អាជ្ញាធរស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ម្នាក់ រស់នៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ ប៉ុន្តែមានភរិយារស់នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ មុនពេលស្លាប់ធ្លាប់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ឬ ពេទ្យលោកសង្ឃ និងមន្ទីរពេទ្យបង្អែកជើងព្រៃ មុននឹងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
លិខិតរបស់រដ្ឋបាលស្រុកជើងព្រៃ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បុរសវ័យ២៤ឆ្នាំម្នាក់ឈ្មោះ រស់ មាស ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីរសៀលថ្ងៃម្សិលមិញ ពោលគឺជាង២ម៉ោងប៉ុណ្ណោះមុនពេលលោកស្លាប់។
អាជ្ញាធរបញ្ជាក់ថា បុរសរូបនេះធ្លាប់បានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យលោកសង្ឃ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមេសា ហើយក៏បញ្ជូនទៅសម្រាកនៅគេហដ្ឋានខាងភរិយាវិញ។ លុះដល់ម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមេសា អ្នកជំងឺត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ប៉ុន្តែនៅម៉ោងជាង១រសៀលថ្ងៃដដែល លោក រស់ មាស ក៏ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ប្រភពដដែលបញ្ជាក់ថា រហូតដល់ថ្ងៃទី១ ខែឧសភា អាការអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ហើយគ្រួសារបានស្នើសុំគ្រូពេទ្យដើម្បីចេញមកគេហដ្ឋានវិញ ប៉ុន្តែដោយគ្រូពេទ្យមិនអស់ចិត្ត ក៏យកសំណាកទៅធ្វើតេស្តរកកូវីដ-១៩ ហើយជាលទ្ធផលបង្ហាញថា លោកមានវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះ។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាង២ម៉ោងក្រោយមក លោក រស់ មាស ក៏ទទួលមរណភាពតែម្តង។
រដ្ឋបាលស្រុកជើងព្រៃដដែលបញ្ជាក់ថា ករណីនេះ មានអ្នកប៉ះពាល់ផ្ទាល់និងប្រយោលចំនួន៥នាក់ដែលជាសាច់ញាតិរបស់អ្នកជំងឺតែម្តង ហើយពួកគេទាំងនោះអាជ្ញាធរបានយកទៅធ្វើចត្តាឡីស័កនៅទីរួមខេត្ត និងយកសំណាកទៅពិនិត្យផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅស្រុកជើងព្រៃ ពិសេសក្នុងមូលដ្ឋានភូមិបាខម ត្រូវបង្កើនការប្រុងប្រយ័ត្ន និងតាមដានសុខភាពជាប្រចាំ ហើយក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
នៅថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧៣០នាក់ និងស្លាប់ចំនួន៦នាក់បន្ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មី មាននៅខេត្តកំពង់ចាមចំនួន៤នាក់ ប៉ុន្តែករណីស្លាប់លោក រស់ មាស ក្រសួងមិនទាន់រាប់បញ្ចូលក្នុងករណីស្លាប់ទាំង៦នាក់នេះនៅឡើយទេ។
ដោយឡែក ក្រសួងថា អ្នកជាសះស្បើយថ្មីមានចំនួន១៦៩នាក់ ក្នុងនោះខេត្តកំពង់ចាមក៏មានករណីជាសះស្បើយថ្មីចំនួន៩នាក់ដែរ។
គិតត្រឹមព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន១៤ ៥២០នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន១០៣នាក់។ ដោយឡែក អ្នកជាសះស្បើយចំនួន៥ ៣៦៩នាក់ ហើយអ្នកជំងឺចំនួន៩ ០៤០នាក់កំពុងសម្រាកព្យាបាល។
សម្រាប់នៅខេត្តកំពង់ចាមវិញ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបមានចំនួន៩៤នាក់ ព្យាបាលជាសះស្បើយមានចំនួន៣៣នាក់ ស្លាប់ម្នាក់ និង ៦០នាក់ទៀតកំពុងសម្រាកព្យាបាលនៅឡើយ៕