោះគឺមានតែ២នាក់ប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស ក្រៅពីនេះសុទ្ធតែជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៧៣០នាក់ រួមមាន នៅរាជធានីភ្នំពេញ ៤៥៤នាក់, ព្រះសីហនុ ១២៤នាក់, កណ្តាល ១០៧នាក់, កំពង់ធំ ១៤នាក់, តាកែវ ១១នាក់, ព្រៃវែង ៦នាក់, ត្បូងឃ្មុំ ៥នាក់, កំពង់ចាម ៤នាក់ និងខេត្តសៀមរាប ២នាក់។ ដោយឡែក ខេត្តដែលរកឃើញអ្នកឆ្លងកូវីដ-១៩ ម្នាក់ៗ ដូចជា ខេត្តកំពត ស្ទឹងត្រែង និងខេត្តពោធិ៍សាត់។
គិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន១៤ ៥២០នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន១០៣នាក់។ ដោយឡែក អ្នកជាសះស្បើយចំនួន៥ ៣៦៩នាក់ ហើយអ្នកជំងឺចំនួន៩ ០៤០នាក់កំពុងសម្រាកព្យាបាលនៅឡើយ៕